កាសែតនាំមុខមួយរបស់សហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាជំហររបស់ខ្លួនលើការផ្តល់អាវុធនិងឧបករណ៍សម្រាប់ការពារប្រទេសដល់រដ្ឋាភិបាលទីក្រុងគាវ (Kyiv)។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខណៈពេលដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនបានធ្វើសេចក្តីសម្រេចអំពីការផ្គត់ផ្គង់ជំនួយអាវុធទៅកងកម្លាំងសន្តិសុខអ៊ុយក្រែន រដ្ឋបាលរបស់លោកកំពុងពិនិត្យមើលពីបញ្ហានៃជំនួយខាងយោធានេះ។
កាសែតនោះបានរាយការណ៍ទៀតថា មន្រ្តីដែលមិនប្រាប់អត្តសញ្ញាណនិយាយថា លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry លោកឧត្តមសេនីយ៍ Martin Dempseyនាយកអគ្គសេនាធិការកងទ័ពសហរដ្ឋអាមេរិក និងលោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីអូបាម៉ា បានបើកចំហការពិភាក្សាថ្មីអំពីការផ្តល់ជំនួយអាវុធដល់កងទ័ពប្រទេសអ៊ុយក្រែន។
កាសែត The New York Times បានប្រាប់ឲ្យដឹងថា លោករដ្ឋមន្រ្តីការពារប្រទេស Chuck Hagel បានផ្តល់ការគាំទ្ររួចទៅដោយផ្តល់អាវុធការពារដល់កងទ័ពរដ្ឋាភិបាលដែលប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែនបានស្នើសុំកាលពីខែវិច្ឆិកា។
កាសែតនោះបានប្រាប់ឲ្យដឹងថា ឧត្តមសេនីយ៍ Philip Breedlove មេបញ្ជាការយោធារបស់អង្គការអូតង់ ក៏បានគាំទ្រពីការផ្តល់ជំនួយខាងយោធាដល់ប្រទេសអ៊ុយក្រែនផងដែរ។
កាសែត The New York Times បានប្រាប់ឲ្យដឹងទៀតថា សេចក្តីរាយការណ៍ឯករាជ្យមួយត្រូវបានចេញផ្សាយនៅថ្ងៃច័ន្ទនេះដោយអតីតមន្រ្តីជាន់ខ្ពស់អាមេរិក៨នាក់ ដែលជំរុញឲ្យសហរដ្ឋអាមេរិកបញ្ជូនអាវុធនិងឧបករណ៍កាពារប្រទេសដែលតម្លៃទឹកប្រាក់៣ពាន់លានដុល្លាទៅឲ្យប្រទេសអ៊ុយក្រែន កំពុងធ្វើឲ្យមានការជជែកដ៏ក្តៅគគុកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
កាលពីខែធ្នូ លោកអូបាម៉ាបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយដែលអនុញ្ញាតិឲ្យផ្តល់ជំនួយខាងអាវុធនិងឧបករណ៍យោធាដែលមានទឹកប្រាក់ចំនួន៣៥០លានដុល្លារដល់រដ្ឋាភិបាលទីក្រុងគាវ៕