ការ​ស្ទង់​មតិ​៖​ លោក​ស្រី​ Clinon ​នាំ​មុខ​លោក​ Trump ក្រោយ​​ពេល​សន្និបាត​​បក្ស​ប្រជាធិបតេយ្យ​

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​ទាំងពីរ​រូប គឺ​លោក​ស្រី​​ Clinton នៃគណបក្ស​ប្រជាធិបតេយ្យ និង​លោក Trump នៃគណបក្ស​សាធារណ​រដ្ឋ។

ការ​ស្ទង់​មតិ​ខាង​នយោបាយ​នៅ​ក្នុង​ស.រ.អា.​បង្ហាញ​ថា​ លោកស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​គាំទ្រ​នាំ​មុខ​ឡើង​វិញ​លើស​លោក ​Donald Trump​ បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​សាធារណរដ្ឋនៅ​ក្រោយ​មហា​សន្និបាត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​សប្តាហ៍​មុន​ ដែល​នៅ​ទីនោះ​លោក​ស្រី​ និង​វាគ្មិន​ឯទៀតៗ​បាន​វាយ​ប្រហារ​ការ​តែង​តាំង​លោក​ Trump ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​អាមេរិកាំង។​

លោក ​Trump ​ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​ស្វះ​ស្វែង​ជា​លើក​ដំបូង​ឱ្យ​បាន​ជាប់​ឆ្នោត​កាន់​តំណែង​ក្នុង​កិច្ច​ការ​សាធារណៈ​ ក៏​មាន​កំណើន​ការ​គាំទ្រ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ប្រឆាំង​នឹង​លោកស្រី​ Clinton​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ. ​នៅ​ក្រោយ​មហា​សន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ពីរ​សប្តាហ៍មុន​នេះ​ ដែល​ពេល​នោះ​មាន​ការ​និយាយ​ឡកឡឺយ​យ៉ាង​ច្រើនទៅ​លើលោក​ស្រី​ Clinton។​

ក៏ប៉ុន្តែ​នៅ​ពេល​នេះ​ មហា​សន្និបាត​ទាំង​២ដែល​ធ្វើ​បួន​ឆ្នាំម្តង​បាន​ចប់​ទៅ​ទៅ​ហើយ​នោះ ​កម្មវិធី​ទូរទស្សន៍​អាមេរិកាំង​ CBS News ​បានផ្សាយ​ថា​លោក​ស្រី​ Clinton​ នាំ​មុខ​លោក ​Trump ​៤៦​ភាគ​រយ​ទល់​នឹង​៣៩​ភាគរយ​ ដែល​ស្រដៀង​គ្នា​នឹង​ការនាំ​មុខ​របស់​លោក​ស្រី​ចំនួន​៤៣​ភាគរយ​ទល់​នឹង​៣៧​ភាគរយ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ដែរ។ ការ​ស្ទង់មតិ​របស់​បណ្តាញ​ទូរទស្សន៍​នេះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក ​Trump ​បាន​ទទួល​ការ​តែង​តាំង​ពី​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ជាង​មួយ​អាទិត្យ​មុន​នេះ​ បង្ហាញ​ថា​បេក្ខជន​ទាំង​ពីរ​នេះ​មានការ​គាំទ្រ​ស្មើ​គ្នា​ចំនួន​៤២​ភាគរយ។​

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ទៀត​នៅ​ក្រោយ​ការ​ប្រជុំ​មហា​សន្និបាត​នៃ​គណបក្ស​ទាំង​ពីរ​នេះ​ អង្គការ​ Public Policy Polling ​ដែល​ធ្វើ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​លោកស្រី​ Clinton ​នាំមុខ​លោក ​Trump ៤៦​ភាគរយ​ទល់​នឹង​៤១​ភាគរយ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ដែល​មាន​រួម​បញ្ចូល​បេក្ខជន​អនុ​ប្រធានាធិបតី​ពីរ​នាក់​ទៀត​គឺ​លោក Gary Johnson​ នៃ​ពួក​សេរីនិយម​ មានការ​គាំទ្រ​៦​ភាគ​រយ​ ហើយ​អ្នកស្រី​ Jill Stein ​នៃ​គណបក្ស​បៃតង​មាន​ការ​គាំទ្រ​២​ភាគរយ៕