តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃចន្ទថា អ្នកបោះឆ្នោតក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក ត្រូវផ្ញើសន្លឹកឆ្នោត ដែលពួកគេបានបោះរួច តាមប្រៃសណីយ៍បានឲ្យដល់ដៃមន្ត្រីបោះឆ្នោត យ៉ាងយូរត្រឹមម៉ោងបិទនៃថ្ងៃបោះឆ្នោតជាផ្លូវការ គឺថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីឲ្យសន្លឹកឆ្នោតទាំងនោះ ត្រូវបានគេរាប់ថា មានសុពលភាព។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះ ត្រូវបានធ្វើឡើងក្នុងសំឡេង៥ ទល់នឹង៣ ដោយស្របទៅតាមការទាមទាររបស់គណបក្សសាធារណរដ្ឋ ដែលប្រឆាំងនឹងការសម្រេចចិត្តរបស់ចៅក្រមតុលាការជាន់ទាប ក្នុងការពន្យារពេលកាលបរិច្ឆេទនៃការទទួលសន្លឹកឆ្នោតបោះផ្ញើតាមប្រៃសណីយ៍ ដរាបណាសន្លឹកឆ្នោតនោះ មានបិទតែមចុះថ្ងៃទី៣វិច្ឆិកា តែមកដល់ដៃមន្ត្រីបោះឆ្នោត ត្រឹមថ្ងៃទី៩ វិច្ឆិកានោះ។
កាលបរិច្ឆេទទទួលសន្លឹកឆ្នោត មានភាពខុសគ្នាទៅតាមរដ្ឋនិមួយៗរបស់សហរដ្ឋអាមេរិក ហើយខណៈការតវ៉ាតាមផ្លូវច្បាប់ជាច្រើន បានកើតមានឡើងក្នុងសប្ដាហ៍ថ្មីៗនេះ តុលាការជាទូទៅបានគាំទ្រនូវគោលការណ៍ច្បាប់ដែលអនុម័តដោយសភារបស់រដ្ឋនិមួយៗ ឬមន្ត្រីបោះឆ្នោតក្នុងរដ្ឋទាំងនោះ។
គណបក្សសាធារណរដ្ឋនៅក្នុងរឿងក្តីតុលាការជាច្រើន បានតវ៉ាថា អ្នកបោះឆ្នោត មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ ដែលសន្លឹកឆ្នោតទាំងនោះ អាចត្រូវទទួលបានត្រឹមថ្ងៃទី៣ ខែវិច្ឆិកា។
ប៉ុន្តែ ក្រុមគណបក្សប្រជាធិបតេយ្យវិញលើកឡើងថា ការពន្យារពេលនៃកាលបរិច្ឆេទក្នុងការទទួលសន្លឹកឆ្នោត ដែលបោះដោយផ្ញើតាមប្រៃសណីយ៍នោះ មានលក្ខណៈចាំបាច់ ដោយសារចំនួនអ្នកបោះឆ្នោតតាមមធ្យោបាយនេះ មានចំនួនច្រើនមិនធ្លាប់មាន ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ហើយពួកគេបារម្ភពីការប្រជ្រៀតគ្នានៅថ្ងៃបោះឆ្នោតផ្លូវការ៕