តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចកាលពីថ្ងៃចន្ទថា អតីតប្រធានាធិបតីលោក Donald Trump មានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោសចំពោះសកម្មភាពផ្លូវការដែលលោកបានធ្វើ ខណៈដែលលោកបានកាន់តំណែងដែលលោកបានចាញ់ការបោះឆ្នោតក្នុងឆ្នាំ ២០២០ ក៏ប៉ុន្តែ មិនមានអភ័យឯកសិទ្ធិចំពោះសកម្មភាពក្រៅផ្លូវការទេ។ តុលាការកំពូលសហរដ្ឋអាមេរិកបានទុករឿងក្តីនេះឱ្យតុលាការជាន់ទាបធ្វើការសម្រេចថា សំណុំរឿងណាខ្លះដែលលោក Trump អាចត្រូវកាត់ទោស។
ដោយការសម្រេច ៦ សំឡេងទល់នឹង ៣ សំឡេង នៅថ្ងៃចុងក្រោយនៃអាណត្តិបច្ចុប្បន្នរបស់តុលាការ ក៏ប៉ុន្តែបានធានាថាលោក Trump នឹងមិនត្រូវកាត់ទោសនៅក្នុងរឿងក្តីនេះ មុនការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាដែលក្នុងនោះលោកត្រូវបានសន្មត់ថាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដែលមានគម្រោងតទល់នឹងលោកប្រធានាធិបតី Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដែលបានផ្តួលលោកក្នុងឆ្នាំ ២០២០។
លោក Trump បានបដិសេធថា លោកមិនបានធ្វើអ្វីខុសជាប់ទាក់ទិននឹងលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ទេ ក៏ប៉ុន្តែ បានអះអាងមិនពិតជាយូរយាមកហើយថាការ បោះឆ្នោតនិងការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូ វដែលបានធ្វើឱ្យលោកបាត់បង់តំណែងមួយអាណត្តិទៀតដែលមានរយៈពេល ៤ ឆ្នាំដើម្បីកាន់កាប់សេតវិមាន។
ប្រសិនបើលោកចាញ់ការបោះឆ្នោតនៅខែវិច្ឆិកា លោកអាចប្រឈមការកាត់ទោសនៅក្នុងរឿងក្តីដែលជាប់ទាក់ទិននឹងការបោះឆ្នោតឆ្នាំ ២០២០ ក៏ប៉ុន្តែ ប្រសិនបើលោកឈ្នះ លោកអាចបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់លោកដែលជារដ្ឋអាជ្ញាកំពូលរបស់ប្រទេសទម្លាក់រឿងក្តីនេះចោល។
ការសម្រេចរបស់តុលាការកំពូលជាលើកទី ១ ដែលតុលាការនេះបានសម្រេចមិនធ្លាប់មានកាលពីពេលមុនថា តើអតីតប្រធានាធិបតីអាចប្រឈមការកាត់ទោសនៅក្នុងរឿងក្តីព្រហ្មទណ្ឌចំពោះសកម្មភាពដែលលោកបានធ្វើនៅពេលកាន់តំណែង ឬថាតើលោកមានអភ័យឯកសិទ្ធ រួចផុតពីការកាត់ទោសដែរឬទេ។
ច្បាប់សហរដ្ឋអាមេរិកចែងថាគ្មាននរណាស្ថិតនៅពីលើច្បាប់ទេ ដែលពលរដ្ឋគ្រប់រូបមានសេរីភាពដូចគ្នា ក៏ប៉ុន្តែ ពលរដ្ឋគ្រប់រូបត្រូវកាត់ទោសចំពោះការរំលោភច្បាប់។
លោក Trump បានធ្វើការអះអាងពីការមានអភ័យឯកសិទ្ធិរួចពីការកាត់ទោស ដោយនិយាយថា នៅក្នុងការព្យាយាមបញ្ឈប់ការចាញ់ឆ្នោតរបស់លោកកាលពី ៤ ឆ្នាំមុន លោកបានចាត់វិធានការតាមផ្លូវការជាប្រធានាធិបតីនៅក្នុងការព្យាយាម ដើម្បីធ្វើឱ្យលទ្ធផលបោះឆ្នោតមានសុច្ចរិតភាព ហើយទទូចថាលោកចាញ់ការបោះឆ្នោតនោះ ព្រោះមានការលួចបន្លំការបោះឆ្នោតនិងភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ៕