នៅក្នុងការបោះឆ្នោតដោយ៥សម្លេងទល់នឹង៤សម្លេង របស់ចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិកសម្រេចថា អាជ្ញាធរ ត្រូវការលិខិតអនុញ្ញាតឲ្យឆែកឆេរពីចៅក្រម ដើម្បីអាចប្រើប្រាស់ទិន្នន័យ ដែលក្រុមហ៊ុនទូរស័ព្ទ រក្សាទុកអំពីទីកន្លែង និងចលនារបស់អ្នកប្រើប្រាស់ទូរស័ព្ទ។ ទិន្នន័យទាំងនេះ ដែលត្រូវបានស្គាល់ថា ជាព័ត៌មាននៃទីកន្លែងរបស់ទូរស័ព្ទ គឺតែងតែត្រូវយកទៅប្រើនៅក្នុងការស៊ើបអង្កេតពីបទឧក្រិដ្ឋ។
បញ្ហាដែលកើតឡើង គឺស្ថិតនៅត្រង់ថាតើ ទិន្នន័យត្រូវបានការពារក្រោមវិសោធនកម្មទី៤នៃធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលការពារប្រជាពលរដ្ឋប្រឆាំងទៅនឹង «ការស្រាវជ្រាវ និងរឹបអូសដោយមិនមានហេតុផលនោះឬទេ។
ប្រធានចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក លោក Roberts ដែលបាននាំនូវមតិភាគច្រើនរបស់តុលាការកំពូល បានសរសេរថា ការទាញយកនៃ «ការកត់ត្រានៃទីតាំងរបស់ទូរស័ព្ទ គឺជាការឆែកឆេរដែលចែងនៅក្នុងវិសោធនកម្មទី៤»។
លោកបានសរសេរថា «វិសោធនកម្មទី៤នៃធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មិនត្រឹមតែការពារផលប្រយោជន៍នៃទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការរំពឹងទុកជាក់លាក់នៃការរក្សាការសម្ងាត់របស់ឯកជនផងដែរ»។
លោក Roberts ត្រូវបានគាំទ្រដោយចៅក្រមសេរីនិយមចំនួន៤នៃស្ថាប័នយុត្តិធម៌ជាន់ខ្ពស់បំផុតរបស់តុលាការសហរដ្ឋអាមេរិក។ ចៅក្រមដែលមានទំនោរអភិរក្សនិយមចំនួន៤រូប បានជំទាស់។
ករណីដែលត្រូវបានគេស្គាល់ថា រឿង Carpenter ប្រឆាំងនឹងសហរដ្ឋអាមេរិក ជាបណ្តឹងរបស់បុរសម្នាក់ឈ្មោះថា Timothy Carpenter ដែលដឹកនាំការប្លន់ជាបន្តបន្ទាប់ តាមហាងលក់ទូរស័ព្ទចល័តនៅក្នុងរដ្ឋ Ohio និង Michigan ក្នុងចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១១។
បន្ទាប់ពី Carpenter និងបក្សពួករបស់លោកត្រូវបានចាប់ខ្លួន ការិយាល័យស៊ើបអង្កេតរបស់សហព័ន្ធ (FBI) បានស្នើ និងទទួលកំណត់ត្រាទីកន្លែងរបស់ទូរស័ព្ទរបស់លោក Carpenter ជាច្រើនខែពីក្រុមហ៊ុនទូរស័ព្ទមួយ។ ទិន្នន័យនេះ បានរួមបញ្ចូលទាំង ទីកន្លែងចំនួន ១២ ៨៩៨ ដែលបានកត់ត្រាចលនារបស់លោក Carpenter ក្នុងអំឡុងពេល១២៧ថ្ងៃ។
ដោយប្រើប្រាស់ព័ត៌មាននេះ រដ្ឋអាជ្ញា មានលទ្ធភាពក្នុងការចោទលោក Carpenter ទៅលើការប្លន់ចំនួន១១ករណី។ លោក Carpenter បានប្តឹងតវ៉ាទៅនឹងការកាត់ទោសលើរូបលោក ដោយតវ៉ាថា ការប្រើប្រាស់ និងទាញយកទិន្នន័យដោយគ្មានលិខិតអនុញ្ញាតពីចៅក្រម គឺប្រឆាំងទៅនឹងវិសោធនកម្មទី៤នៃធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។
សាលាឧទ្ធរណ៍នៃសហរដ្ឋអាមេរិក សម្រាប់សង្កាត់ទី៦ បានចេញបញ្ញត្តិប្រឆាំងនឹងលោក Carpenter ដោយលើកឡើងថា អតិថិជនដែលស្ម័គ្រចិត្តផ្តល់ព័ត៌មានរបស់ពួកគេទៅឲ្យភាគីទីបី ដូចជាក្រុមហ៊ុនទូរស័ព្ទ ធនាគារ និងស្ថាប័នផ្សេងៗទៀត មិនគួរមានការរំពឹងទុកពីការរក្សាភាពឯកជនទេ។
ក្នុងករណីពីរទៀតនៅក្នុងទសវត្សរ៍១៩៧០ រួមមានករណីសហរដ្ឋអាមេរិក ប្រឆាំងនឹង Miller និងករណី Smith ប្រឆាំងនឹងរដ្ឋ Maryland តុលាការកំពូលបានសម្រេចថា អ្នកប្រើប្រាស់មិនអាចសង្ឃឹមថា ទិន្នន័យដែលរក្សាទុកដោយភាគីទីបីនោះ ជារឿងសម្ងាត់បានទេ។
ប៉ុន្តែលោក Roberts បានសរសេរថា៖
«វាមានភាពខុសគ្នារវាងប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនដែលមានកម្រិត ដែលបានដោះស្រាយនៅក្នុងករណី Smith និង Miller និងព័ត៌មានស្តីពីទីកន្លែងយ៉ាងលម្អិតដែលប្រមូលដោយក្រុមហ៊ុនទូរស័ព្ទចល័តជាច្រើន។
ប្រធានតុលាការកំពូលបានបន្ថែមថា៖
ការអនុញ្ញាតឲ្យ «រដ្ឋាភិបាលអាចប្រើប្រាស់កំណត់ត្រាទីតាំងរបស់ទូរស័ព្ទ......» ផ្ទុយទៅនឹង ការរំពឹងទុកផ្នែកឯកជនភាព។
សេចក្តីសម្រេចរបស់តុលាការ គឺមិនទូលំទូលាយទេ។ លោក Roberts បាននិយាយថា អាជ្ញាធរអនុវត្តច្បាប់ អាចនៅតែបន្តប្រើប្រាស់កំណត់ត្រារបស់ទូរស័ព្ទដោយគ្មានលិខិតអនុញ្ញាតពីចៅក្រមឲ្យឆែកឆេរនៅក្នុងករណីបន្ទាន់ ដូចជា នៅពេលដែល «ត្រូវការតាមចាប់ជនសង្ស័យដែលកំពុងរត់គេច ការការពារមនុស្សគ្រប់រូប ដែលត្រូវបានគំរាមកំហែងដោយគ្រោះថ្នាក់ដែលអាចនឹងកើតមាន ឬក៏ការពារការបំផ្លាញភស្ភុតាងដែលអាចនឹងកើតមាន»៕
ប្រែសម្រួលដោយ យូ សុធារី