សហរដ្ឋ​អាមេរិកគាំទ្រ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​ក៏ប៉ុន្តែ​ច្រាន​ចោល​ការ​ហាម​ឃាត់​ការ​គាំពារ​ទំនិញ​ក្នុង​ប្រទេស

រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ជំនួប​ថ្នាក់​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​ Baden-Baden ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៧ ខែមីនា។

លោក ​Steven Mnuchin ​រដ្ឋ​មន្រ្តី​ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេរិកមាន​ប្រ​សាសន៍​ថា ​ជំនួប​របស់​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ G-20 ​បាន​ទទួល​ជោគ​ជ័យ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ថ្វី​បើ​អស់​លោករដ្ឋ​មន្រ្តី​ ​មិន​បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​ដើម្បី​ជំទាស់​ប្រឆាំង​នឹង​កិច្ច​គាំពា​ទំនិញ​ក្នុង​ប្រទេស​ក៏ដោយ។

លោក​រដ្ឋ​មន្រ្តី​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ពី​ទី​នេះ​ដោយ​មាន​ទំនុក​ចិត្ត​ថា ​សហការី​របស់​ខ្ញុំ​ហើយ​និង​ខ្ញុំ​អាច​ធ្វើ​ការ​ក្នុង​ភាព​ជាដៃ​គូដើម្បី​ធ្វើ​ឲ្យសេដ្ឋ​កិច្ច​សាកលលោក​មាន​ការ​រីក​ចម្រើន​ ហើយ​និងមាន​ស្ថិរភាព​ខាង​ហិរញ្ញ​វត្ថុ‍»។

ដោយ​និយាយ​យោង​ដល់​ការ​តាំង​ចិត្ត​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ ចំពោះ​ក្រុម​ហ៊ុន​និង​ពួក​កម្មករអាមេរិកាំង ​លោក Mnuchin បាន​លប់​ចោល​កិច្ច​ការ​ពារ​ទំនិញ​ក្នុងប្រទេស​ចេញ​ពី​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញ​ផ្សាយ​នៅពេល​បញ្ចប់​សន្និសីទ​កំពូល។

ទោះ​យ៉ាង​ណាក៏ដោយ ​លោក​រដ្ឋ​មន្រ្តី​រតនាគារ​អាមេរិកាំង ​បាន​មាន​ប្រសាសន៍​ថា​ ​សហរដ្ឋ​អាមេរិក​នៅ​តែ​ជឿ​ជាក់​ពាណិជ្ជកម្ម​សេរី។

លោក ​Mnuchin ​មាន​ប្រសាសន៍​ថា៖ «​យើង​ជឿ​ជាក់​ពាណិជ្ជកម្ម​សេរី ​យើង​ជា​ទី​ផ្សារ​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក។​ យើង​ចង់​និយាយ​ថា ​យើង​ចង់​ពិ​និត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន‍»។ លោក​បាន​និយាយ​បន្ត​ទៀត​ដោយ​សំដៅ​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម NAFT។

​មហាអំណាច​ពិភពលោក​ផ្សេង​ទៀត​ដែល​មាន​វត្ត​មាន​បាន​និយាយ​សម្រាល​ពី​ការ​ខ្វែង​គំនិត​រវាង​ប្រទេស​នានា។

លោក ​Wolfgang Schaeuble​ រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​របស់​ប្រទេស​អាល្លឺម៉ង់​បានប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា៖ ​«វា​មិន​មែន​ជាការ​ពិត​ទេ​ថា ​យើង​មិន​បាន​ព្រម​ព្រៀង​គ្នា​នោះ។​ វា​ជា​ការច្បាស់​លាស់​បំផុត​ថា ​យើង​មិន​មែន​គាំពារ​ទំនិញ​នៅ​ក្នុង​ប្រទេស​នោះ៕