លោក​ Kerry អះអាង​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​ស៊ីរី

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ John Kerry (ស្តាំ) និង​លោក​ Sergei Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​វីយែន​ ប្រទេស​អូទ្រីស​ កាល​ពី​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០១៦។

លោក​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា.​ John Kerry ​កំពុង​ស្វះស្វែង​បំភ្លឺ​ការ​យល់​ឃើញ​ថា​ ស.រ.អ.​បាន​បាត់​បង់​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​ស៊ីរី ដោយ​សារ​ស្នាដៃ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ដែល​មាន​គោល​ដៅ​វាយ​យក​មក​វិញ​នូវដែនដី​ពី​ពួក​ឧទ្ទាម។

នៅ​ក្រោយ​ការ​ប្រជុំ​នៃ​ក្រុម​អន្តរជាតិ​គាំទ្រ​ប្រទេស​ស៊ីរី​ដែល​មាន​ប្រទេស​ជា​ច្រើន​ជា​សមាជិក​ លោក ​Kerry ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារថា ​ស.រ.អា.​តែង​តែ​មាន​ឥទ្ធិពលជានិច្ច។

លោក​ Kerry ​ហាក់ដូច​ជា​ខឹង​បន្តិច​ដោយសារ​សំណួរ​មួយ​ដែល​សួរ​ ថា​តើ​ស.រ.អា.​បាត់​បង់​សមត្ថភាព​ដែរ​ឬ​ទេ​ ក្នុង​ការ​ដាក់​គំនាប​សង្កត់​លើ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ឱ្យ​គោរព​ដោយ​ពេញ​លេញ​តាមកិច្ច​ព្រម​ព្រៀង​នានា​ដោយ​មាន​រួម​បញ្ចូល​ការ​តម្រូវ​ឲ្យ​ធ្វើ​តាម​ឱ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ ការ​គាំទ្រ​ដល់​កិច្ច​ចរចា​អំពី​អន្តរកាល​នយោបាយ​ និង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ការ​រឹតត្បិត​ទៅ​កាន់​តំបន់​ដែល​ត្រូវ​ឡោ​មព័ទ្ធ។

លោក Kerry បាន​មាន​ប្រសាសន៍​ថា៖​ ប្រសិន​បើ ​Assad ​សន្មត​ថា​គ្មាន​ «ផែន​ការ​ ទីពីរ» ដែល​ភាសា​អង់គ្លេស​ហៅ​ថា​«Plan B»​ទេ​នោះ​ លោក​មានការ​សន្មត​មួយ​ដែល​ គ្មាន​មូលដ្ឋាន​សោះឡើយ»។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាននិយាយ​ថា​ ឥទ្ធិពល​ធំ​បំផុតគឺ​ការ​ពិត​ជាក់​ស្តែង​ដែល​ថា​ Assad ​និង​ពួក​អ្នក​គាំទ្រ​គាត់​មិន​អាច​បញ្ឈប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​ជាដាច់​ខាត​ ប្រសិន​បើពួក​គេ​ប្រកែក​មិនព្រម​ធ្វើការ​ចរចា​អំពី​ដំណោះ​ស្រាយ​នយោបាយ​មួយ​ទេនោះ។

នៅ​ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ​ជាមួយ​លោករដ្ឋមន្ត្រី​ការ​បរទេស​រុស្សី​ Sergei​Lavrov ​និង​លោក ​Staffan de Mistura​ ប្រេសិត​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ស៊ីរី ​លោក Kerry ​បាន​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​វិធានការ​នានា​ដែល​ក្រុម​អន្តរជាតិ​គាំទ្រ​ប្រទេស​ស៊ីរី​ហៅ​កាត់​ថា​ ISSG ​បាន​យល់​ស្រប​គ្នា​ដើម្បី​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​និង​បង្កើន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។​

លោក​បាន​និយាយ​ថា​ ក្រុម​នេះ​បាន​យល់​ស្រប​គ្នាថា ​ប្រសិន​បើភាគី​ណា​មួយ​ដែល​បាន​ចូល​រួមក្នុង​កិច្ចព្រម​ព្រៀង​នេះ​រំលោភ​លើ​ការ​ព្រមព្រៀង​នេះ​ជា​ច្រើន​ដង​ ភាគី​នោះ​អាច​ត្រូវបណ្តេញ​ចេញពី​កិច្ចព្រម​ព្រៀង​នេះ៕