មន្ត្រី​​ក្រសួង​ការបរទេស​អាមេរិក​ឆ្លើយ​ជា​កសិណ​សាក្សី​អំពី​ការ​ដក​ប្រេសិត​​អាមេរិកប្រចាំ​ប្រទេស​អ៊ុយ​ក្រែន​ចេញ​ពី​តំណែង

រូបឯកសារ៖ Marie Yovanovitch ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ប្រទេស​អ៊ុយ​ក្រែន ដែលត្រូវបានដកចេញពីតំណែង។

កាលពីថ្ងៃ​ពុធ មន្ត្រី​ជាន់ខ្ពស់ម្នាក់​នៃក្រសួង​ការបរទេស​អាមេរិក​បានឆ្លើយ​ជា​កសិណ​សាក្សី​នៅចំពោះ​មុខពួក​សមាជិក​សភា​អាមេរិកាំង​ដែល​ស៊ើប​អង្កេត​អំពី​ការ​ចោទប្រកាន់លោកប្រធានាធិបតី​ Donald Trump ដែល​អាច​បំភ្លឺអំពីការ​ដកលោកស្រី Marie Yovanovitch ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​ប្រទេស​អ៊ុយ​ក្រែនចេញពី​តំណែង។

លោកស្រី Yovanovitch ដែល​ជា​អ្នកការ​ទូតប្រចាំ​អាជីព​បានត្រូវយល់​ឃើញ​ដោយ​ជំនួយការ​ខ្លះ​របស់​លោក Trump ថា​ជា​ឧបសគ្គ​ដល់​ការ​ធ្វើឱ្យ​រដ្ឋាភិបាលក្រុងគៀវ បើក​ធ្វើការ​ស៊ើបអង្កេតដើម្បី​ជួយ​លោក Trump ខាងនយោបាយ។ លោកស្រី​បានត្រូវ​ហៅ​ឱ្យ​ត្រឡប់មកសហរដ្ឋអាមេរិក​វិញ​ជា​បន្ទាន់​ពី​ទី​ក្រុងគៀវ កាលពី​ពេលមុននេះក្នុង​ឆ្នាំនេះ ហើយ​លោកស្រី​បានត្រូវ​ដក​ចេញ​ពី​តំណែង​ប៉ុន្មានខែ​នៅមុនការ​បញ្ចប់​បេសកកម្ម​របស់លោក​ស្រី​ដែល​បាន​ត្រូវកំណត់ជា​មុន។

នៅ​ក្នុង​ការនិយាយ​ទូរសព្ទមួយ​កាលពី​ចុង​ខែ​កក្កដា​ជាមួយប្រធានាធិបតី​អ៊ុយ​ក្រែន Volodymyr Zelenskiy លោក Trump បានពណ៌នា​លោកស្រី​ថាជា «ព័ត៌មានអាក្រក់» ក៏​ប៉ុន្តែ​ពួកមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកបាននិយាយ​ប្រាប់លោកស្រី​ថា​ លោកស្រី​មិន​បានធ្វើអ្វី​ខុស​ទេ​ហើយ​នៅមុនការ​ដក​លោកស្រី​ចេញ​ពី​តំណែងមន្ត្រី​ទាំង​នេះបានសុំឱ្យ​លោកស្រី​បន្ត​បេសកកម្ម​លោក​ស្រី​រហូត​ដល់​ឆ្នាំ២០២០។

លោក​ Rudy Giuliani អតីត​អភិបាល​បូរីញូវយ៉ក និង​ជា​មេធាវីផ្ទាល់ខ្លួន​របស់លោក Trump ដែល​មើល​ការខុស​ត្រូវអំពីទំនាក់ទំនង​របស់​អាមេរិកជាមួយ​ប្រទេស​អ៊ុយក្រែន​ បានជំរុញឱ្យមានការ​ដកលោកស្រី​ Yovanovitch ចេញ​ពី​តំណែងនិង​ឱ្យ​អ៊ុយក្រែន​ធ្វើការស៊ើបអង្កេត​អំពីលោកអតីតអនុប្រធានាធិបតី​អាមេរិកលោក Joe Biden ដែលជា​គូ​ប្រជែង​ធំខាង​គណបក្សប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​លោក​ Trump នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិកាំង​ក្នុងឆ្នាំ២០២០​ខាង​មុខនេះនិងអំពី​ការ​ងារ​របស់​កូន​ប្រុស​លោកឈ្មោះ Hunter Biden ក្នុង​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិអ៊ុយក្រែន​មួយនិង​អំពីការ​ទាក់ទងណាមួយ​របស់ប្រទេសអ៊ុយ​ក្រែន​ក្នុងការ​បោះឆ្នោត​ក្នុង​សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦​ដែលលោក Trump បាន​ឈ្នះ។

លោក​ John Hale ដែល​ជា​មន្ត្រី​លំដាប់ទីបី​នៃក្រសួង​ការបរទេសអាមេរិកបាន​ទៅដល់​វិមាន​សភា​ Capitol ដើម្បី​ត្រូវសាកសួរក្នុងបន្ទប់បិទ​ទ្វារ ​ដោយ​ទី​ភ្នាក់ងារព័ត៌មាន​ Associated Press រាយ​ការណ៍​ថា​ គេរំពឹង​ថា​ លោកនិយាយ​ប្រាប់ក្រុមអ្នកស៊ើបអង្កេតអំពីការចោទប្រកាន់លោក​ Trump ថា ​ការពិចារណា​ខាងនយោបាយ​ឋិតនៅ​ពី​ក្រោយ​ការប្រកែក​របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo មិនព្រម​ការពារ​ខ្លាំងក្លា​ដល់លោកស្រី​ Yavanovitch។

ជំនួយ​ការ​ឯទៀតៗ​របស់លោក​ Pompeo ដោយមានរួម​បញ្ចូលទាំង​លោក​ Michael McKinley ផងដែរ​បាននិយាយ​ប្រាប់ក្រុមអ្នកស៊ើបអង្កេត​ថា​ពួក​គេ​បានសុំឱ្យ​លោក​ការពារលោកស្រី​ Yavanovitch ដែរ តែឥត​បានការ។