មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃទី ១១ ខែមីនា កន្លងទៅនេះថា សហរដ្ឋអាមេរិកត្រូវតែប្រើប្រាស់«វិធីទាំងអស់តាមលទ្ធភាពដែលខ្លួនមាន»ដើម្បីយកឈ្នះប្រទេសចិន។ ការនិយាយរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើង ខណៈពេលដែលរដ្ឋបាលលោក Biden បានបង្ហាញសំណើថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ ២០២៥។
លោក Rich Verma អនុរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកគ្រប់គ្រងនិងធនធាននៃក្រសួងការបរទេសអាមេរិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សំណើនេះមានរួមបញ្ចូលទាំងទឹកប្រាក់ ៤ ពាន់លានដុល្លារសម្រាប់ការចំណាយចាំបាច់រយៈពេល ៥ ឆ្នាំ ក្នុងគោលបំណងដើម្បីយកឈ្នះប្រទេសចិន ដោយក្នុងនោះមានរួមទាំងប្រាក់ ២ ពាន់លានដុល្លារដើម្បីបង្កើតមូលនិធិហេដ្ឋារចនាសម្ពន្ធអន្តរជាតិថ្មីមួយដើម្បីផ្តល់ជម្រើសដែលអាចទុកចិត្តបាន និងគួរឱ្យទុកចិត្តជាងការផ្តល់មូលនិធិហេដ្ឋារចនាសម្ពន្ធរបស់ចិន។
លោក Rich Verma បានថ្លែងទៀតថា ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារផ្សេងទៀតត្រូវបានកំណត់សម្រាប់«ការវិនិយោគនានាដែលនាំទៅដល់ការផ្លាស់ប្តូរខ្លាំង» ដើម្បីជួយបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនឹង«កិច្ចខិតខំប្រឹងប្រែងកេងចំណេញ»។ លោកបានបន្ថែមទៀតថា ការវិនិយោគទៅលើការផ្លាស់ប្តូរខ្លាំងទាំងនេះនឹងរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអភិបាលកិច្ច និងនីតិរដ្ឋផងដែរ។
ក្រសួងការបរទេសអាមេរិកបានស្នើសុំថវិកាចំនួន ៤ ពាន់លានដុល្លារដាច់ដោយឡែកផ្សេងទៀតសម្រាប់ផ្តល់ជំនួយបរទេស និងការចូលរួមផ្នែកការទូតនៅក្នុងតំបន់។
កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ពន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មានចំនួនតិចជាងខ្លាំងបើប្រៀបធៀបនឹងគម្រោង ក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) ដ៏ធំរបស់ប្រទេសចិនដែលជាគម្រោងមានរយៈពេល ១០ ឆ្នាំដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ និងបណ្តាញថាមពលតភ្ជាប់ទ្វីបអាស៊ីជាមួយទ្វីបអាហ្វ្រិក និងអឺរ៉ុបតាមរយៈផ្លូវគោក និងផ្លូវសមុទ្រ។
យោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុនបានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ស្ថាប័នហិរញ្ញវត្ថុចិនបានផ្តល់ប្រាក់កម្ចីចំនួន ១,៣៤ លានលានដុល្លារ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ដោយសំដៅទៅលើសាធារណរដ្ឋប្រជាមានិតចិនតាមរយៈការនិយាយអក្សរកាត់នៃឈ្មោះជាផ្លូវការជាភាសាអង់គ្លេសគឺ PRC លោក Verma ក៏បាននិយាយផងដែរថា «យើងត្រូវតែប្រើគ្រប់មធ្យោបាយទាំងអស់ដែលយើងមាន ដើម្បីយកឈ្នះប្រទេសចិន នៅពេលណាដែលយើងអាចធ្វើបាន»។
លោកបាននិយាយថា សំណើសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក «បន្តវិនិយោគលើមូលដ្ឋានគ្រឹះនៃភាពរឹងមាំនៅក្នុងប្រទេសរបស់យើងស្របគ្នាជាមួយដៃគូដែលមានទស្សនៈដូចគ្នា ដើម្បីពង្រឹងផលប្រយោជន៍រួមរបស់យើង និងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិននិងប្រើប្រាស់ធនធានទាំងនោះទៅប្រកួតប្រជែងជាមួយចិន និងការពារផលប្រយោជន៍របស់យើង»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់