ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា ស្ថានភាពពន្ធនាគារនៅប្រទេសកម្ពុជា មានសភាពយ៉ាប់ខ្លាំង ហើយក្នុងករណីជាច្រើន គំរាមកំហែងដល់អាយុជីវិតថែមទៀតផង។
របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២ ដែលត្រូវបានបកប្រែពីភាសាអង់គ្លេស មកជាខេមរភាសាមានកម្រាស់៣៦ទំព័រ បានបង្ហាញពីទិដ្ឋភាពទីកន្លែងឃុំខ្លួនដែលមានភាពកកកុញ និងគ្មានការកែលម្អផ្នែករដ្ឋបាល ហើយជួនកាល ការសហការពីអាជ្ញាធរដែនដីនៅមានកម្រិត ដែលជាការធ្វើឱ្យមានការលំបាកចូលជួបអ្នកជាប់ឃុំដែលមិនទាន់ទទួលការជំនុំជម្រះក្តី។
បើតាមរបាយការណ៍ ការមានអ្នកទោសកកកុញច្រើនគឺជាបញ្ហាមួយ ហើយពន្ធនាគារចំនួន២៨ ដែលមាននៅក្នុងប្រទេសគ្រោងមកសម្រាប់ដាក់អ្នកទោសតែចំនួនអតិបរមា ១១,០០០នាក់ទេ តែគិតមកដល់ខែតុលា មានអ្នកទោសចំនួនបីម៉ឺនប្រាំបីពាន់ហាសិប (៣៨,០៥០)នាក់។ ខេត្តកំពត និងកណ្តាលមានសភាពធ្ងន់ធ្ងរជាងគេ ដោយមានអ្នកទោសលើសចំនួនកំណត់ចំនួន៤០០ភាគរយ។ របាយការណ៍ដដែលបានលើកឡើងពីការបញ្ជាក់ពីមន្រ្តីថា មានអ្នកទោសកុមារចំនួន១,៤២២នាក់នៅទូទាំងប្រទេស ហើយភាគច្រើនពួកគេស្ថិតក្នុងពន្ធនាគារសម្រាប់មនុស្សធំ។
ពាក់ព័ន្ធនឹងរបបអាហារ និងរបស់ចាំបាច់ផ្សេងៗ របាយការណ៍ឱ្យដឹងថា អ្នកជាប់ពន្ធនាគារជារឿយៗប្រឈមមុខនឹងភាពខ្វះខាត ហើយអ្នកទោសខ្លះនិយាយថា គេត្រូវខ្ចីលុយពីមន្ត្រីពន្ធនាគារ ដើម្បីទិញអាហារបានគ្រប់គ្រាន់ និងជាញឹកញាប់ សមាជិកគ្រួសារត្រូវផ្តល់របស់ចាំបាច់ខ្លះ ហើយពេលខ្លះត្រូវសូកប៉ាន់មន្ត្រី ក្នុងការផ្តល់របស់បន្ថែមដល់អ្នកទោស។
របាយការណ៍នេះ បានយោងតាមការរាយការណ៍ពីអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា បញ្ហានៅពន្ធនាគារ គឺនៅតែជារឿងមួយដែលគួរឱ្យបារម្ភ ហើយបញ្ហាចម្បងមួយដែលមិនទាន់ដោះស្រាយចេញបាននោះគឺភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
លោកថ្លែងថា៖ «អ៊ីចឹងភាពចង្អៀតណែននៅតាមពន្ធនាគារនេះ វាជាបញ្ហាមួយសម្រាប់ពន្ធនាគារដែលវាប៉ះពាល់ច្រើន ដែលយើងមើលទៅកាលណា ភាពចង្អៀតណែនហ្នឹងវាខ្លាំង វាប៉ះពាល់សុខភាពអ្នកជាប់ឃុំ ដោយសារតែចង្អៀតណែនពេកធ្វើឱ្យការដកខ្យល់អាកាសឬក៏ការដកដង្ហើមអីផ្សេងៗហ្នឹងវាមានការថប់។ អ៊ីចឹង វាប៉ះពាល់ដល់ជំងឺថប់បារម្ភផ្សេងៗ ហើយវាអាចនឹងមានការលើសសម្ពាធឈាម ឬក៏ជំងឺផ្សេងៗទៀត ហើយជាពិសេសបើមានជំងឺឆ្លងហ្នឹងវាលឿន នៅក្នុងការឆ្លង»។
លោកបន្ថែមថា មានបញ្ហាផ្សេងទៀតនៅក្នុងពន្ធនាគារ គឺការវាយដំគ្នារវាងអ្នកទោស និងអ្នកទោសមួយចំនួន រហូតត្រូវមានចំណាត់ការពីតុលាការដើម្បីផ្តន្ទាទោសលើអ្នកទោសដែលបង្កហិង្សានោះ តែលោកថា នេះមិនមែនជារឿងធំជាងរឿងចង្អៀតណែនក្នុងពន្ធនាគារនោះទេ។
បើតាមលោកអំ សំអាត តុលាការគួរពិចារណាឱ្យបានល្អិតល្អន់ចំពោះការបញ្ជូនមនុស្សមកឃុំខ្លួន ឬក៏ការដាក់ឱ្យអនុវត្តទោសការងារសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
របាយការណ៍ដដែលរបស់ក្រសួងការបទេសស្តីពីសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២ ឱ្យដឹងទៀតថា គិតមកដល់ខែធ្នូ ពន្ធនាគារចំនួន១១ មិនផ្តល់ទឹកស្អាត។ ពន្ធនាគារគ្មានកន្លែងគ្រប់គ្រាន់សម្រាប់អ្នកទោសដែលមានពិការភាពលើរាងកាយ និងផ្នែកខួរក្បាល ហើយបើតាមអង្គការក្រៅរដ្ឋាភិបាល ពេលខ្លះពួកបងធំវាយដំលើអ្នកទោសដទៃទៀត។ របាយការណ៍បញ្ជាក់ឱ្យដឹងទៀតថា អស់រយៈពេល៣ឆ្នាំហើយ ដែលអគ្គនាយកដ្ឋានពន្ធនាគារមិនបញ្ចេញរបាយការណ៍ស្តីពីការគ្រប់គ្រងពន្ធនាគារ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា បានថ្លែងថារបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងដោយអត្តនោម័តិពីភាគីសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «អាហ្នឹង គាត់យកស្តង់ដាអីមកវាស់ ព្រោះមែនទែនទៅ អានេះវាជារបាយការណ៍អត្តនោម័តិ ពីប្រទេសគាត់ ហើយអានេះវាជាទស្សនៈយល់ឃើញរបស់គាត់ ចាត់ទុកថា បញ្ហាចង្អៀតណែននៅកម្ពុជាហ្នឹងមានបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្តែអាហ្នឹង យើងក៏អាចវាយតម្លៃមិនមែនថា ផ្គើនអីទេ តែជាការវាយតម្លៃស្ថានភាពពន្ធនាគារនៅអាមេរិកដែរណ៎ា! អ្នកទោសនៅអាមេរិក មានប្រហែលដូចជា ២លាននាក់ ជាង២លាននាក់ ហើយដូចជានៅតិចសាស(Texas) អីជាដើម តាមខ្ញុំដឹង ដូចជារហូតដល់ក្រាលតង់ ក្រាលអីដែរទេ។ វាមានជាលក្ខណៈបោះជំរំ អីទេ រូបភាព។ តែអាហ្នឹង ខ្ញុំអត់ថាម៉េចទេ រឿងគេ ស្តង់ដារបស់គេ គេមើលមកយើងថា យ៉ាប់។ អាហ្នឹង ខ្ញុំគ្រាន់តែបកស្រាយទៅវិញថា អាចង្អៀតហ្នឹងវាចង្អៀតហើយ ប៉ុន្តែវាមិនទាន់ដល់ថ្នាក់ដូចនៅហ្វីលីពីនអីទេ»។
លោកបន្ថែមថាកម្ពុជាបានខិតខំរកដំណោះស្រាយ ដើម្បីកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដូចជាការដាក់ឱ្យអនុវត្តទោសក្នុងសហគមន៍ជាដើម។
លោកប្រាប់វីអូអេថា៖ «យើងដំណោះស្រាយមានទាំងពីការអនុវត្តទោសក្នុងសហគមន៍ ទោសការងារសហគមន៍អីជាដើម ការដោះលែងក្រៅឃុំដោយមានលក្ខខណ្ឌអីជាដើមហ្នឹង យើងខិតខំ ព្យាយាមធ្វើកិច្ចការអស់ហ្នឹង។ អ៊ីចឹង សុំអាអ្នកធ្វើរបាយការណ៍ហ្នឹងគាត់ បើសិនជាធ្វើរបាយការណ៍លើកក្រោយ អាចមកពិភាក្សាស្វែងយល់សិក្សាផ្ទាល់ជាមួយមន្ត្រីជំនាញរបស់ខ្ញុំដែរ អាហ្នឹងយើងអាចឈ្វេងយល់ ហើយអាចពន្យល់បញ្ហាហ្នឹងដល់គាត់ ឱ្យបានច្បាស់ជាងមុន មុននឹងចេញរបាយការណ៍មកសន្និដ្ឋានអាចឹង»។
ក្រៅពីការលើកឡើងអំពីស្ថានភាពមិនប្រសើរឡើងនៅពន្ធនាគារ និងមជ្ឈមណ្ឌលឃុំខ្លួន របាយការណ៍ក៏បានរំលេចបញ្ហាពាក់ព័ន្ធសិទ្ធិមនុស្សផ្សេងទៀត ដូចជាការយកជីវិតតាមអំពើចិត្ត និងការសម្លាប់ដោយសារហេតុផលនយោបាយ ឬដោយខុសច្បាប់ និងការធ្វើទារុណកម្ម និងការចាប់ខ្លួនតាមអំពើចិត្ត។
របាយការណ៍ឱ្យដឹងថាគិតមកដល់ខែធ្នូ អ្នកសង្កេតការណ៍បានរកឃើញករណីចាប់ខ្លួនតាមអំពើចិត្តចំនួនយ៉ាងហោចណាស់៤៩នាក់ដែលរួមមាន៤០នាក់ជាសកម្មជននយោបាយ ១នាក់ជាអ្នកសារព័ត៌មាន ៨នាក់ជាសកម្មជនសិទ្ធិដីធ្លី។ បើតាមរបាយការណ៍ដដែល អ្នកសង្កេតការណ៍ជឿថាចំនួនពិតនៃការចាប់ខ្លួន និងឃុំខ្លួនតាមអំពើចិត្តទំនងជាមានច្រើនជាងនេះ ពីព្រោះជនរងគ្រោះនៅតាមជនបទមិនប្តឹង ដោយសារមានការពិបាកធ្វើដំណើរមកការិយាល័យរបស់អង្គការ ឬមានកង្វល់ពីសុវត្ថិភាពនៃគ្រួសាររបស់គេ។
ការឃុំខ្លួនបណ្តោះអាសន្នក៏ត្រូវបានរំលេចក្នុងរបាយការណ៍ដែលបានចេញផ្សាយជាសាធារណៈដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃអង្គារ។ របាយការណ៍បង្ហាញថាការឃុំខ្លួនយូរមុនសវនាការគឺជាបញ្ហាមួយ ពិសេសក្នុងករណីទាក់ទងនឹងនយោបាយ ហើយពេលខ្លះ រយៈពេលឃុំខ្លួនមុនសវនាការគឺលើសរយៈពេលអតិបរមាដែលកំណត់ដោយច្បាប់ ហើយអង្គការសិទ្ធិមនុស្សមួយបាននិយាយថា មានមនុស្សជាប់ឃុំបណ្តោះអាសន្នចំនួន២២,០៩៣នាក់ ដែលត្រូវជាចំនួន៧១ភាគរយ នៃអ្នកជាប់នៅក្នុងពន្ធនាគារចំនួន១៩ ក្នុងចំណោមពន្ធនាគារ និងមណ្ឌលកែប្រែទាំង២៨នៅក្នុងប្រទេស។
ឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រសួងការបរទេស អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានចោទសួរពីមូលដ្ឋាននៃការចងក្រងរបាយការណ៍ ជាពិសេសលើការចាប់ខ្លួនតាមអំពើចិត្ត។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «សំខាន់មើលទៅរបាយការណ៍របស់គាត់តើផ្អែកលើនិងនីតវិធីច្បាប់របស់កម្ពុជាអត់? ឬមួយក៏គាត់ផ្អែកទៅលើរូបភាពខាងក្រៅ ហើយសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស ដូចជាអនុវត្តច្បាប់លើសកម្មជន លើអ្នកនយោបាយហ្នឹង គាត់ថា អាហ្នឹងរឿងរឿងនយោបាយ ជាការរំលោភសិទ្ធិសេរីភាពផ្នែកនយោបាយ ជាការសន្និដ្ឋានបែបហ្នឹងគឺជាការសន្និដ្ឋានលើរូបភាពខាងក្រៅទេ។ អាហ្នឹងគេមានរបៀបវារៈ នយោបាយ គោលដៅរបស់គេដែលធ្វើការសន្និដ្ឋានបែបហ្នឹង»។
លោកបន្ថែមថា «ក៏ប៉ុន្តែសន្និដ្ឋានអ៊ីចឹង វាអត់គ្រប់ជ្រុងជ្រោយ វាអត់ឆ្លើយតបទៅហ្នឹងស្ថានភាពពិតប្រាកដទេ។ លុះត្រាតែគាត់ពិនិត្យមើលទៅលើ អ្វីដែលបានកើតឡើងទៅលើទិដ្ឋភាពច្បាប់ នីតិវិធីច្បាប់ថាសកម្មភាពរបស់អ្នកទាំងអស់ហ្នឹងវាជាការអនុវត្តសិទ្ធិទៅតាមផ្លូវច្បាប់របស់កម្ពុជាដែរឬក៏អត់ ឬមួយក៏ជាការរំលោភបំពានច្បាប់»។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកក៏បានលើកឡើងអំពីការធ្វើទារុណកម្ម។ របាយការណ៍សរសេរថា៖ «រដ្ឋធម្មនុញ្ញហាមប្រាមទង្វើបែបនេះ តែការវាយដំ និងទម្រង់ដទៃទៀតនៃការធ្វើបាបលើរូបរាងកាយទៅលើអ្នកជាប់ឃុំរបស់នគរបាល និងអ្នកជាប់ពន្ធនាគារនៅតែមានជាបន្តនៅក្នុងឆ្នាំនៃរបាយការណ៍»។
បញ្ហាផ្នែកសិទ្ធិមនុស្សសំខាន់ៗទៀតរួមមាន ការឃុំខ្លួនតាមអំពើចិត្តដោយរដ្ឋាភិបាល អ្នកជាប់ឃុំឬអ្នកទោសនយោបាយ ការគ្មានតុលាការឯករាជ្យ ការជ្រៀតជ្រែកតាមអំពើចិត្តនៅក្នុងជីវិតឯកជនរបស់ពលរដ្ឋ រួមទាំងការលួចស្តាប់តាមប្រព័ន្ធអេឡិចត្រូនិកជាទូទៅ ការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងអ៊ិនធឺណែត រួមទាំងការប្រើហិង្សា ឬការគំរាមប្រើហិង្សា ការចាប់ខ្លួន ឬកាត់ទោសអ្នកសារព័ត៌មាន ដោយគ្មានហេតុផលត្រឹមត្រូវ ការចាប់ពិរុទ្ធ ការបិទគេហទំព័រ ការអនុវត្តច្បាប់ព្រហ្មទណ្ឌទាក់ទងនឹងការបរិហារកេរ្តិ៍ ច្បាប់រឹតត្បិតលើអង្គការមិនមែនរដ្ឋាភិបាល និងការជ្រៀតជ្រែកនៅក្នុងសិទ្ធិធ្វើការប្រមូលផ្តុំដោយសន្តិវិធីជាដើម។ នេះបើតាមរបាយការណ៍។
បើមើលទៅលើស្ថានភាពគ្រប់គ្រងប្រទេសវិញ របាយការណ៍រៀបរាប់ថា គណបក្សប្រជាជនកម្ពុជា (CPP) បានឈ្នះនូវអាសនៈសភាទាំង១២៥នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដោយបានហាមប្រាមគណបក្សប្រឆាំងធំជាងគេ កាលពី២០១៧ ហើយធ្វើឱ្យប្រទេសស្ថិតនៅក្រោមការគ្រប់គ្រងនៃគណបក្សតែមួយ ក្នុងភាពជាក់ស្តែង ដោយមានរដ្ឋាភិបាលមួយដែលជាធម្មតាប្រើអំណាចផ្តាច់ការ។
របាយការណ៍សរសេរថា៖ «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកាន់តំណែងនេះតាំងពីឆ្នាំ១៩៨៥មក។ អ្នកសង្កេតការណ៍អន្តរជាតិ ដោយរួមទាំងរដ្ឋាភិបាលបរទេសនិងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងជាតិបានរិះគន់ការបោះឆ្នោតថាគ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងឱ្យឆន្ទៈរបស់ប្រជាជនកម្ពុជាទេ»។
របាយការណ៍កត់សម្គាល់ទៀតថាមានការរឹតត្បិតខ្លាំងលើការចូលរួមទាក់ទងនឹងនយោបាយ ការកាត់បន្ថយលទ្ធភាពសម្រាប់ឱ្យពលរដ្ឋធ្វើការផ្លាស់ប្តូររដ្ឋាភិបាលដោយសន្តិវិធី តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងអំពើពុករលួយដែលរីករាលដាលរបស់រដ្ឋាភិបាល ដូចជានៅក្នុងប្រព័ន្ធតុលាការ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកអ៊ី រិន្ទ មិនឆ្លើយតបសំណួរសំឡេងសហរដ្ឋអាមេរិក ដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅថ្ងៃពុធនេះ។
បើតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក នៅក្នុងបញ្ហានៃការគោរពសេរីភាពពលរដ្ឋ រដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមានការបញ្ចេញមតិដោយសេរី ដោយរួមទាំងសេរីភាពសារព័ត៌មានសម្រាប់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានធ្វើការរឹតត្បិតខ្លាំងលើការបញ្ចេញមតិ ដោយរួមទាំងការបញ្ចេញមតិដោយសារព័ត៌មានឯករាជ្យ និងសំឡេងប្រឆាំងដទៃទៀត។ បុគ្គល និងស្ថាប័នជាច្រើនបានរាយការណ៍ពីការចាប់ពិរុទ្ធដោយខ្លួនយ៉ាងច្រើនជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម៕