កាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានធ្វើជាអធិបតីក្នុងការបើកការិយាល័យសម្របសម្រួលកិច្ចការប្រទេសចិន ដែលគេស្គាល់ក្រៅផ្លូវការថាជាផ្ទះចិន ដើម្បីចាត់ចែងការប្រកួតប្រជែងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសស.រ.អ.បាននិយាយថាការិយាល័យសម្របសម្រួលកិច្ចការប្រទេសចិនដែលគេស្គាល់ក្រៅផ្លូវការថា China House ឬ«ផ្ទះចិន» នឹងមើលការខុសត្រូវលើចក្ខុវិស័យរបស់ប្រធានាធិបតីស.រ.អ.លោក Joe Biden សម្រាប់«ប្រព័ន្ធអន្តរជាតិបើកចំហនិងរួមបញ្ចូល»និងលើរបៀបដោះស្រាយរបស់រដ្ឋបាលអាមេរិកចំពោះប្រទេសចិន។
ក្រសួងការបរទេសស.រ.អ.និយាយថា ផ្ទះចិនជាផ្នែកសំខាន់មួយនៃ«របៀបវារៈទំនើបកម្ម»របស់លោក Blinken ដែលមានមន្ត្រីជំនាញ«ប៉ិនប្រសព្វ គ្រឿងឧបករណ៍និងប្រភពធនធាន»ដើម្បីអនុវត្តគោលនយោបាយស.រ.អ.ចំពោះប្រទេសចិនក្នុងទសវត្សរ៍ខាងមុខ ក្នុងខណ:ពេលយើងប្រឈម«ឧបសគ្គខាងភូមិសាស្ត្រនយោបាយដ៏លំបាកនិងស្មុគស្មាញ »។
ការិយាល័យនេះនឹងប្រមូលផ្តុំពួកអ្នកជំនាញលើបញ្ហាប្រទេសចិននៅទូទាំងក្រសួងនិងពីកន្លែងឯទៀតៗជាមួយពួកអ្នកជំនាញខាងសន្តិសុខអន្តរជាតិ សេដ្ឋកិច្ច បច្ចេកវិជ្ជា ពហុការទូតនិងទំនាក់ទំនងបែបយុទ្ធសាស្ត្រ។
ក្រសួងការបរទេសអាមេរិកបានថ្លែងថាការសម្របសម្រួលត្រូវកែលម្អនេះនឹងរហ័សរហួនជាងមុន ធ្វើឱ្យគោលនយោបាយទៀងទាត់ជាងមុន ធ្វើឱ្យក្រសួងនេះមានឋានៈល្អជាងមុន ជាមួយពួកសម្ពន្ធមិត្តនិងពួកដៃគូរបស់ស.រ.អ.និង«ធ្វើទំនាក់ទំនងស៊ីជម្រៅជាងមុនជាមួយប្រទេសទាំងអស់»ដែលអាមេរិកធ្វើការជាមួយ៕
ព័ត៌មានខ្លះក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។