ក្រសួង​ការបរទេស​អាមេរិក បញ្ចប់​ការរឹតត្បិត​ការទាក់ទង​ជាមួយ​មន្ត្រី​កោះតៃវ៉ាន់

រូបឯកសារ៖ បុរស​ម្នាក់ ដើរឆ្លង​កាត់ច្រកចូល​ការិយាល័យ​សេវាកម្ម​ទិដ្ឋាកា​របស់​វិទ្យាស្ថាន​អាមេរិក​​នៅ​កោះតៃវ៉ាន់ ដែលជា​ស្ថានទូត​អាមេរិកាំង​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១១។

សហរដ្ឋ​អាមេរិក ​នឹង​លុប​ចោល​ការ​រឹតត្បិត​លើ​ការ​ទាក់ទង​រវាង​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​កោះ​តៃវ៉ាន់​ ខណៈ​ដែល​បន្តរក្សា​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​រវាង​ប្រទេស​ប្រកាន់លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​ពីរ។

ការប្រកាស​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ច្បាប់​ធានា​ចំពោះកោះ​តៃវ៉ាន់​ ឬ Taiwan Assurance Act ដែល​បាន​ចូលជាធរមាននៅ​ខែ​ធ្នូ ឆ្នាំ​២០២០​ បាន​តម្រូវ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ វាយ​តម្លៃ​ឡើង​វិញ​ចំពោះ​ការ​រឹតត្បិត​បែប​នេះ ​លើ​ទំនាក់ទំនង​អាមេរិក​ជាមួយ​តៃវ៉ាន់។

ចំណាត់ការ​ថ្មីៗ​បំផុត​នេះ បាន​ត្រូវ​ស្វាគមន៍​ដោយ​កោះ​តៃវ៉ាន់​ ក៏ប៉ុន្តែ​ទំនង​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ។

ក្នុង​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo បាន​បញ្ជាក់​ថា៖ «អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ហើយ ក្រសួង​ការបរទេស​អាមេរិក បាន​បង្កើត​ការ​រឹតត្បិត​ផ្ទៃ​ក្នុង​ដ៏​ស្មុគ្រ​ស្មាញ​ដើម្បី​ដាក់កម្រិត​ការ​ទាក់ទង​របស់អ្នក​ការទូត​ និង​មន្ត្រី​ផ្សេង​ទៀត​របស់​យើង​ជាមួយមន្ត្រី​កោះ​តៃវ៉ាន់»។​

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ មន្ត្រីយោធា​ជាន់​ខ្ពស់​អាមេរិក​ភាគ​ច្រើន និង​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកនានា ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​រដ្ឋាភិបាលចិន​ខឹង​សម្បារ។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​តៃវ៉ាន់​វិញ រួម​ទាំង​ប្រធានាធិបតី អនុប្រធានាធិបតី ​រដ្ឋមន្ត្រី​ការ​បរទេស​ និងរដ្ឋមន្ត្រី​ការពារជាតិផង ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​រដ្ឋធានី​វ៉ាស៊ីនតោន៕