កាលពីថ្ងៃអង្គារ ប្រធានផ្នែកចារកម្មស.រ.អា.បាននិយាយប្រាប់សភាស.រ.អា.ថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមប្រើប្រាស់រ៉េអាក់ទ័រ plutonium ជាថ្មីឡើងវិញដែលអាចផ្តល់ប្រេងឥន្ធនៈសម្រាប់ការផលិតអាវុធបរមាណូ។
លោក James Clapper នាយកផ្នែកស៊ើបការសម្ងាត់ជាតិបានមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបើកដំណើរការរ៉េអាក់ទ័រនេះយូរល្មមមកហើយដែលអាចឱ្យប្រទេសនេះយកសារធាតុ plutonium ពីប្រេងឥន្ធនៈដែលបានប្រើរួចហើយរបស់រ៉េអាក់ទ័រនោះ «តែក្នុងរយៈពេលប៉ុន្មានអាទិត្យទៅប៉ុន្មានខែខាងមុខនេះ»។
លោក Clapper បាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើតាមសេចក្តីប្រកាសរបស់ខ្លួនកាលពីឆ្នាំ២០១៣ ដែលថាខ្លួនគ្រោងនឹងប្រើប្រាស់ឡើងវិញនូវកន្លែងបរមាណូរបស់ផងខ្លួនដោយរួមមានបញ្ចូលទាំងកិច្ចប្រតិបត្តិការសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូមនៅ Yongbyon ដែលត្រូវបានបិទកាលពីឆ្នាំ២០០៧។
ការស្ទង់ប៉ាន់មើលរបស់លោកមានឡើងពីរថ្ងៃក្រោយពីប្រទេសកូរ៉េខាងជើងបានបង្ហោះរ៉ុក្កែតមួយ ដែលបាននាំឱ្យមានការថ្កោលទោសថែមទៀត ពីសហគមន៍អន្តរជាតិ។
លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាបានមានប្រសាសន៍តាមទូរស័ព្ទជាមួយលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye កាលពីយប់ថ្ងៃច័ន្ទអំពីការបង្ហោះថ្មីៗនេះដោយកូរ៉េខាងជើង។
សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរនាក់នេះបានយល់ស្របគ្នាថា ការបង្ហោះរ៉ុក្កែតនេះជា «សកម្មភាពមួយទៀតដែលធ្វើឱ្យមានអស្ថិរភាពនិងជាការបង្ករឿងផងដែរ» ដែលរំលោភលើសេចក្តីសម្រេចចិត្តមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលមានគោលដៅទប់ទល់នឹងមហិច្ឆតាបរមាណូរបស់ប្រទេសកូរ៉េខាងជើង៕