ការតាំងចិត្តរបស់សហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ជាមុនប្រឆាំងនឹងកូរ៉េខាងជើងត្រូវបានគាំទ្រដោយសមត្ថភាពទាំងអស់របស់សហរដ្ឋអាមេរិក រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើតាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលបានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅក្នុងជំនួបមួយ កាលពីថ្ងៃព្រហស្បតិ៍ នៅខាងក្រៅសន្និសីទកំពូលរបស់អង្គការអូតង់។
មេដឹកនាំទាំងពីរក៏បានអនុញ្ញាតឱ្យមានគោលការណ៍ណែនាំស្តីពីការបង្កើតប្រព័ន្ធរួមនៃការពង្រីកការទប់ស្កាត់ជាមុនសម្រាប់ឧបទ្វីបកូរ៉េ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរនិងយោធាមកពីកូរ៉េខាងជើង។ នេះបើតាមខុទ្ទកាល័យលោកប្រធានាធិបតី Yoon។
គោលការណ៍ណែនាំអនុញ្ញាតឱ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកនៅជុំវិញឧបទ្វីបកូរ៉េ ដើម្បីទប់ស្កាត់ជាមុននិងឆ្លើយតបដល់ការវាយប្រហារដែលអាចកើតមានឡើងពីកូរ៉េខាងជើង។ នេះបើតាមលោក Kim Tae-hyo អនុប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Yoon ដែលបានប្រាប់សន្និសីទកាសែតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕