សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ពិនិត្យ​សើ​រើ​លើ​ការ​គ្រប់​គ្រង​​យោធា

​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក Ash Carter និង​លោក Han Min Koo សមភាគី​កូរ៉េ​ខាង​ត្បូង​​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​សន្តិសុខ​លើក​ទី​៤៧​ នៅក្នុង​ក្រសួង​ការពារ​ប្រទេស​ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២​ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៥។​

លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក Ash Carter និង​លោក Han Min Koo សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​លោក​បាន​ព្រមាន​ប្រទេស​កូរ៉េ​ខាងជើង​ថា ​អំពើ​ឈ្លាន​ពាន​ណា​មួយឬ​ការបង្ក​រឿង​ខាង​យោធា​ដោយ​របប​គ្រប់គ្រង​នៅ​ដាច់​ពី​គេ​នេះ​ «នឹង​មិន​ត្រូវ​បាន​អន់​ឱន​ឱ្យ​បាន​ទេ។»

លោក Carter និង​លោក Han បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ក្រុង​សេអ៊ូល​ នៅ​ក្នុង​ការពិនិត្យ​សើ​រើ​ប្រចាំ​ឆ្នាំ​នៃ​សម្ព័ន្ធភាព​យោធា​ជិត​ប្រាំ​ទសវត្សរ៍​របស់​ប្រទេស​ទាំង​ពីរ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ រដ្ឋមន្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​ប្តេជ្ញា​ថា​នឹង​«ធ្វើការ​ស្មា​ទល់​នឹង​ស្មា​ដើម្បី​បង្ហាញ​ការប្តេជ្ញា​រួម​គ្នា​របស់​ប្រទេស​ទាំង​ពីរ។» លោក​រដ្ឋមន្ត្រី​ទាំង​ពីរ​នាក់​នេះ​ក៏​បាន​សម្តែង​ «កង្វល់​យ៉ាង​ខ្លាំង» អំពី​ការ​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដែល​ថា​ខ្លួន​នឹង​ធ្វើ​ការពិសោធ​បាញ់​កាំជ្រួច​មីស៊ីល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​មួយ​លើក​ទៀត​ ឬ​ថា​នឹង​ធ្វើ​ការពិសោធ​បរមាណូ​លើក​ទី​បួន។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ទាំង​ពីរ​នាក់​នេះ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងមួយ​ ដែល​នឹង​ផ្ទេរ​ការត្រួតត្រា​ប្រតិបត្តិការ​ពេល​សង្គ្រាម​នៃ​កង​កម្លាំង​កូរ៉េ​ខាង​ត្បូង​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ក្រុង​សេអ៊ូល​វិញ ​នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​កែ​លម្អ​សមត្ថភាព​ខាង​យោធា​និង​ខាង​ការ​ស៊ើបការ​សម្ងាត់​របស់​ខ្លួន ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រតិបត្តិការ​ផ្នែក​ប្រឆាំង​នឹង​កង​កាំភ្លើង​ធំ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង៕