ក្រុមមន្ត្រីសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនបានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងនៅពេលមានសញ្ញាថា ប្រទេសឯកោមួយនេះកំពុងប្រុងប្រៀបរៀបចំធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី១ចាប់តាំងពីឆ្នាំ២០១៧មក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Sung Kim បានជួបសមភាគីកូរ៉េខាងត្បូងនិងជប៉ុនរបស់លោកគឺលោក Kim Gunn និងលោក Funakoshi Takehiro បន្ទាប់ពីការវាយតម្លៃរបស់សហរដ្ឋអាមេរិកថា កូរ៉េខាងជើងបានប្រុងប្រៀបរៀបចំទីកន្លែងសាកល្បងអាវុធនុយក្លែអ៊ែររបស់ខ្លួននៅតំបន់ Punggye-ri សម្រាប់អ្វីដែលនឹងក្លាយជាការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧របស់ខ្លួននោះ។
លោក Kim បានថ្លែងនៅឯការបើកកិច្ចប្រជុំនោះថា៖ «យើងកំពុងប្រុងប្រៀបរៀបចំអ្វីៗដែលអាចមានឡើងនៅក្នុងការសម្របសម្រួលដ៏ជិតស្និទ្ធជាមួយសម្ពន្ធមិត្តជប៉ុននិងកូរ៉េខាងត្បូងរបស់យើង»។
នៅឆ្នាំនេះ កូរ៉េខាងជើងបានសាកល្បងកាំជ្រួចបាល់លីស្ទិកជាច្រើនដង រួមទាំងកាំជ្រួចបាល់លីស្ទិកអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន ដែលជាការរំលោភការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកាន់តែច្រើនឡើងថែមទៀតលើកូរ៉េខាងជើង អំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលបាល់លីស្ទិករបស់ខ្លួន ក៏ប៉ុន្តែចិននិងរុស្ស៊ីបានបោះឆ្នោតវ៉េតូប្រឆាំងនឹងសំណើនេះដែលបានធ្វើឱ្យមានការបែកបាក់នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាកូរ៉េខាងជើងលើកទី១ ចាប់តាំងពីក្រុមប្រឹក្សានេះបានចាប់ផ្តើមដាក់ទណ្ឌកម្មលើកូរ៉េខាងជើងក្នុងឆ្នាំ២០០៦មក នៅពេលដែលកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី១របស់ខ្លួននៅពេលនោះ។
លោក Funakoshi នៃប្រទេសជប៉ុនបានបញ្ជាក់ពីតម្រូវការនៃការសម្របសម្រួលគ្នា ដោយបានសន្យា«ធ្វើឱ្យប្រសើរឡើងភាពកំញ៉ើញនៅក្នុងតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីផងដែរ»។
ក្រុមមន្ត្រីទាំងនោះបាននិយាយថា ទ្វារសម្រាប់ការសន្ទនាជាមួយកូរ៉េខាងជើងបានបើកចំហរហើយពួកគេបានសម្តែងនូវក្តីបារម្ភអំពីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បាននិយាយក្នុងពេលកន្លងទៅថា សហរដ្ឋអាមេរិកនឹងមិនភ្ជាប់បញ្ហាជំនួយមនុស្សធម៌សម្រាប់កូរ៉េខាងជើងស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់គេទៅនឹងបញ្ហាអាវុធនុយក្លេអ៊ែរនោះទេ៕
បេសកជនអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ជួបប្រជុំគ្នាដើម្បីពិភាក្សាពីភាពតានតឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើង
សេអ៊ូល —