ឆ្នាំ២០១៧មានការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យរន្ធត់នៅផ្នែកជាច្រើនរបស់ពិភពលោក ដោយស្ថានភាពរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ាស្ថិតនៅជិតលើគេក្នុងបញ្ជីរបស់លោក John Sullivan រដ្ឋមន្រ្តីការបរទេសស្តីទី។ លោក John Sullivan រដ្ឋមន្រ្តីការបរទេសស្តីទីរបស់សហរដ្ឋអាមេរិក បាននិយាយថា៖ «យើងថ្កោលទោសការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ាហើយអំពើព្រៃផ្សៃដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ហើយយើងកំពុងធ្វើការជាមួយដៃគូនានាដើម្បីដោះស្រាយវិបត្តិនេះ។ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង៦សែន៧ម៉ឺននាក់បានរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ»។
លោក John Sullivan រដ្ឋមន្រ្តីការបរទេសស្តីទីរបស់សហរដ្ឋអាមេរិក ក៏បានចុចចំឈ្មោះប្រទេសរុស្ស៊ីចំពោះការរំលោភធ្វើបាបនិងវាយប្រហារ ទាំងនៅក្នុងនិងនៅបរទេស។ លោកបានថ្លែងថា៖ «នៅទីបញ្ចប់ រដ្ឋាភិបាលរុស្ស៊ីបន្តបង្ក្រាបពួកប្រឆាំងនិងអង្គការសង្គមស៊ីវិល ទោះបីក្នុងខណៈដែលខ្លួនទន្ទ្រានឈ្លានពានប្រទេសជិតខាងរបស់ខ្លួននិងធ្វើឲ្យខ្សោយអធិបតេយ្យភាពរបស់ប្រទេសលោកខាងលិច»។
របាយការណ៍នោះមិនបានគ្របដណ្តប់សហរដ្ឋអាមេរិកទេ ក៏ប៉ុន្តែ អ្នកយកព័ត៌មានខ្លះ បានសួរថា តើការវាយប្រហារតាមពាក្យសម្តីម្តងហើយម្តងទៀតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំទៅលើសមាជិករបស់បណ្តាញព័ត៌មានបានធ្វើឲ្យអន្តរាយដល់កិត្យានុភាពរបស់អាមេរិកដែរឬទេ។ លោកឯកអគ្គរដ្ឋទូត Michael Kozak បានការពារថា សហរដ្ឋអាមេរិកជាអ្នកការពារសិទ្ធិមនុស្សសាកល។ លោកឯកអគ្គរដ្ឋទូត Michael Kozak បានថ្លែងថា៖ «ខ្ញុំគិតថា របាយការណ៍នោះបានបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទនៃបញ្ហាដែលយើងចាត់ទុកជាការរឹតត្បិតមិនត្រឹមត្រូវលើសេរីភាពបណ្តាញព័ត៌មាន។ ដូចដែលខ្ញុំបាននិយាយហើយថា ការប្រើប្រព័ន្ធផ្លូវច្បាប់ដើម្បីតាមចាប់សមាជិកបណ្តាញព័ត៌មាន ការប្រើកម្លាំងជាដើម វាមិនមែនជាលក្ខណៈត្រឹមត្រូវក្នុងប្រទេសមួយទេ»។
អង្គការសិទ្ធិមនុស្ស Amnesty International បានចេញសេចក្តីថ្លែងការណ៍រិះគន់ ពីការផ្លាស់ប្តូររបាយការណ៍ពីអតីតកាលស្តីពី «ផ្នែកសិទ្ធិបន្តពូជ» ហើយបានដាក់កំហុសអ្វីដែលពួកគេបានហៅថា ការយល់ព្រមរបស់រដ្ឋបាលប្រធានាធិបតីត្រាំដល់ប្រទេសរំលោភសិទ្ធិមនុស្សសំខាន់ៗដូចជា ប្រទេសអារ៉ាប៊ីសាអូឌីត និងតួកគី។ របាយការណ៍នោះក៏បានប្រមូលចងក្រងពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេសអារ៉ាប៊ី សាអូឌីត និងតួកគីដែរ៕
ប្រែសម្រួលដោយជឹង ប៉ូជីន