សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់ប្រកបដោយជោគជ័យនូវកាំជ្រួចមីស៊ីលដែលបាញ់ចូលមក។ ការណ៍នេះកំពុងធ្វើឲ្យមានភាពល្អប្រសើរឡើងនូវការការពាររបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងនៃការបាញ់បង្ហោះសាកល្បងនៃកាំជ្រួចមីស៊ីលអន្តរទ្វីបកាលពីពេលថ្មីៗនេះដែលធ្វើឡើងដោយកូរ៉េខាងជើង និងដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារការពារកាំជ្រួចមីស៊ីលសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងនៅក្នុងការសាកល្បងរបស់ខ្លួនថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តរទ្វីបចេញពីយន្តហោះចម្បាំងនៅភាគខាងជើងកោះហាវ៉ៃក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ទីភ្នាក់ងារនោះបានប្រាប់ឲ្យដឹងទៀតថា ប្រព័ន្ធការពារកាំជ្រួចមីស៊ីល (THAAD) នៅក្នុងរដ្ឋអាឡាស្កាភាគឦសាន្តបានដឹង តាមដាន ហើយបាញ់ទម្លាក់ទីដៅនោះ។
ការសាកល្បងនោះជាលើកទីមួយដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីល (THAAD) នៅក្នុងការខំប្រឹងប្រែងដើម្បីបាញ់ទម្លាក់កាំជ្រួចមីស៊ីលអន្តរទ្វីបវង់ប្រតិបត្តិការមធ្យម ដែលមានល្បឿនលឿនជាង និងមានការលំបាកបាញ់ជាងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការជិត។
ទីភ្នាក់ងារការពារកាំជ្រួចមីស៊ីលអាមេរិក បានប្រាប់ឲ្យដឹងទៀតថា «ការបង្ហាញប្រកបដោយជោគជ័យនូវប្រព័ន្ធការពារកាំជ្រួចមីស៊ីល (THAAD) ប្រឆាំងនឹងការ គំរាមកំហែងកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការមធ្យមគឺដើម្បីពង្រឹងសមត្ថភាពការពារប្រទេសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងដោយកាំជ្រួចមីស៊ីលនៅក្នុងប្រទេសកូរ៉េខាងជើង និងប្រទេសផ្សេងៗទៀតនៅជុំវិញសាកលលោកហើយនិងរួមវិភាគទានដល់ស្ថាបត្យកម្មយុទ្ធសាស្ត្រដ៏ធំទូលាយមួយ៕