សហរដ្ឋ​អាមេរិក​បញ្ជូន​​វ៉ាក់សាំង​​កូវីដ​១៩​ចំនួន​២,៥​លាន​​​ដូស​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​

រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់​លោក Chen Shih-chung (ទី​៣​រាប់​ពី​ឆ្វេង) និង​លោក Brent Christensen មន្ត្រី​កំពូល​អាមេរិក​ប្រចាំ​នៅ​តៃវ៉ាន់ (ទី​៤​រាប់​​ពី​ឆ្វេង) ​ស្វាគមន៍​យន្តហោះ​​​តៃវ៉ាន់​ដែល​ដឹក​វ៉ាក់សាំង​​កូវីដ១៩​ពី​ទីក្រុង Memphis សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា។

សហរដ្ឋ​អាមេរិកនិយាយ​ថា​ខ្លួន​បាន​បញ្ជូន​វ៉ាក់សាំងកូវីដ​១៩​ចំនួន​២​លាន​៥សែន​ដូសទៅ​ឲ្យ​កោះ​តៃវ៉ាន់​ដែល​នេះ​ជា​ចំនួន​កើន​ឡើង​យ៉ាង​ខ្ពស់​លើស​ពី​ការ​សន្យា​លើកដំបូង​ដែល​មាន​ចំនួន​ត្រឹម​តែ​៧៥​ម៉ឺន​ដូស​តែ​ប៉ុណ្ណោះ។​

ប្រធានាធិបតី​កោះ​តៃវ៉ាន់​អ្នក​ស្រី​ Tsai Ing-wen ​លើក​ឡើង​ថា​ការ​បង្កើន​ការ​បរិច្ចាគ​វ៉ាក់សាំងនេះគឺ​ជា​«កាយ​វិការ​មិត្តភាព​មួយ»។​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​ធ្លាប់​បាននិយាយ​ថា​រដ្ឋបាល​របស់​លោក​នឹងផ្តល់​វ៉ាក់សាំងកូវីដ​១៩​ចំនួន​៨០​លាន​ដូស​ទៅ​ឲ្យ​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក។

វ៉ាក់សាំង​នេះ​ជា​ផ្នែក​មួយ​នៃចំនួន៥០០​លាន​ដូស​ដែល​សហរដ្ឋ​អាមេរិក​បានប្តេជ្ញា​ចិត្ត​នឹងបរិច្ចាគ​ទៅ​ឲ្យ​កន្លែង​ប្រមាណ​ជិត​១០០​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាង​មុខ​នេះ។

រដ្ឋបាល​របស់​លោក​Biden​មាន​គម្រោង​នឹង​ផ្តល់វ៉ាក់សាំង​ចំនួន​២០០លាន​ដូសក្នុង​ឆ្នាំ​នេះ​និង​៣០០​លាន​ដូស​ទៀត​នៅ​ឆ្នាំ​២០២២ខាង​មុខ​ឲ្យ​ប្រទេស​ចំនួន​៩២​និង​សហភាពអាហ្វ្រិក​ផង​ដែរ។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​អាមេរិក​ចំនួន​ប្រមាណ​៤៥%​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំងគ្រប់ដូស។​នេះ​បើ​យោង​ទៅ​លើ​ស្ថិតិ​របស់​សាកល​វិទ្យាល័យ​ Johns Hopkins។

ផ្ទុយ​ទៅវិញ​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជា​ពលរដ្ឋប្រមាណ​១.៣០០​លាន​នាក់​នោះបានចាក់​វ៉ាក់សាំងទៅ​ឲ្យ​ពលរដ្ឋរបស់​ខ្លួន​ទើប​សម្រេច​បាន​តែ​ជាង​៣%​ប៉ុណ្ណោះ។​

ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យថា​ប្រទេស​ឥណ្ឌា​មានអ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ជាង​៥៨.០០០​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​និង​ធ្វើ​ឲ្យ​ប្រទេ​ស​នេះ​មាន​អ្នក​ឆ្លង​សរុប​ទាំង​អស់​រហូត​មក​ដល់​ពេល​នេះ​ឡើង​ដល់​ជិត​៣០​លាន​នាក់​ហើយ។​សហរដ្ឋ​អាមេរិកនៅ​តែ​ស្ថិត​ជា​ប្រទេស​លំដាប់​ទី​មួយ​ដែល​មាន​អ្នក​ឆ្លងជំងឺកូវីដ​១៩​សរុប​ច្រើន​បំផុត​នៅ​ក្នុង​ពិភព​លោកគឺ​ចំនួន​៣៣.៥០០.០០០​នាក់៕