ព្រឹទ្ធសភា​អាមេរិក​ផ្សព្វផ្សាយ​ច្បាប់​សន្តិសុខ​ ដែល​រួម​មាន​ជំនួយ​សម្រាប់​អ៊ុយក្រែន​និង​​អ៊ីស្រាអែល​ផង​ដែរ

រូបឯកសារ៖ មេដឹកនាំព្រឹទ្ធសភាភាគច្រើន ​លោក Chuck Schumer ឆ្លើយ​សំណួរ​នៅពេល​លោក​ជួប​ជាមួយ​អ្នកកាសែត​នៅ​វិមានសភា ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។

សេចក្តី​ព្រាង​ច្បាប់​សន្តិសុខថ្មី​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយបាន​ប្រឈម​នឹង​ភាព​មិនច្បាស់លាស់​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បើ​ទោះបី​ជាមាន​ការ​សម្របសម្រួលចរចាគ្នា​អស់​ជា​ច្រើន​ខែ​ ​ជុំវិញ​វិធានការ​របស់​គណបក្ស​ទាំង​ពីរកន្លង​ទៅ ដែល​រួម​មាន​ថវិកា​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន ប្រទេស​អ៊ីស្រាអែលនិង​ជំនួយ​មនុស្សធម៌ ក៏​ដូច​ជាការ​កែទម្រង់​ចំពោះអ្នក​ស្វែង​រក​សិទ្ធិជ្រកកោននៅ​តាម​បណ្តោយ​ព្រំដែន​អាមេរិកនិង​ម៉ិកសិក​ផង​ដែរ។

មេដឹកនាំ​សំឡេង​ភាគច្រើនក្នុង​ព្រឹទ្ធសភា​អាមេរិក​ លោក Chuck Schumer មាន​កំណត់​នឹងដាក់សេចក្តី​ព្រាង​ច្បាប់នេះ​សម្រាប់​ការបោះឆ្នោត​បឋម​មួយក្នុង​ព្រឹទ្ធសភានៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​និយាយ​ថា​ «អាទិភាពរបស់​ច្បាប់​នេះ​ មាន​សារៈសំខាន់​ខ្លាំង​ ដោយ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ និង​មាន​ការចាំបាច់​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ឡើយ«។​

លោក​បាន​ហៅ​ច្បាប់​នេះ​ថា «ជា​ជំហាន​ដ៏​ធំ​មួយ ឆ្ពោះ​ទៅ​ពង្រឹង​សន្តិសុខជាតិ​អាមេរិក​នៅ​ក្រៅ​ប្រទេស​និង​នៅ​តាម​បណ្តាយ​ព្រំដែន​របស់​ខ្លួន»។​

ប៉ុន្តែ​ក្រោយ​ពី​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​បាន​បន្តិច​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក Mike Johnson និយាយ​ថា​ ប្រសិន​បើ​ច្បាប់​នេះឆ្លងផុតព្រឹទ្ធសភា​អាមេរិកដែល​គណបក្ស​ប្រជាធិបតេយ្យមាន​សំឡេង​ភាគ​ច្រើននោះ​ ​ ​ក៏​ច្បាប់​នេះ​នឹង​ត្រូវ​ជាប់គាំង​ភ្លាមៗនៅ​ពេល​បញ្ជូន​មក​ដល់​រដ្ឋសភា​អាមេរិក​ ​ដែល​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​។​

សម្រាប់​ប្រទេស​អ៊ុយក្រែន ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​៦០ពាន់លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​ ខណៈដែល​ប្រទេស​អ៊ីស្រាអែល​នឹង​ទទួល​បាន​១៤ពាន់​លាន​ដុល្លារជា​ជំនួយ​សន្តិសុខ​ ហើយ​ទឹក​ប្រាក់​១០ពាន់លាន​ដុល្លារ​ទៀត​ ជាជំនួយ​មនុស្សធម៌​សម្រាប់​ជនស៊ីវិល​នៅ​ក្នុង​តំបន់​ដែលមាន​ជម្លោះ​ដូច​ជា ​ប្រទេស​អ៊ុយក្រែន​ តំបន់​ហ្កាហ្សា​ និង​តំបន់​ West Bank ជា​ដើម។

ដោយ​ឡែក​ទឹក​ប្រាក់​ចំនួន​២ពាន់​៤រយលានដុល្លារ​ គឺ​សម្រាប់​កិច្ចប្រឹងប្រែង​ផ្នែក​យោធា​ ដើម្បី​ទប់ទល់​ការវាយប្រហារ​នៅ​ក្នុង​សមុទ្រ​ក្រហម​ ខណៈទឹក​ប្រាក់ចំនួន​៤ពាន់​៨០០​លាន​ដុល្លារ​ នឹង​ជួយ​គាំទ្រ​ដល់​ដៃគូ​ផ្សេងៗទៀត ​ ដែល​កំពុង​ប្រឈម​នឹង​ភាព​គឃ្លើន​របស់​ប្រទេស​ចិនក្នុង​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក។

សមាជិក​រដ្ឋសភា​អាមេរិក​និង​អតីត​ប្រធានាធិបតីអាមេរិក​លោក​ Donald Trump ​បានរិះគន់ការ​ប្រឹងប្រែងរបស់​ព្រឹទ្ធសភា​អាមេរិក​ថា ធ្វើ​ការងារ​មិនគ្រប់គ្រាន់ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ព្រំដែន​នៅ​ឡើយ​។

ចំណែក​លោកBiden បាន​សរសើរច្បាប់​របស់​ព្រឹទ្ធសភា​អាមេរិក​នេះ​ ដោយ​និយាយ​ថា​ ច្បាប់​នេះ​បាន​ដាក់​បញ្ជូលកំណែ​ទម្រង់​ត្រឹមត្រូវ​និងភាព​តឹងតែង​បំផុត​លើ​បញ្ហាសន្តិសុខ​ព្រំដែន​ ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេលក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ។

ទន្ទឹមនឹងនេះ​ មេដឹកនាំ​សំឡេង​ភាគ​តិច​ព្រឹទ្ធសភា​អាមេរិក​លោក ​Mitch McConnell បានបង្ហាញ​ការគាំទ្រ​របស់​លោក​លើ​ច្បាប់​នេះ​ ដោយ​និយាយ​ថា​ ព្រឹទ្ធសភា​អាមេរិក​ ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើការ​លើ​រឿង​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​AP ​និង Reuters.