គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក គូស​បញ្ជាក់​ពី​បរាជ័យ​ផ្នែក​សន្តិសុខ​និងចារកម្ម​ជុំវិញ​ការវាយ​ប្រហារ​ទៅលើ​វិមាន​សភា​អាមេរិក​

រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​លោក Donald Trump ដោយ​រួមមាន​លោក Jacob Chansley (ស្តាំ) បាន​ប្រឈមមុខ​នឹង​ប៉ូលិស​ការពារ​​វិមាន​សភា​កាពីតូល នៅផ្នែក​ខាងក្រៅ​ព្រឹទ្ធសភា​នៅ​ខាងក្នុង​វិមាន​សភា​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

គណៈ​កម្មការ​ព្រឹទ្ធសភាអាមេរិក​២ បាន​ចេញ​ផ្សាយ​របាយការណ៍​រួមគ្នា​មួយនៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ដោយ​និយាយ​លម្អិត​ពី«បរាជ័យនៃ​បញ្ហា​សន្តិសុខ​និង​ចារកម្ម​មួយចំនួន»នៅ​មុន​ពេល ​និង​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​វិមាន​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា​ ឆ្នាំ​២០២១​ កន្លង​ទៅ ​ដោយក្រុមអ្នកប្រឆាំងតវ៉ា។

របាយការណ៍​នោះ​ បាន​បញ្ជាក់​ថា «ការវាយ​ប្រហារ​ទៅ​លើ​វិមាន​សភា​អាមេរិក​នៅ​ថ្ងៃ​ទី​៦​ ខែ​មករា ឆ្នាំ​២០២១​នោះ​ មិន​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​វិមាន​សភា​អាមេរិក​តែ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​វាយ​ប្រហារ​ទៅ​លើលទ្ធិប្រជា​ធិបតេយ្យ​ផង​ដែរ។​ ស្ថាប័ន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារសន្តិសុខ​និង​រក្សាអគារ​វិមាន​សភា​ និង​អ្នក​ទាំង​អស់​ដែលស្ថិត​ក្នុង​ទីតាំងវិមាន​សភា មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ទប់​ទល់ទៅ​លើ​ការ​វាយ​ប្រហារ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ដឹង​ជា​មុន​រួច​ទៅ​ហើយ​នូវអំពើហិង្សា​ដែល​អាច​កើត​មាន​សំដៅ​ទៅលើ​វិមាន​រដ្ឋ​សភា​អាមេរិក​ក្តី»។

គណៈ​កម្មា​ធិការ​វិន័យ​និងគណៈ​កម្មាធិការ​សន្តិសុខ​មាតុភូមិ​របស់​ព្រឹទ្ធសភា​អាមេរិក​ បានបើក​ការ​ស៊ើប​អង្គេតមួយ​ ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​ទាំង​ពីរ​ កាល​ពី​ខែ​កុម្ភៈកន្លង​ទៅ​ ដោយ​ក្នុង​នោះមាន​ការ​ផ្តល់​សក្ខីកម្មពី​ប្រធាន​ប៉ូលិស​ការពារ​វិមាន​សភា​ និង​ទីភ្នាក់​ងារ​អនុវត្ត​ច្បាប់​ផ្សេងៗ​ ក៏​ដូច​ជាមន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ដែល​ធ្លាប់​បម្រើ​ការងារ និង​កំពុង​បម្រើ​ការ​ងារ​នៅ​ក្រសួងការពារ​ជាតិ និង​ក្រសួងសន្តិសុខ​មាតុភូមិ​អាមេរិក​ផង​ដែរ។ គណៈកម្មាធិការទាំង​ពីរ​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គេ​បាន​ត្រួត​ពិនិត្យ​មើល​នូវ​ឯកសារ​រាប់​ពាន់​ច្បាប់​ និង​បាន​ទទួល​ការ​បញ្ជាក់​ជា​លាយ​លក្ខណ៍​អក្សរ​ពី​មន្ត្រី​ប៉ូលិស​ការពារ​វិមាន​សភា​ចំនួន​៥០​នាក់​ផង​ដែរ។

របាយការណ៍ស្រាវ​ជ្រាវ​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា «កត្តា​គន្លឹះ​ដែល​នាំ​ឲ្យមាន​ព្រឹត្តិការណ៍​សោដនាកម្ម​នៅ​ថ្ងៃ​ទី​៦ មករា​នោះ គឺ​ភាព​បរាជ័យនៃ​សហគមន៍​ចារកម្ម​ ដែល​មិន​បាន​វិភាគ និង​វាយ​តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ទៅ​ដល់​ក្រុម​អនុវត្ត​ច្បាប់​ ជុំវិញ​អំពើ​ហិង្សា​ដែល​នឹងអាច​កើត​មាន​ឡើង​ ក៏​ដូច​ជា​ការ​គំរាម​កំហែង​ដែល​បាន​ដឹង​ជា​មុន​ ទៅ​ឲ្យក្រុម​សមាជិក​និង​អ្នក​ធ្វើ​ការ​នៅវិមាន​សភា​នៅ​ថ្ងៃ​នោះ​ដើម្បី​ត្រៀម​ខ្លួន»។

គណៈ​កម្មាធិការ​ទាំង​ពីរ​នេះលើក​ឡើង​ថា​ ភាព​បរាជ័យ​នៃ​ចារកម្ម​ទាំង​នោះ រួម​មានការខ្វះ​ខាត​ការ​វាយ​តម្លៃនៃការ​គំរាម​កំហែង​ ដែល​មិន​ត្រូវ​បាន​ដាក់​ចេញ​ដោយការិយាល័យ​ស៊ើប​អង្គេត​សហព័ន្ធ​ FBI ឬ​ក៏​ក្រសួងសន្តិសុខ​មាតុភូមិ​អាមេរិក បើ​ទោះ​បី​ជា​មាន​ការអំពាវនាវ​អន​ឡាញឲ្យ​មាន​អំពើ​ហិង្សានៅ​វិមាន​សភា​យ៉ាង​ណា​ក្តី។ ទន្ទឹម​នឹង​នេះ​ដែរ​ សាខា​ចារកម្ម​របស់​ប៉ូលិស​វិមាន​សភា ក៏​មិន​បាន​ចែក​រំលែក​ព័ត៌មាន​ដែល​ខ្លួន​មានស្តី​ពី​ការ​គំរាម​កំហែងនៃ​អំពើ​ហិង្សា​នោះ​ទៅ​ឲ្យមន្ត្រី​ថ្នាក់​លើ​របស់​ខ្លួន​ផង​ដែរ៕