ព្រឹទ្ធសភាអាមេរិកចាប់ផ្តើមជំនុំជម្រះជាប្រវត្តិសាស្ត្រដកតំណែងប្រធានាធិបតីត្រាំ
លោក Michael Stenger ប្រធានសន្តិសុខព្រឹទ្ធសភាសហរដ្ឋអាមេរិក អមដំណើរក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការកាត់ទោសដកតំណែងប្រធានាធិបតី (impeachment managers) ចូលទៅក្នុងសាលព្រឹទ្ធសភា ពីក្រោយលោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាពីខាងគណបក្សសាធារណរដ្ឋ ខណៈពួកគេមកចូលរួមដំណាក់កាលដំបូងនៃនីតិវិធីដ៏កម្រនៃការកាត់ទោសដកតំណែងប្រធានាធិបតីនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា ឆ្នាំ២០២០។ ក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការកាត់ទោសដកតំណែងប្រធានាធិបតី រួមមានលោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា លោក Jerrold Nadler គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា លោក Hakeem Jeffries ប្រធានក្រុមគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា និងលោកស្រី Zoe Lofgren អ្នកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ។
លោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាអានផ្លូវការបទចោទប្រកាន់ចំនួនពីរចំណុច។
ក្នុងរូបថតថតពីវីដេអូផ្សាយពីក្នុងសាលព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែមករា ឆ្នាំ២០២០ លោក Chuck Grassley សមាជិកព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋធ្វើការស្បថប្រធានតុលាការកំពូលលោក John Roberts ឲ្យចូលតួនាទីជាប្រធាននៃដំណើរការកាត់ទោសដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។