ជំនួបកម្រិតខ្ពស់មួយរវាងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនលោក Wang Xiaohong គឺជាមូលហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកមានក្ដីសង្ឃឹមថា កិច្ចពិភាក្សាផ្សេងៗនៅពេលបច្ចុប្បន្ននេះនឹងអាចជួយកាត់ផ្ដាច់លំហូរគ្រឿងញៀននានាដូចជាថ្នាំញៀនហ្វេនតានីល (Fentanyl) ជាដើមមិនឱ្យចូលមកក្នុងសហរដ្ឋអាមេរិក។
លោក Mayorkas បានជួបជាមួយលោក Wang Xiaohong នៅទីក្រុងវីយែននៃប្រទេសអូទ្រីសកាលពីថ្ងៃទី ១៨ ខែកុម្ភៈកន្លងទៅនេះ ដើម្បីពិភាក្សាអំពីការបញ្ឈប់ការរីករាលដាលនៃថ្នាំញៀនហ្វេនតានីលនិងសារធាតុគីមីដែលប្រើសម្រាប់ផលិតថ្នាំញៀននេះ។
សំណៅអត្ថបទរបស់សហរដ្ឋអាមេរិកអំពីជំនួបនេះបានបង្ហាញថា ជំនួបនេះមានលក្ខណៈ «ស្មោះត្រង់និងស្ថាបនា»។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី ២០ ខែកុម្ភៈថា មានសញ្ញាបង្ហាញអំពីការវិវឌ្ឍទៅមុខ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «នេះជាកិច្ចប្រជុំប្រកបដោយផ្លែផ្កាបំផុត»។
មន្ត្រីរូបនេះបានបន្ថែមថា ជំនួបលើកដំបូងរវាងលោក Mayorkas និងលោក Wang Xiaohong នេះមានរយៈពេលប្រហែល ៤ ម៉ោង ដោយការពិភាក្សាបានបន្តធ្វើសូម្បីតែនៅក្នុងពេលទទួលទានអាហារពេលល្ងាចក៏ដោយ។
ជំនួបនៅក្នុងទីក្រុងវីយែននេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំតាមអនឡាញមួយកាលពីខែមករារវាងលោក Mayorkas និងលោក Wang Xiaohong ក៏ដូចជាកិច្ចប្រជុំរបស់ក្រុមការងារប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក-ចិនកាលពីថ្ងៃទី ៣០ ខែមករាផងដែរ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានថ្លែងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយពន្យល់អំពីសុទិដ្ឋិនិយមបែបប្រយ័ត្នប្រយែងរបស់សហរដ្ឋអាមេរិកថា៖ «យើងមានវិធានការជាក់លាក់ជាច្រើន»។
មន្ត្រីរូបនេះបានលើកឡើងដូច្នេះថា៖ «យើងឃើញថា ប្រទេសចិនចាត់វិធានការពាក់ព័ន្ធនឹងក្រុមហ៊ុនជាក់លាក់មួយចំនួន។ យើងក៏បានដឹងផងដែរថា ពួកគេបានចែករំលែកព័ត៌មានជាមួយក្រុមប្រឹក្សាអន្តរជាតិប្រឆាំងគ្រឿងញៀន (International Narcotics Control Board) ដែលជួយប្រទេសផ្សេងទៀតក្នុងការតាមដានរកបុគ្គលនិងសារធាតុគីមីទាំងនេះ»។
មន្ត្រីរូបនេះបានបន្ថែមថា៖ «នៅទីបំផុត គោលដៅរបស់យើងគឺបញ្ឈប់លំហូរសារធាតុគីមីដើមដែលហូរចេញពីប្រទេសចិនទៅកាន់ប្រទេសម៉ិកស៊ិក និងបញ្ឈប់គ្រឿងញៀនដែលហូរចេញពីប្រទេសម៉ិកស៊ិកមកកាន់សហរដ្ឋអាមេរិក»។
ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានរាយការណ៍ថា មន្ត្រីចិនក៏បានចាត់ទុកកិច្ចប្រជុំនៅទីក្រុងវីយែននេះថាមានលក្ខណៈស្ថាបនាដែរ ប៉ុន្តែថា មន្ត្រីចិនក៏បានផ្ដោតលើការរឹតត្បិតទិដ្ឋាការរបស់សហរដ្ឋអាមេរិកសម្រាប់និស្សិតចិនផងដែរ។
លោក Wang Xiaohong បានប្រាប់លោក Mayorkas ថា សហរដ្ឋអាមេរិកគួរតែ «បញ្ឈប់ការយាយីនិងការសួរចម្លើយនិស្សិតចិនដោយគ្មានហេតុផល និងធានាយ៉ាងណាឱ្យពលរដ្ឋចិនទទួលបានការប្រព្រឹត្តិមកលើខ្លួនដោយយុត្តិធម៌និងពោរពេញដោយសេចក្ដីថ្លៃថ្នូរនៅពេលពួកគេចូលទៅដល់សហរដ្ឋអាមេរិក»។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបដែលបានថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃទី ១២ ខែកុម្ភៈ បានទទួលស្គាល់ថា មន្ត្រីចិនបានលើកឡើងអំពីក្ដីបារម្ភពាក់ព័ន្ធទៅនឹងការរឹតត្បិតទិដ្ឋាការរបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកបានបដិសេធបកស្រាយបន្ថែមអំពីរឿងនេះ ដោយនិយាយថា គោលដៅនៃកិច្ចប្រជុំនោះគឺផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
ជំនួបរវាងលោក Mayorkas និងលោក Wang Xiaohong នេះបានធ្វើឡើងក្នុងពេលពីរថ្ងៃក្រោយមកបន្ទាប់ពីមានការពិភាក្សានៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់រវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi លើបញ្ហាជាច្រើន ដែលក្នុងនោះរួមមានទាំងកិច្ចប្រឹងប្រែងរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងការឆែកឆេររបស់សហរដ្ឋអាមេរិកលើពលរដ្ឋចិនផងដែរ៕
ប្រែសម្រួលដោយលោក នៀម ឆេង