សហរដ្ឋអាមេរិក កំពុងស្វះស្វែងឲ្យមានការបោះឆ្នោតគាំទ្រខ្លួនសម្រាប់តំណែងជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្ទាប់ពីលោកអតីតប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សានេះមក។ នេះ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។
លោក Blinken បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងសារជាវីដេអូមួយថា៖ «ខ្ញុំរីករាយនឹងប្រកាសថា សហរដ្ឋអាមេរិកនឹងស្វែងរកការបោះឆ្នោតគាំទ្រសម្រាប់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងអាណត្តិឆ្នាំ ២០២២ ដល់ ២០២៤»។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកស្នើដោយការគោរពដល់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ឲ្យផ្ដល់ការគាំទ្រចំពោះការប្រឹងប្រែងរបស់ខ្លួននៅក្នុងការទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើងវិញ»។
សហរដ្ឋអាមេរិក បានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងចូលរួមឡើងវិញជាមួយបណ្ដាប្រទេសទាំង ៤៧ ដែលជាសមាជិកនៃក្រុមប្រឹក្សានេះ ក្រោយពេលដែលរដ្ឋបាលរបស់លោក Trump បានដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សានេះ កាលពីខែមិថុនា ឆ្នាំ២០១៨ មក។
ទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបេ្ដជ្ញាថា នឹងចាប់ផ្ដើមចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខនេះភ្លាមៗក៏ដោយ ក៏ខ្លួនមិនអាចទទួលបានសមាជិកភាព ដែលខ្លួនបានបោះបង់ចោលកាលពី៣ឆ្នាំមុននេះឡើងវិញ ដោយស្វ័យប្រវត្តិនោះឡើយ។
ការបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់នៃតំណែងជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខនេះ នឹងធ្វើឡើងនៅក្នុងឆ្នាំនេះ៕