រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin បានមកដល់រាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ សម្រាប់ជំនួបទេ្វភាគីមួយចំនួនដើម្បីពិភាក្សាលើបញ្ហាការពារជាតិ ជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសកម្ពុជា។
វត្តមានរបស់លោក Lloyd Austinនៅប្រទេសកម្ពុជាគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទីដែលលោកបានចូលរួមវេទិកាសន្តិសុខតំបន់ Shangri-La ក្នុងប្រទេសសិង្ហបុរី។ លោកបានមកតំបន់នេះចំនួន១០លើកមកហើយ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Holzer Wesley បញ្ជាក់ប្រាប់វីអូអេឱ្យដឹងតាមសារអ៊ីមែលនៅថ្ងៃអង្គារនេះ ថា ទស្សនកិច្ចរបស់លោកAustinគឺជាដំណើរទស្សនកិច្ចទ្វេភាគីជាលើកទីមួយរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយជាលើកទី២របស់លោក Austin មកកម្ពុជា បន្ទាប់ពីលោកបានចូលរួមកិច្ចរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកកាលពីខែវិច្ឆិកាឆ្នាំ២០២២។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា៖ «លោករដ្ឋមន្ត្រីការពារជាតិ (Lloyd) Austin កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបប្រជុំទ្វេភាគី ពិភាក្សាលើបញ្ហាការពារជាតិជាមួយថ្នាក់ដឹកនាំកម្ពុជាជំនាន់ថ្មី»។
នៅប្រទេសសិង្ហបុរី ប្រមុខការពារជាតិអាមេរិក លោកLloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានជួបប្រជុំដោយផ្ទាល់ជាលើកដំបូងនៅខាងក្រៅសន្និសីទកំពូល Shangri-La Dialogue។ មន្ត្រីទាំងពីររូបបានផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាចម្រូងចម្រាសនានា រួមទាំងភាពតានតឹងដែលកំពុងកើនឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលជាការប្រឈមមុខដាក់គ្នាដែលកំពុងបន្តកើតមានឡើងរវាងហ្វីលីពីននិងចិននៅសមុទ្រចិនខាងត្បូង ក៏ដូចជាជម្លោះសាកលធំៗនានាដូចជាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននិងជម្លោះនៅមជ្ឈិមបូព៌ា។
អំឡុងពេលមានវត្តមានក្នុងប្រទេសសិង្ហបុរី លោកក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានថ្លែងថា មានការវិវឌ្ឍជាច្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបានមកពីទស្សនវិស័យរួមសម្រាប់តំបន់ ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកទូលាយនិងសេរី។ លោកបានបន្ថែមថាសហរដ្ឋអាមេរិកកំពុងកសាងសមត្ថភាពក្នុងតំបន់។
គេមិនទាន់ដឹងថា លោកAustin នឹងមានការពិភាក្សាលើបញ្ហាអ្វីជាក់លាក់ ជាមួយថ្នាក់ដឹកនាំប្រទេសកម្ពុជាទេ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកជាញឹកញាប់បានសម្តែងក្តីបារម្ភពីការធ្វើទំនើបកម្មយោធានៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
កាលពីឆ្នាំ២០២២ គឺនៅពេលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន សហរដ្ឋអាមេរិក និងអាស៊ាន បានសម្រេចដំឡើងទំនាក់ទំនងដល់ កម្រិតដៃគូយុត្តិសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនឹងបើកផ្លូវឱ្យប្រទេសទាំង១០នៅអាស៊ានរួមទាំងកម្ពុជាបន្ត ឬបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានទាំងវិស័យយោធានិងសន្តិសុខ ដែលជាក្តីបារម្ភមួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហិ្វកជាតំបន់អាមេរិកចាត់ទុកថាជាអាទិភាព៕