រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការជ្រៀតជ្រែករបស់រុស្ស៊ីចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានបង្កើតឲ្យមាន «ការមិនទុកចិត្តគ្នាយ៉ាងខ្លាំង»។ លោកក៏បាននិយាយផងដែរថា លោក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានពិភាក្សាអំពី «កិច្ចការជាច្រើន» ដែលត្រូវធ្វើទាក់ទិននឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។
មន្ត្រីការទូតកំពូលទាំងពីររូបនេះមានជំនួបពិភាក្សាគ្នានេះ ដាច់ដោយឡែកពីកិច្ចប្រជុំវេទិកាតំបន់អាស៊ាននៅក្នុងប្រទេសហ្វីលីពីន ដែលនៅទីនោះ លោក Tillerson បាននិយាយថា លោកបានប្រាប់លោក Sergei Lavrov ថា សហរដ្ឋអាមេរិកនឹងឆ្លើយតបនៅត្រឹមថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ ចំពោះការបញ្ជារបស់រដ្ឋាភិបាលរុស្ស៊ីឲ្យដកមន្ត្រីការទូត និងបុគ្គលិកស្ថានទូតរាប់រយនាក់ ចេញពីស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី។
ជំនួបនេះគឺជាជំនួបកម្រិតខ្ពស់ដំបូងបង្អស់រវាងប្រទេសទាំងពីរ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចុះហត្ថលេខាទាំងស្ទាក់ស្ទើរលើច្បាប់ដាក់ទណ្ឌកម្មថ្មីឲ្យចូលជាធរមានកាលពីសប្ដាហ៍មុន ដើម្បីដាក់ទោសដល់រុស្ស៊ីចំពោះការជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលជួយឲ្យលោកឈ្នះឆ្នោត។
លោក Sergei Lavrov បាននិយាយថា ទោះបីជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាច្រើនកាលពីពេលថ្មីៗនេះក៏ដោយ ក៏រដ្ឋាភិបាលរុស្ស៊ីគិតថា សមភាគីអាមេរិកគួរតែរក្សាការពិភាក្សាគ្នាឲ្យនៅតែបើកចំហដដែល ដោយមិនមានជម្រើសណាផ្សេងពីករណីនេះទេ៕