អាមេរិក​ថា​ចិន​បញ្ឈប់​ការចរចា​គ្រប់គ្រង​សព្វាវុធ​នឹង​ធ្វើ​ឲ្យ​ខូច​ស្ថិរភាព​យុទ្ធសាស្ត្រ

ពលរដ្ឋ​កាន់ទង់ជាតិ​ចិន​ឈរ​មើល​រថយន្ត​ដាក់​មីស៊ីល​ DF-41 កាលពីថ្ងៃទី​០១ តុលា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​បាន​ហៅ​ការសម្រេចចិត្ត​របស់​ចិន​ក្នុង​ការផ្អាក​កិច្ចចរចា​ដើម្បី​គ្រប់គ្រង​អាវុធជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ទើប​តែ​បាន​ចាប់​ផ្តើម​ដំណើរការ​ថា​ «ជាអកុសល» ​ដោយ​កត់សម្គាល់​ថា​ប្រទេស​ចិន​បាន​ជ្រើសរើស​មិន​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ជា​យុទ្ធសាស្ត្រ ​និង​បង្កាការប្រណាំង​សព្វាវុធ​ដែល​នឹង​មាន​តម្លៃ​ច្រើន។

ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ថា​ ទីក្រុង​ប៉េកាំង​បាន​សម្រេចចិត្ត​ផ្អាក​ការពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ ទាក់ទង​នឹង​ការពិគ្រោះ​យោបល់​ជុំថ្មី​ស្តីពី​ការគ្រប់គ្រង​អាវុធ​ និង​ការមិន​រីកសាយភាយ​សព្វាវុធ។

ការសម្រេចចិត្ត​នេះ​គឺជា​ការតវ៉ា​ប្រឆាំង​នឹង​ការលក់​អាវុធ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទៅឱ្យ​តៃវ៉ាន់​ ដែលជា​ដែនកោះ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​និង​គ្រប់គ្រង​ដោយ​ខ្លួនឯង​ដែល​ទីក្រុង​ប៉េកាំង​ទាមទារ​ជា​ទឹកដី​របស់​ខ្លួន។

កាលពី​ថ្ងៃទី៦​ ខែវិច្ឆិកា ឆ្នាំ២០២៣ ​មន្ត្រី​មកពី​សហរដ្ឋ​អាមេរិក​ និង​ចិន​បាន​ជួប​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ការកាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្រ្តនៅ​ក្រសួង​ការបរទេស។

ការសម្រេចចិត្ត​របស់​ចិន​ក្នុង​ការបញ្ឈប់​កិច្ចចរចា​កាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ​ថ្មី​នេះ​ ត្រូវបាន​គេ​ពិពណ៌នា​ថា​មិនមែន​ជា​ការខាតបង់​ដ៏​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​នោះ​ទេ​ ដោយសារតែ​មន្ត្រី​ចិន​មិន​បាន​ស្នើ​គំនិត​ផ្តួចផ្តើម​ណាមួយ​ក្នុង​អំឡុងពេល​ពិភាក្សា​កាលពី​ខែវិច្ឆិកា។ ​ នេះ​បើយោង​តាម​ប្រភព​ដែល​ដឹង​អំពី​បញ្ហា​នេះ៕​

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​បាន​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំងAFP។