លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា ប្រទេសអារ៉ាប់ប៊ីសាអូឌីតនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនបានរៀបចំបញ្ជីលក្ខខណ្ឌមួយចំនួនសម្រាប់ប្រទេសកាតា ហើយលោកក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំមើលជម្លោះការទូតរវាងបណ្តាប្រទេសនៅតាមបណ្តោយឈូងសមុទ្រពែកឆ្ពោះទៅរកដំណោះស្រាយមួយ។
លោក Tillerson បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសង្ឃឹមថា បញ្ជីលក្ខខណ្ឌនេះនឹងត្រូវបង្ហាញដល់ប្រទេសកាតា ហើយនឹងត្រូវមានលក្ខណៈសមស្របនិងអាចធ្វើបាន»។
ប្រទេសអារ៉ាប់ប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអារ៉ាប់រួមបានលើកឡើងពីវិធានការធ្វើឲ្យប្រទេសកាតាឯកោកាលពី២សប្តាហ៍មុន ដែលបានបង្កឲ្យមានវិបត្តិអាក្រក់បំផុតក្នុងចំណោមបណ្តាប្រទេសនៅតាមឈូងសមុទ្រពែកក្នុងរយៈពេលជាច្រើនឆ្នាំនេះ។ បណ្តាប្រទេសទាំងនេះបានចោទប្រទេសកាតាថាគាំទ្រអំពើភេរវកម្ម ប៉ុន្តែរដ្ឋាភិបាលក្រុង ដូហា បានបដិសេធយ៉ាងខ្លាំង។
លោក Tillerson បាននិយាយថា បញ្ជីលក្ខខណ្ឌនោះត្រូវបានត្រៀមរៀបចំនិងសម្រួបសម្រួលដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអារ៉ាប់រួម។ លោកបាននិយាយថា សហរដ្ឋអាមេរិកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលរបស់ប្រទេសកូវ៉ែត៕