ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងដាក់សម្ពាធលើប្រទេសតួកគីដើម្បីឲ្យពួកគេបញ្ឈប់ការវាយលុកនៅភាគខាងជើងប្រទេសស៊ីរី និងបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា និងដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមន្ត្រីតួកគី ខណៈលោកប្រធានាធីបតី Tump មានគម្រោងបញ្ជូនប្រតិភូមួយក្រុមដឹកនាំដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mile Pence ទៅកាន់រដ្ឋធានីអង់ការ៉ាដើម្បីចរចារកដំណោះស្រាយលើស្ថានភាពនេះ។
ចំណាត់ការរបស់លោក Trump ដូចនេះកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង នៅក្នុងសប្តាហ៍នេះ ចាប់តាំងពីសេតវិមានប្រកាសអំពីផែនការវាយលុករបស់តួកគីដែលគ្រោងទុកជាយូរមកហើយ ដើម្បីព្យាយាមរំដោះតំបន់នៅតាមព្រំដែនជាមួយនឹងប្រទេសស៊ីរីចេញពីការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធឃឺតដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយតួកគីបានចោទប្រកាន់ក្រុមនេះថាជាក្រុមភេរវកម្មមានជាប់ពាក់ព័ន្ធនឹងពួកផ្តាច់ខ្លួនឃឺតនៅប្រទេសតួកគី។
ការវាយលុករបស់តួកគីបានជំរុញឲ្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF ឈានដល់កិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលស៊ីរី ដែលការណ៍នេះបានធ្វើឲ្យមានការបញ្ជូនកងទ័ពស៊ីរីត្រឡប់ចូលតំបន់ភាគជើងប្រទេសវិញជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយកាលពីថ្ងៃចន្ទម្សិលមិញកងទ័ពបានធ្វើដំណើរទៅដល់ក្រុង Manbij ហើយ។
កាលពីថ្ងៃចន្ទលោក Trump បាននិយាយជាមួយនឹងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងឧត្តមសេនីយ៍ Mazloum Kobani មេបញ្ជាការកងកម្លាំង SDF ដែលសហរដ្ឋអាមេរិកបានកៀកស្មាជាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅប្រទេសស៊ីរី។
មន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា សហរដ្ឋអាមេរិកគឺជាភាគីតែមួយគត់ដែលអាចជួយសម្រុះសម្រួលភាគីទាំងសងខាងបាន»។
មន្រ្តីរូបនោះបាននិយាយទៀតថាលោក Trump បានបញ្ជាឲ្យលោក Pence ដឹកនាំប្រតិភូមួយក្រុមធ្វើដំណើរទៅប្រទេសតួកគីឲ្យបានឆាប់បំផុត ដើម្បីពិភាក្សាគ្នានិងពិនិត្យមើលថាតើអាចនឹងទទួលបានជោគជ័យលើកិច្ចព្រមព្រៀងដែរឬយ៉ាងណា៕