សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​​មន្ត្រី​ចិន​៧​នាក់​​ចំពោះ​ការ​បង្ក្រាប​​ក្នុង​ទីក្រុង​ហុងកុង

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​កាត់​បដា​ច្បាប់​សន្ដិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង ក្នុង​ទីក្រុង​ហុងកុង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​នេះ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​អាច​បង្ក្រាប​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហុងកុង​បាន។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មមន្ត្រី​ចិន​៧​នាក់ដោយសារការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងលើ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុង​កុង កាល​ពី​ថ្ងៃ​សុក្រ ទី១៦ ខែកក្កដា។ នៅ​ថ្ងៃ​ដដែល​នោះ សេតវិមានក៏​បានព្រមាន​ដល់​បណ្ដាក្រុមហ៊ុន​អាមេរិកផង​ដែរអំពីការខូច​ខាតខាងផ្លូវ​ច្បាប់​និងការ​ខូច​កេរ្តិ៍​ឈ្មោះ​ប្រសិនបើ​ពួក​គេ​ធ្វើ​អាជីវកម្មនៅ​ក្នុង​ទីក្រុងហុងកុងនៅ​ពេល​មាន​ការប្រែប្រួល​ខាងផ្លូវ​ច្បាប់នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ជាអតីត​ដែនដី​អាណានិគមអង់គ្លេស​មួយ​នេះ។

កាលពី​ថ្ងៃ​សុក្រនោះ​ដែរ​ អ្នកស្រី​ Jens Psaki អ្នកនាំពាក្យ​សេតវិមានបាននិយាយប្រាប់​ពួក​អ្នក​កាសែតនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ស្ថានការណ៍នៅ​ហុងកុង​កំពុង​បន្ដ​ធ្ងន់ធ្ងរត​ទៅ​ទៀត។ នៅ​ពេល​នេះ ហានិភ័យ​ដូច​ដែល​ត្រូវ​បាន​ប្រឈម​ក្នុង​ប្រទេស​ចិនដីគោក​កំពុងតែ​មាន​ច្រើន​ជាងមុន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ផង​ដែរ»។

រដ្ឋបាលប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden កំពុង​ពិនិត្យសើរើ​មើល​លើគោលនយោបាយរបស់​ខ្លួនចំពោះ​ប្រទេស​ចិន។ រដ្ឋបាលនេះ​បាន​ដាក់​ទណ្ឌកម្មរួច​ហើយ​ទៅ​លើពួក​មន្ត្រីនិង​ក្រុមហ៊ុន​ទាំង​ឡាយណា​ដែល​មានទាក់​ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្សដោយ​មានរួម​បញ្ចូល​ទាំង​ការ​ធ្វើបាប​ពួក​ជនអំបូរ​ Uyghur ក្នុងតំបន់​ Xinjiang ផង​ដែរ។

ការ​ដាក់​ទណ្ឌកម្មកាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែ​កក្កដានេះ​បានយក​ក្រុម​មន្ត្រី​ចិន​ដែលបានចូល​រួមក្នុងការ​បង្ក្រាប​នៅ​ក្នុង​ទីក្រុង​ហុងកុង​ជា​គោលដៅ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម។ សហរដ្ឋ​អាមេរិក​ចោទប្រកាន់ពួក​គេ​ថា​បានរំលោភ​លើ​សន្ធិសញ្ញា​ស្វ័យភាពហុងកុងឆ្នាំ២០២០​ ដែល​ដាក់ទណ្ឌកម្ម​លើពួក​បុគ្គលដែល​បាន​រួម​ចំណែក​លើ​ការ​ខកខានរបស់​ប្រទេស​ចិនក្នុង​ការថែរក្សាស្វ័យភាពខាងផ្លូវ​ច្បាប់​របស់​ដែនដី​ហុងកុង។

​ទណ្ឌកម្ម​នេះបង្កក​ទ្រព្យសម្បត្តិ​និង​ដាក់​ពិន័យឯ​ទៀតៗទៅ​លើពួកមន្ត្រី​ដែល​ធ្វើការនៅ​ក្នុង​ការិយាល័យ​ទំនាក់ទំនង​ហុងកុង​របស់​ប្រទេស​ចិនដែលតំណាងឲ្យ​ផលប្រយោជន៍​របស់ប្រទេស​ចិនក្នុង​ទីក្រុង​ហុងកុង។

នៅ​មុ​នការ​ដាក់ទណ្ឌកម្មទាំង​នេះ​ត្រូវ​បានប្រកាស លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនបាននិយាយនៅ​ក្នុងសន្និសីទ​កាសែតមួយ​ក្នុង​ទីក្រុង​ប៉េកាំង​ថា៖ «ប្រទេស​ចិន​នឹង​ឆ្លើយតប​វិញ​យ៉ាង​ម៉ឺងម៉ាត់និង​ខ្លាំងៗចំពោះ​វិធានការទាំង​ឡាយដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken បានបង្ហោះ​សារ Twitter មួយ​ថា៖ «សាធារណរដ្ឋ​ប្រជាមានិតចិនមិនត្រូវបង្ក្រាបសិទ្ធិ​និង​សេរីភាព​ទេ» ដោយលោក​និយាយ​យោងដល់​សាធារណរដ្ឋ​ប្រជាមានិតចិន​ដែលជា​ឈ្មោះ​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Blinken បានមានប្រសាសន៍​ថាការ​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​សុក្រជា​មួយនឹង​សេចក្តី​ណែនាំខាងធុរកិច្ច ដែល​ត្រូវ​បាន​ចេញ​ផ្សាយដោយ​ក្រសួង​ការបរទេស​ ក្រសួង​ហិរញ្ញវត្ថុ​ ក្រសួង​សន្តិសុខមាតុភូមិ និង​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា សហរដ្ឋ​អាមេរិក​នឹង«បន្ត​និយាយ​ការពារ​ទីក្រុង​ហុងកុង និង​ឧបត្ថម្ភ​ផ្ចុងផ្តើម​ការទទួល​ខុស​ត្រូវខ្ពស់​សម្រាប់ការមិនធ្វើ​តាមការ​សន្យា​និង​សកម្មភាព​សង្កត់សង្កិនរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកក្កដា លោក​ប្រធានាធិបតី​ Biden បាន​ជួប​ជា​មួយលោកស្រី​ Angela Merkel អធិការបតីនៃ​ប្រទេស​អាល្លឺម៉ង់នៅសេតវិមាន។ ប្រទេសអាល្លឺម៉ង់​មាន​ចំណង​ទាក់ទងពាណិជ្ជកម្មខ្លាំង​ជា​មួយ​ប្រទេស​ចិន ហើយមានការ​រារែកក្នុងការ​ចូលរួមក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិកក្នុង​ការ​ប្រឈម​មុខ​នឹង​ប្រទេស​ចិន។

មួយថ្ងៃ​មុនសហរដ្ឋ​អាមេរិក​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​ខាង​ធុរកិច្ច​ ដែល​ព្រមាន​ក្រុម​ហ៊ុនប្រកប​អាជីវកម្ម​នៅ​ក្នុង​ទីក្រុង​ហុងកុង​ លោក​ Biden បានមានប្រសាសន៍​ថា«ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​ហុងកុងកំពុង​ដុនដាប ហើយរដ្ឋាភិបាល​ចិនមិន​បាន​ធ្វើតាមការ​សន្យារបស់​ខ្លួនអំពី​ដែនដីហុងកុង​ទេ»។

លោកស្រី​ Merkel បាននិយាយដោយ​មិន​សូវ​ប្រើ​សម្ដី​ខ្លាំងៗ​ថា«វា​ជា​ការត្រឹមត្រូវតាម​ច្បាប់សម្រាប់​ប្រទេស​ចិន»ជា​មេដឹកនាំ​មួយក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​ពាណិជ្ជកម្ម​ ប៉ុន្តែ​លោកស្រី​ក៏​បានកត់សម្គាល់​ដែរ​ថាប្រទេស​ចិនត្រូវ​តែធ្វើ​«ដោយយុត្តិធម៌»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ