សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មលើមន្ត្រីគុយបាជាន់ខ្ពស់៣នាក់ដែលជាចំណាត់ការបន្តបន្ទាប់ចុងក្រោយបំផុតឆ្លើយតបនឹងការបង្ក្រាបពួកបាតុករប្រឆាំងរដ្ឋាភិបាលថ្មីៗនេះក្នុងប្រទេសនោះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាទណ្ឌកម្មនេះសំដៅមន្ត្រីក្រសួងការពារជាតិកំពូល២នាក់ចំពោះតួនាទីពួកគេបង្ក្រាបបាតុកម្មដ៏កម្រក្នុងរដ្ឋដឹកនាំដោយជនកុម្មុយនីស្តដែលមនុស្សរាប់រយនាក់បានត្រូវចាប់ដាក់ពន្ធនាគារ។
លោក Andrea M. Gacki ប្រធានការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុបាននិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន«នឹងបន្តធ្វើឲ្យអ្នកដែលអាចជួយឲ្យរដ្ឋាភិបាលគុយបារំលោភសិទ្ធិមនុស្សទទួលខុសត្រូវ។
លោកនិយាយថា«ចំណាត់ការនៅថ្ងៃនេះលាតត្រដាងអំពីការទទួលខុសត្រូវបន្ថែមរបស់ជនដៃដល់ចំពោះការបង្ក្រាបលើការអំពាវនាវរបស់ប្រជាពលរដ្ឋគុយបាដើម្បីសេរីភាពនិងការគោរពសិទ្ធិមនុស្ស»។
បន្ទាប់ពីការដាក់ទណ្ឌកម្មកាលពីពេលមុនលើលោក Alvaro Lopez Miera រដ្ឋមន្ត្រីការពារជាតិនិងប៉ូលិសគុយបាមក ទណ្ឌកម្មចុងក្រោយនេះគឺដាក់លើលោក Roberto Legra Sotolongo និងលោក Andres Laureano Gonzalez Brito នៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍។
លោកប្រធានាធិបតី Joe Biden បានព្រមានរដ្ឋាភិបាលក្រុងឡាហាវ៉ានថាអាចមានការដាក់ទណ្ឌកម្មថែមទៀតហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវឲ្យដោះលែងពួកអ្នកតវ៉ាប្រឆាំងដែលត្រូវបានឃុំខ្លួនខណៈព្យាយាមរកមធ្យោបាយធ្វើឲ្យប្រាកដថាពលរដ្ឋគុយបាអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត៕