សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​ដែល​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា

រូបឯកសារ៖ បដាបង្ហាញពីគម្រោងសាងសង់ព្រលានយន្តហោះមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Union Development Group (UDG) នៅស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​ ដែល​កំពុងធ្វើប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារតែការ​រឹបអូស​ដីធ្លី និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ដើម្បី​អភិវឌ្ឍ​គម្រោង​មណ្ឌល​កម្សាន្ត និង​កន្លែង​លេង​ល្បែង​ដ៏​ប្រណិត​ក្នុង​ទឹកប្រាក់​ចំនួន ​៣,៨ ពាន់​លាន​ដុល្លារ។​

មណ្ឌល​កម្សាន្ត​ទេសចរណ៍​ តារាសាគរ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ​យូញៀន ឌីវេឡុបមេន គ្រុប ឬ Union Development Group (UDG) របស់​ចិន ​នៅ​ក្នុង​ខេត្ត​កោះកុង រួម​មាន​អាកាសយានដ្ឋាន​អន្តរជាតិ និង​ផែ​សម្រាប់​កប៉ាល់​ទេសចរណ៍ ដែល «របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត» បាន​លើក​ឡើង​ថា អាច​ជា​ទីតាំង​ប្រើប្រាស់បាន​ដោយ​យោធា​ចិន។

ក្រុមហ៊ុន​នេះ​បាន​ពិពណ៌នា​គម្រោង​នេះ​ថា ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជកម្ម​ជា​សាកល​របស់​ចិន ឬ​ហៅ​កាត់​ថា (BRI)។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន UDG គឺ​ក្រុមហ៊ុន Tianjin Union Development Group បាន​ប្រាប់​សារព័ត៌មាន Fresh News ដែល​ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ថា ការ​ចោទប្រកាន់​លើ​ក្រុមហ៊ុន UDG របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក «គឺជាការមិនអើពើនឹងការពិត» និង​ជា​រឿង​ដែល​ត្រូវ​បាន​ប្រឌិដ្ឋឡើង។

ក្រុមហ៊ុន​នេះ​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា ទីតាំង​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលដៅ​យោធា ដោយ​លើក​ឡើង​ពី​សេចក្តីថ្លែងការណ៍​មួយ​ចំនួន​របស់​មន្ត្រី​កម្ពុជា និង​ការ​ហាមឃាត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចំពោះ​វត្តមាន​កងទ័ព​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo បាន​និយាយ​ថា មាន «របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត» លើក​ឡើង​ថា តំបន់​តារាសាគរ​ «អាច​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​រក្សា​ទុកសព្វាវុធ (ចិន)»។

កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន នៅ​ថ្ងៃ​ដែល​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ លោក​ Mike Pompeo បាន​លើក​ឡើង​បន្ថែម​ទៀត​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «ប្រសិនបើ​ដូច្នេះ​មែន (នេះ) នឹង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​អាច​គំរាម​ដល់​ស្ថិរភាព​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​អាច​នឹង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា និង​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​របស់​យើង»។

រូបឯកសារ៖ ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) នៅ​ឧទ្យានជាតិ បុទុមសាគរ ខេត្ត​កោះកុង ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​កាលពី​ពេល​មុន​ថា ទីតាំង​នេះ​អាច​នឹង​ត្រូវប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​សម្រាប់​កងទ័ព​ជើង​ទឹក​ចិន ប៉ុន្តែ​អាជ្ញាធរ​កម្ពុជាបាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​លើក​ឡើង​បែប​នេះ។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ​គឺ​ធ្វើ​តាម​បទបញ្ជា​ប្រធានាធិបតី​លេខ ១៣៨១៨ ដែល​យោង​ និង​អនុវត្ត​តាម​ច្បាប់​ម៉ានីតស្គី (Global Magnitsky) ដោយ​សំដៅ​ដល់​បុគ្គល ឬ​ស្ថាប័ន​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ផង​ដែរ។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ តាម​រយៈ​សេចក្តីថ្លែងការណ៍​ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា៖ «សកម្មភាពរបស់ក្រុមហ៊ុន​ យូញៀន ឌីវេឡុបមេន​ គ្រុប ​គឺបាន​បង្ខំ​ពលរដ្ឋ​កម្ពុជាចេញពី​ដីធ្លី​របស់​ពួកគេ​និង​បំផ្លាញបរិស្ថាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍មូលដ្ឋាន ហើយ​ទាំងអស់នេះ​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​បន្លំ​ប្រែក្លាយ​កម្ពុជា​ ឲ្យ​ទៅជា​កន្លែង​ភ្ជាប់​ភស្តុភារ​ថ្នាក់តំបន់​និងគោលដៅទេសចរណ៍»។

សហរដ្ឋអាមេរិក​បាន​ចោទ​ថា ក្រុមហ៊ុន UDG បានធ្វើប្រតិបត្តិការ​ក្នុង​នាម​ជា​ក្រុមហ៊ុន​កម្ពុជា តាម​រយៈ​លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម ដែល​ជា​មនុស្ស​ជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​ត្រូវ​បាន​គេ​ចោទ​ថា បាន​ប្រើប្រាស់​សិទ្ធិ​យោធា​ដើម្បី​រឹបអូស​ដីធ្លី​ ដើម្បី​សម្រេច​គោលដៅរបស់​ខ្លួន​ក្នុង​ការ​បណ្តេញ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ចេញ​ពី​តំបន់​ដែល​ក្រុមហ៊ុន UDG ចង់​បាន​សម្រាប់​គម្រោង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​របស់​ខ្លួន។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន Fresh News ក្រុមហ៊ុន UDG​បាន​ការពារ​លោក គន់ គីម ដោយ​និយាយ​ថា៖

«នៅ​ក្នុង​ដំណើរការ​នៃ​ការ​រុះរើ ក្រុមហ៊ុនយូញៀនគ្រុបគោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ច្បាប់ និង​បទប្បញ្ញត្តិដែលពាក់ព័ន្ធ​របស់​ប្រទេស​កម្ពុជា និង​ខ្លឹមសារ​នៃ​កិច្ចសន្យា​ជួល​ដី សហការយ៉ាងសកម្មជាមួយ​គណៈកម្មាធិការ​អន្តរ​ក្រសួង ដើម្បីជំរុញការងារផ្សេងៗ​ហើយ​មិន​ដែលធ្វើ​សកម្មភាព​ខុស​ច្បាប់​ណា​មួយ ​តាម​រយៈ​លោកនាយឧត្តមសេនីយ៍ គន់ គីម ឡើយ»។

សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក​នាយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​រូប​នេះ ភរិយា​របស់​លោក និង​កូន​របស់​លោក​ពីរ​នាក់​ផ្សេង​ទៀត ​កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ចំពោះ «ការ​ពាក់ព័ន្ធ​របស់​លោក​នៅ​ក្នុង​អំពើ​ពុករលួយ»។ នេះ​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក។ លោក គន់ គីម ត្រូវ​បាន​សហរដ្ឋអាមេរិក​ចោទប្រកាន់​ថា បាន​ប្រើប្រាស់​ឥទ្ធិពល​និង​បណ្តាញ​របស់​លោក ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក លោក Steven Mnuchin បាន​និយាយ​ក្នុង​សម្តី​ដើម​កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន​ថា៖ «ក្រោយ​ពី​បាន​ចុះ​ឈ្មោះ​ក្លែងក្លាយ​ជា​ក្រុមហ៊ុន​កម្ពុជា ដើម្បី​ទទួល​បាន​ដី​សម្រាប់​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍​តារាសាគរ ក្រុមហ៊ុន UDG បាន​ប្តូរមក​ម្ចាស់​ពិតប្រាកដ និង​បន្ត​ធ្វើ​ប្រតិបត្តិការ​ ដោយ​គ្មាន​ការ​ដាក់​ទោសទណ្ឌ​អ្វី​ទាំង​អស់»។

លោក​រដ្ឋមន្ត្រី Pompeo បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ Twitter ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​នេះ​ថា៖ «យើង​នឹង​មិន​អត់ឱន​ដល់​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​ប្រឆាំង​មនុស្ស​ស្លូត​ត្រង់ ហើយ​នឹង​បន្ត​នៅ​ជាមួយ​ពលរដ្ឋ​កម្ពុជា»។​

កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​និយាយ​ថា៖

«រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រែក្រឡាស់​រឿងពិត​ ចោទ​ប្រកាន់​មិន​សម​ហេតុ​ផល​ បាន​ប្រើ​ច្បាប់​ក្នុង​ប្រទេស​ខ្លួន​មកដាក់ទណ្ឌកម្ម​លើគម្រោង​របស់​សហគ្រាសចិន​ក្នុងទឹកដី​ប្រទេស​កម្ពុជា​នេះ​ គឺ​ជា​សកម្មភាព​ប្រើ​អំណាច​គាបសង្កត់​យ៉ាងខ្លាំង។ ការ​គាបសង្កត់​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ការ​វិនិយោគ​ស្រប​ច្បាប់​របស់​សហគ្រាស​ចិន​ក្នុង​ប្រទេស​កម្ពុជា​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​សិទ្ធិ​ស្រប​ច្បាប់​របស់​សហគ្រាស​នោះ​ទេ ហើយ​រឹតតែ​ជា​ការ​រំលោភ​បំពាន​ទាំង​ស្រុង​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ផង​ដែរ»។

ស្ថានទូត​ចិន​បាន​សរសេរ​បន្ត​បង្ហាញ​ពី «ការ​ជំទាស់ និង​ថ្កោលទោស​ជា​ដាច់​ខាត​ចំពោះ​ទង្វើ​មួយ​នេះ។ យើង​ទទូច​ដល់​ភាគី​សហរដ្ឋអាមេរិកកែប្រែ​វិធីសាស្ត្រ​ខុស​មួយ​នេះ​ជា​បន្ទាន់ និង​ដក​ទណ្ឌកម្ម​សម្រេច​ទាំង​ស្រុង​របស់​ខ្លួនផងដែរ»។

ភាព​ចម្រូងចម្រាស​ដែលមានជាបន្តបន្ទាប់

គម្រោង​របស់​ក្រុមហ៊ុន UDC បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ ​នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​សម្បទាន​ដី​រយៈពេល ​៩៩ ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៣៦.០០០ ហិកតា ដែល​នេះ​ក៏​រួម​មាន​ទាំង​បណ្តោយ​ឆ្នេរ​ចំនួន​ ២០%​ របស់​កម្ពុជា​ផង​ដែរ។

គម្រោង​អភិវឌ្ឍន៍​នេះ​រួម​មាន​រមណីយដ្ឋាន​ទេសចរណ៍​តារាសាគរ អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ផ្លូវ​យន្តហោះ​វែង​ជាង​គេ​បង្អស់ និង​មាន​ចំណុច​ពិសេសៗ​អ្នក​បើក​យន្តហោះ​ចម្បាំង​ចង់​បាន ព្រម​ទាំង​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ឱ្យ​នាវា​ចម្បាំង​អាច​ចូល​ចត​បាន។

រូបឯកសារ៖ កូនខ្លាដំបងពីរក្បាល បានកើតនៅដើមខែមីនា ឆ្នាំ២០១៥ នៅកន្លែងចិញ្ចឹមសត្វប្រចាំឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។

គម្រោង​សាងសង់​នេះ​ប៉ះពាល់​ដល់​តំបន់​ព្រៃ​ក្រាស់​នៃ​ឧទ្យាន​ជាតិ​បុទុម​សាគរ ដែល​ជា​ឧទ្យាន​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ ឧទ្យាន​នេះ​មាន​ភាព​ល្បីល្បាញ​ដោយ​តែ​ជីវៈចម្រុះ​នៅ​ទីនោះ ហើយ​វា​ជា​ជម្រក​សត្វ​កម្រ​នានា​ដូចជា សត្វ​ខ្លា​ពពក (clouded leopard) សត្វ​ខ្លា​ឃ្មុំខ្មៅ​អាស៊ី ឆ្កែព្រៃ សត្វ​ទោច និង​ខ្លាត្រី។ ឧទ្យាន​នេះ​ក៏​បម្រើ​ជា​កន្លែង​តភ្ជាប់​នៃ​ផ្លូវ​ដំរី​ដែល​នៅ​សេសសល់​ក្នុង​តំបន់​អាស៊ី។ ​ផ្លូវ​ដំរី​គឺ​ជា​ផ្លូវ​តូចៗ​ ដែល​ដំរី​អាច​ធ្វើ​ដំណើរ​បាន​ពី​ជម្រក​មួយ​ទៅ​ជម្រកមួយ​ទៀត​ នៅ​ពេល​គេច​ពី​មនុស្ស។

ដូច​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ទណ្ឌកម្ម​នេះ គម្រោង​របស់​ក្រុមហ៊ុន UDG បាន​បំផ្លាញ​ផ្ទះសម្បែង​ជាង ​១.៥០០ ​ខ្នង ​នៅ​ក្នុង​ខេត្ត​កោះកុង។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។​

រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ភស្តុតាង​ដែល​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ ដើម្បី​គាំទ្រ​ដល់​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​ទៅ​លើ​ក្រុមហ៊ុន UDG ដោយ​បាន​ហៅ​សកម្មភាព​នេះ​ថា ជា​ការ​វាយប្រហារ​ផ្នែក​នយោបាយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ពុធសប្តាហ៍មុន​ថា៖ «ករណី​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នោះ​ទេ ដោយសារ​តែ​វា​ជា​ក្រុមហ៊ុន​ឯកជន»។

គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ការពារ​ថា វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​គម្រោង​តារាសាគរ​របស់​ក្រុមហ៊ុន UDG មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ។​

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ថា៖ «បើ​គ្រាន់​តែ​យក​អា​ទំនាស់​ដីធ្លី​កំប៉ិកកំប៉ុក​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ថា រំលោភ​សិទ្ធិ​មនុស្ស ខ្ញុំ​ថា​កម្ពុជា វា​អត់​មាន​ពន្លឺ​អី​ពី​រឿង​សិទ្ធិ​មនុស្ស​ទេ។ វា​គ្រប់​កន្លែង​ទាំង​អស់ ពីព្រោះ​តែ​កាលណា​មាន​ការ​អភិវឌ្ឍ មាន​ការ​ដី​ឡើង​ថ្លៃ អាហ្នឹង​សុទ្ធ​តែ​មាន​អ្នក​អះអាង​ថា អ៊ីចេះ ថា​អ៊ីចុះ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ថា នៅ​ទូទាំង​ពិភពលោក «ដីធ្លី​គឺ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ការ​ទទួល​បាន​សិទ្ធិ​មនុស្ស​មួយ​ចំនួន។ សម្រាប់​មនុស្ស​ជាច្រើន ដីធ្លី​គឺ​ជា​ប្រភព​នៃ​ជីវភាព​របស់​ពួកគេ និង​មាន​សារៈសំខាន់​ចំពោះ​សិទ្ធិ​សេដ្ឋកិច្ច​របស់​ពួកគេ»។

នៅ​ពេល​ពលរដ្ឋ​ត្រូវ​បាន «គេ​បណ្តេញ​ចេញ​ដោយ​បង្ខំ ឬ​ជម្លៀស​ចេញ​ពី​ដី​របស់​ពួកគេ​សម្រាប់​គម្រោង​ពាណិជ្ជកម្ម ឬ​ការ​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំៗ» វា​ជារឿយៗ​រួម​ចំណែក​ដល់ «កំណើន​ធ្វើ​ចំណាកស្រុក​ពី​ជនបទ​ទៅ​ទីក្រុង ហើយ​ជា​លទ្ធផល មាន​សម្ពាធ​បន្ថែម​ទៀត​ក្នុង​ការ​ទទួល​បាន​ដីធ្លី និង​ផ្ទះសម្បែង​នៅ​ក្នុង​ទីក្រុង។ ការ​ជម្លៀស​ពលរដ្ឋ​នេះ​មួយ​ផ្នែក​ត្រូវ​បាន​ធ្វើ​ឡើង​តាម​វិធី​ដែល​រំលោភ​បំពាន​ដល់​សិទ្ធិ​មនុស្ស​របស់​សហគមន៍​រងគ្រោះ ហើយ​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ»។

ការ​ជំទាស់​ត្រូវ​បាន​លើក​ឡើង

អ្នកការពារសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ប្រាប់ VOA ថា លំនៅដ្ឋាន​ដែល​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​ទៅ​ឱ្យ​គ្រួសារ​ដែល​ត្រូវ​បាន​ជម្លៀស​ដោយ​គម្រោង​របស់​ក្រុមហ៊ុន UDG មិន​អាច​ទទួល​យក​បាន​នោះ​ទេ មួយ​ផ្នែក​ដោយសារ​តែ​គ្រួសារ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្តូរ​ទីលំនៅ​ទៅ​កន្លែង​ឆ្ងាយ​ពីសមុទ្ រ​ដែល​ជា​ប្រភព​ជីវភាព​របស់​ពួកគេ។

លោក ហ៊ួរ អីន អ្នក​សម្របសម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​បាន​និយាយ​ថា៖

«សម្រាប់​ទីតាំង​ថ្មី​ដាក់​នៅ​លើ​ភ្នំ ហើយ​ពួកគាត់​អ្នក​នេសាទ។ ពួកគាត់​មិន​អាច​នេសាទ​បាន​ទេ ដោយសារ​តែ​នៅ​ទីតាំង​ថ្មី​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​អត់​បាន​បំពេញ​ទៅ​តាម​លក្ខខណ្ឌ ដែល​បាន​សន្យា​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែរ។ អ៊ីចឹង​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន ​គឺ​មិន​ពេញ​ចិត្ត​នឹង​ទទួល​យក​ក្នុង​ការ​ដោះស្រាយ​កន្លង​មក​របស់​ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ទេ»។

រូបឯកសារ៖ ទូកនេសាទសមុទ្រ​ចត​ចោល​នៅតាម​ផ្ទះ​អ្នក​ភូមិលើ​កោះស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០២០។(ទុំ ម្លិះ/វីអូអេ)

គណបក្ស​ប្រឆាំង​ដែល​រស់នៅ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ស្វាគមន៍​ការ​ដាក់​ទណ្ឌកម្ម​នេះ។

លោកស្រី​ មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា៖ «យុត្តិធម៌​ពាក់​កណ្តាល​ដែរ។ យុត្តិធម៌​ពិត​ប្រាកដ​នោះ​គឺ​ត្រូវ​ផ្តល់​ជូន​ក​សិករ​យើង​ គឺ​ផ្តល់​ជូន​ប្រជានេសាទ​យើង​កសិករ​យើង​នូវ​ដីធ្លី​របស់​គ្រួសារ​ទាំង​នោះ​មក​វិញ​ ក៏​ប៉ុន្តែ​នេះ​ក៏​ជា​យុត្តិធម៌​ពាក់កណ្តាល​ដែរ។ ជាមួយ​គ្នា​នេះ​ តែ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា​ សហរដ្ឋអាមេរិក​ចូលរួម​ជាមួយ​នឹង​យើង​ទាមទារ​ឱ្យ​បាន​បញ្ចប់​នូវ​វប្បធម៌​និទណ្ឌភាព​គឺ​យក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ ​ឱ្យ​ទទួល​បាន​នូវ​ការ​ប្រឈមមុខ។ នេះ​បើ​មិន​បាន​ប្រឈមមុខ​នឹង​តុលាការ​កម្ពុជា​ក៏ដោយ ​ក៏​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ដែរ»។​

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ថា ចិន​ប្រើប្រាស់​គម្រោង​អភិវឌ្ឍន៍​ ដូចជា​គម្រោង​របស់​ក្រុមហ៊ុន UDG ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក ជាពិសេស​តាមរយៈ​គម្រោង BRI។ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ក្តីបារម្ភ​នេះ​កាលពី​ឆ្នាំ​មុន ​បន្ទាប់​ពី​មាន​របាយការណ៍​សារព័ត៌មាន​ដក​ស្រង់​សម្តី​របស់​លោក ផៃ ស៊ីផាន ដោយ​បាន​និយាយ​ថា តំបន់​រមណីយដ្ឋាន​ទេសចរណ៍​តារាសាគរ​អាច​នឹង​ប្រែក្លាយ​ទៅ​មូលដ្ឋាន​យោធា។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​សរសេរ​ថា៖ «វត្តមាន​យោធា​របស់​ចិន​ជា​អចិន្ត្រៃយ៍​នៅ​កម្ពុជា ​អាច​គំរាម​ដល់​ស្ថិរភាព​ថ្នាក់​តំបន់ និង​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​សន្តិភាព ការ​លើក​កម្ពស់​សុវត្ថិភាព និង​សន្តិសុខ​ដែន​សមុទ្រ និង​សេរីភាព​នៃ ការ​ធ្វើ​នាវា​ចរណ៍​និង​ការ​ហោះហើរ»។

លោក ផៃ ស៊ីផាន ​បាន​និយាយ​ថា លោក​មិន​ធ្លាប់​ទទួល​ស្គាល់​ថា​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ UDG​នោះ​អាច​ប្រែ​ទៅ​ជា​មូលដ្ឋាន​យោធា​ចិន​នោះ​ទេ។

លោក​ផៃ​ ស៊ីផាន​បាន​ប្រាប់​ VOA ថា៖ «សុំ​ច្រាន​ចោល​នៃ​របាយ​ការណ៍​ដែល​លើក​ឈ្មោះ​ខ្ញុំ​ដាក់​ហ្នឹងជា​គួរ​ឱ្យ​ខ្មាស​អៀន ​ដែល​ខ្ញុំ​មិន​បាន​និយាយ​អ៊ីចឹង»។

នៅ​ក្នុង​ខែកក្កដា ឆ្នាំ២០១៩ លោក​បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា៖ «គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​តារាសាគរ​ គឺ​ជា​គម្រោង​ឯកជន។ មិន​មាន​មូលដ្ឋាន [យោធា] ទាល់​តែ​សោះ។ បាទ ប៉ុន្តែ​អ្នក​អាច​ប្រែ​វា​ទៅ​ជា​អ្វី​មួយ​ផ្សេង»។​

ការ​ពង្រីក​ឥទ្ធិពល

លោក សុខ ឥសាន ក៏​បាន​អះអាង​ថា រាជរដ្ឋាភិបាល​ចង់​បង្កើត​តំបន់​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​តារាសាគរ និង​ដោយ​គ្មាន​ចេតនា​ធ្វើ​ឱ្យ​ទីតាំង​នោះ​ក្លាយ​ជា​មូលដ្ឋាន​យោធា ​ដើម្បី​បម្រើ​មហា​អំណាច​ណា​មួយ​នោះ​ឡើយ។​

លោក សុខ ឥសាន​ បាន​និយាយ​ថា៖ «កម្ពុជា​មិន​ចង់​ធ្វើ​មហា​អំណាច​ខាង​យោធា​ទេ។​ កម្ពុជា​ចង់​ត្រឹម​ តែ​ថា​ធ្វើ​ម៉េច​រស់​ឱ្យ​សេដ្ឋកិច្ច​ចិញ្ចឹម​ប្រជាជន ​១៦ ​លាន​នាក់​ហ្នឹង​ ឱ្យ​តែ​រស់​ទៅ​ អាហ្នឹង​វា​ជា​ការ​ប្រសើរ​ហើយ។ ​អ៊ីចឹង​ យើង​ខិត​ខំ​ក្នុង​បញ្ហា​កសាង​អភិវឌ្ឍ​ប្រទេស​យើង ​មិន​ចង់​បាន​សង្គ្រាម​មក​នៅ​ក្នុង​កម្ពុជា​ទៀត​ទេ»។​

ប្រទេស​កម្ពុជា​បាន​ចង​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​ប្រទេស​ចិន ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ដោយ​មិន​មាន​ការ​ប្រជែង​ពី​មហាអំណាច​ផ្សេង​ក្រៅ​ពី​សហរដ្ឋអាមេរិក។

នៅ​ក្នុង​សៀវភៅ​ថ្មី​មួយ​មាន​ចំណងជើង​ថា «In the Dragon’s Shadow» ឬ​បកប្រែ​ជា​ភាសាខ្មែរ​ថា «នៅ​ក្រោម​ស្រមោល​នាគ» អ្នក​កាសែត​ជើង​ចាស់ លោក Sebastian Strangio បាន​រៀបរាប់​ពី​វិធី​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ទទួល​បាន​ភាព​រីកចម្រើន​ចេញ​ពី​ចំណង​ទាក់ទង​ជិតស្និទ្ធជាមួយ​នឹង​ចិន។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ផ្សេង​ទៀត​ព្យាយាម​រក្សា​អធិបតេយ្យភាព​របស់​ពួកគេ​ ដោយ​ព្យាយាម​រក្សា​គម្លាត​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ពេល​រារែក​ក្នុង​ការ​ជ្រើសរើស​ភាគី​ណា​មួយ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន។

លោក Strangio បាន​សរសេរ​ថា៖ «គ្មាន​ប្រទេស​ណា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ជិតស្និទ្ធ​នឹង​ចិន​ជាង​កម្ពុជា​ទេ​ ហើយគ្មាន​ប្រទេស​ណា​បង្ហាញ​ពី​ការ​ងើប​ឡើង​វិញ​ ខាងផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ចិន ដោយ​បាន​កែប្រែ​ដល់​សកម្មភាព​ជំនួយ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ ជាង​កម្ពុជា​ទេ»។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ប្រទេស​ចិន​បាន​ព្យាយាម​ពង្រីក​ការ​គ្របដណ្តប់​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ យោធា និង​នយោបាយ​តាម​រយៈ​ជំនួយ​ទ្វេភាគី និង​គម្រោង​អភិវឌ្ឍន៍​ធំៗ ដូច​ជា​គម្រោង BRI ដែល​រួម​មាន​ទាំង​រមណីយដ្ឋាន​ទេសចរណ៍​តារាសាគរ​ផង​ដែរ។

លោក Strangio បាន​ប្រាប់ VOA ថា៖ «ប្រទេស​កម្ពុជា​ គឺជា​សម្ព័ន្ធមិត្ត​ដ៏​មាន​សារៈប្រយោជន៍​សម្រាប់​ប្រទេស​ចិន​ នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​ និង​រារាំង​និន្នាការ​ប្រឆាំង​ចិន​ណា​មួយ ឬ​អ្វី​ដែល​ខ្លួន​យល់​ថា​ជា​សំឡេង​រួម​តែ​មួយ​ប្រឆាំង​នឹង​ចិន​មិន​ឱ្យ​កើត​មាន»។

លោក​បាន​លើក​ឡើង​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ក្នុង​ឆ្នាំ ២០១២ ដែល​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដោយសារ​តែ​ខ្លួន​ខ្លាច​ធ្វើ​ឱ្យ​ចិន​អាក់អន់​ស្រពន់​ចិត្ត។

ក្រុម​ប្រឆាំង​បាន​បន្ទោស​លោក ហ៊ុន សែន ដែល​ជ្រើស​យក​ប្រទេស​ចិន ដែល​អាច​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​បន្លំ​ការ​ពង្រីក​យោធា​របស់​ខ្លួន​ ក្រោម​រូបភាព​គម្រោង​អភិវឌ្ឍន៍។​

លោកស្រី មូរ សុខហួរ បាន​និយាយ​ថា៖ «យើង​ឃើញ​ថា ​នៅ​ក្នុង​ការ​ពង្រីក​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ពង្រីក​អំណាច​របស់​ប្រទេស​ចិន​នៅ​ភូមិភាគ​របស់​យើង​នេះ​ គឺជា​ការ​ពង្រីក​អំណាច​តាមរយៈ​ការធ្វើ​វិនិយោគ​ដែល​លោក ហ៊ុន សែន ​ថា​ ការវិនិយោគ​អភិវឌ្ឍ​របស់​លោក ហ៊ុន សែន។ វិនិយោគ​របៀប​ហ្នឹង ​គឺ​ឃើញ​ច្បាស់​ណាស់​វិនិយោគ​ដើម្បី​ឱ្យ​ចិន​ដាក់​គ្រឹះមូលដ្ឋាន​ទ័ព​នៅ​ទឹកដី​កោះកុង​របស់​យើង»។

លោក​បណ្ឌិត រ៉ូ វណ្ណៈ អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​និង​ជា​សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​(CID) ជឿ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​អំណាច​របស់​ចិន​ឱ្យ​ទៅ​ជា​មហាអំណាច​ថ្នាក់​តំបន់។

លោក​បណ្ឌិត រ៉ូ វណ្ណៈ​ បាន​និយាយ​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ចិន​ដែល​មាន​មូលដ្ឋាន​ទំនាក់ទំនង​ជាមួយ​នឹង​កម្ពុជា​នេះ​ ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​ជា​ស្រួល​ខ្លួន​ដែរ ​ក្នុង​ន័យ​ថា​នៅ​ពេល​ដែល​មហា​អំណាច​ចាប់​ផ្ដើម​ប្រជែង​ចាប់​ផ្ដើម​រុញ​ចាប់​ផ្ដើម​ជះទឹក​ដាក់​គ្នា​ អ៊ីចឹង​ប្រទេស​តូចតាច​ដែល​ពឹង​អាស្រ័យ​ទៅ​លើ​ប្រទេស​ធំ​ ជាពិសេស​ទៅ​លើ​ប្រទេស​ចិន ​ពិសេស​ក្នុងន័យ​សេដ្ឋកិច្ច​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ផង ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ផង​ បើ​សិន​មហា​យក្ស​ទាំង​ពីរ​នៅ​តែ​ប្រជែង​គ្នា»៕