ក្រសួងការពារជាតិស.រ.អានិយាយថា កាលពីថ្ងៃអង្គារប្រទេសរុស្សី និងស.រ.អាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយអំពីសុវត្ថិភាពដែនអាកាសនៅប្រទេសស៊ីរី។
អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិស.រ.អាបាននិយាយថា «អនុស្សារណៈនេះបើកឲ្យមានខ្សែគមនាគមន៍មួយនៅនឹងកន្លែង ដែលបម្រើការជាបណ្តាញជំនួស» ក្នុងករណីមានបញ្ហាខាងគមនាគមន៍។
ក្រុមមន្ត្រីក្រសួងការពារជាតិស.រ.អាបាននិយាយបញ្ជាក់ថា គោលការណ៍ណែនាំខាងអាកាស ដែលត្រូវបានបង្កើតឡើងជាមួយប្រទេសរុស្សីមិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយមួយអំពី ថាតើប្រទេសទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបែបណានៅក្នុងប្រទេសស៊ីរីទេ។
គោលការណ៍ណែនាំទាំងនេះមានគោលដៅបញ្ចៀសកុំឲ្យយន្តហោះស.រ.អា និងរុស្សីបុកគ្នាលើប្រទេសស៊ីរី ដែលនៅទីនោះប្រទេសទាំងពីរកំពុងបំពេញបេសកកម្មទម្លាក់គ្រាប់បែក។
មន្ត្រីស.រ.អាម្នាក់បាននិយាយប្រាប់វីអូអេថា អនុស្សារណៈយោគយល់គ្នានេះនឹងមានរួមបញ្ចូលជម្រើសរលកអាកាសវិទ្យុសម្រាប់គមនាគមន៍ និងវិធានការសុវត្ថិភាពឯទៀតៗ ដើម្បីបែងចែកដែនអាកាសនៅលើប្រទេសស៊ីរី «ប្រកបដោយលក្ខណៈវិជ្ជាជីវៈ»។
ក្រុមចម្រុះដឹកនាំដោយស.រ.អាបានយកក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមជាទីដៅនៃការវាយប្រហារនៅក្នុងប្រទេសស៊ីរី ដោយបានធ្វើការវាយប្រហារតាមអាកាសជាង២.៦០០លើកមកហើយ ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤មក៕