មន្ត្រីយោធាកំពូលៗរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីបាននិយាយថា ពួកគេបានឯកភាពគ្នានៅក្នុងការដាក់ឲ្យអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងពីមុនមួយ ដែលមានគោលបំណងការពារមិនឲ្យមានករណីយន្តហោះចម្បាំងមកពីប្រទេសទាំងពីរហោះពីលើប្រទេសស៊ីរី កើតឡើង។
សេចក្ដីប្រកាសរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ម្សិលមិញ បានបញ្ជាក់ថា លោកឧត្ដមសេនីយ៍ Joseph Dunford ប្រធានអគ្គនាយសេនាធិការចម្រុះសហរដ្ឋអាមេរិក បាននិយាយតាមទូរស័ព្ទជាមួយនឹងលោកឧត្ដមសេនីយ៍ Valery Gerasimov ដែលជាសមភាគីរុស្ស៊ីរបស់លោក ហើយលោកទាំងពីរ បានឯកភាពគ្នាក្នុងការដាក់ឲ្យអនុវត្តទាំងស្រុងឡើងវិញ នូវកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់ដែនអាកាសរបស់ប្រទេសស៊ីរី ដែលបានចូលជាធរមានតាំងពីចុងឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៦ កន្លងមក។
លោកទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀង ដែលធ្វើឡើងនៅក្នុងទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ផងដែរ ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលរុស្ស៊ី តួកគី និងអ៊ីរ៉ង់ បានឯកភាពគ្នាលើគម្រោងដែលបានស្នើឡើងដោយរដ្ឋាភិបាលរុស្ស៊ី នៅក្នុងការកាត់បន្ថយអំពើហិង្សានៅក្នុងប្រទេសស៊ីរី តាមរយៈ «តំបន់បន្ធូរបន្ថយភាពតានតឹងនៃជម្លោះ» នៅក្នុងប្រទេសស៊ីរី ដែលជាតំបន់ដែលជម្លោះរវាងពួកឧទ្ទាមស៊ីរី និងរដ្ឋាភិបាលស៊ីរី មានភាពតានតឹង។
សហរដ្ឋអាមេរិកបានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅពិភាក្សានៅក្នុងប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែមិនបានចូលរួមនៅក្នុងការចរចានោះទេ ដោយសារតែមួយផ្នែកធំ បណ្ដាលមកពីការពាក់ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក Gerasimov និងលោក Dunford «បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ពួកគេ នៅក្នុងការធ្វើប្រតិបត្តិការមិនឲ្យមានជម្លោះនៅក្នុងប្រទេសស៊ីរី» ហើយលោកទាំងពីរក៏បានយល់ព្រមថានៅតែរក្សាការទាក់ទងជាមួយគ្នា៕