នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ីលោក Phil Robertson បានអំពាវនាវ នៅថ្ងៃច័ន្ទនេះ ឲ្យមន្ត្រីការទូតនិងអង្គការដែលកំពុងប្រតិបត្តិការនៅកម្ពុជាទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ឈប់ការបង្ក្រាបលើក្រុមអ្នកតវ៉ាដោយអហិង្សា។
មានអ្នកតវ៉ាដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន យ៉ាងហោចណាស់ចំនួនបីនាក់ ត្រូវបានចាប់ឃុំខ្លួន កាលពីសប្តាហ៍មុន។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន បានត្រូវចាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ក្រោយពីលោកបានរិះគន់ចំៗអំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ក្រោយពីការចាប់ខ្លួននោះ ក្រុមយុវជននិងអ្នកគាំទ្រលោក រ៉ុង ឈុន រាប់សិបនាក់បានធ្វើការតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងរូបលោក។
លោក Phil Robertson បានសរសេរក្នុងសារអេឡិកត្រូនិក ឬអ៊ីម៉ែលជាមួយវីអូអេ នៅថ្ងៃនេះថា៖ «អ្នកការទូត និងមន្ត្រីអង្គការសហប្រជាជាតិនៅក្នុងទីក្រុងភ្នំពេញ ចាំបាច់ត្រូវធ្វើសកម្មភាពគាំទ្រសិទ្ធិមនុស្ស ដោយការចេញទៅអង្កេតដោយផ្ទាល់នូវការធ្វើបាតុកម្មដោយសន្តិវិធី និងធ្វើការទាមទារជាសាធារណៈឲ្យលោក ហ៊ុន សែន បញ្ចប់ការបង្ក្រាប»។
ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនទាំងបីនាក់ រួមមានយុវជនរបស់ក្រុមយុវជនខ្មែរថាវរៈពីររូប គឺកញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ។ អ្នកទាំងបីត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
បីថ្ងៃមុនសេចក្តីថ្លែងការណ៍របស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក Human Rights Watch ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានផ្តល់ការកត់សម្គាល់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ទោះបីជាការជួបប្រជុំទាំងនោះមានលក្ខណៈសន្តិវិធី ក៏យើងបានឃើញនូវការចាប់ខ្លួននិងឧប្បត្តិហេតុមួយចំនួននៃការប្រើប្រាស់កម្លាំងហួសប្រមាណ ទប់ទល់នឹងក្រុមបាតុករដែលភាគច្រើនជាស្ត្រីនិងយុវជនកម្ពុជា»។
ជាមួយគ្នានោះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាន «អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធគោរពសិទ្ធិរបស់អ្នកតវ៉ា ក្នុងការជួបប្រជុំនិងសូមឲ្យការពារអ្នកដែលប្រើសិទ្ធិជួបប្រជុំនេះផង»។
ក្នុងចលនាប្រមូលផ្តុំដើម្បីធ្វើការទាមទារជាសាធារណៈឲ្យដោះលែងលោក រ៉ុង ឈុន យុវជនចំនួនបួននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ ប៉ុន្តែក្រោយមក ពួកគេត្រូវបានដោះលែងមកវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាចំនួនបីសំខាន់ៗ គឺការមិនផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត មិនបង្ហោះឬថ្លែងសារណាមួយទាក់ទិនបញ្ហានយោបាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដែលប៉ះពាល់រដ្ឋាភិបាល និងមិនឲ្យចូលរួមសកម្មភាពដែលបង្កឲ្យមានការផ្តួលរំលំរដ្ឋាភិបាល។
លោក ថា ឡាវី សមាជិកនៃក្រុមយុវជនខ្មែរថាវរៈ និងដែលត្រូវអាជ្ញាធរចាប់ខ្លួន និងដោះលែងមកវិញ បានប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា រាល់ការតវ៉ារបស់ក្រុមលោកកន្លងមក ជាការតវ៉ាដោយអហិង្សាប៉ុន្តែរមែងរងការរារាំងដោយកងកម្លាំងមានសមត្ថកិច្ច ដែលមានចំនួនច្រើនលើសលប់។ យុវជនរូបនេះចាត់ទុកថា ការឃាត់ខ្លួនរូបលោកជាការគំរាមបំបិទមាត់មិនឲ្យធ្វើការតវ៉ាបន្តទៀត។
«តាំងពីធ្វើមកយើងប្រកាសខ្លួនថា យើងជាអ្នកដែលធ្វើដោយអហិង្សាសន្តិវិធី គ្រាន់តែផ្សព្វផ្សាយជាសំឡេងមួយដើម្បីឲ្យបងប្អូនខ្មែរយើងឃើញថា យើងពិតជាចង់ឲ្យមានការដោះលែងលោកគ្រូ រ៉ុង ឈុន ហើយក៏ដូចជាយើងមើលថ្ងៃទី...ថ្ងៃដែលយើងធ្វើនៅមុខអូឡាំពិកនោះ គ្រាន់តែយើងទៅនិយាយពាក្យត្រឹមថា យើងស្រឡាញ់ជាតិសោះគ្រាន់តែគោរពភ្លេងជាតិសោះ ក៏គេមកប្រើកម្លាំងហិង្សាមករុញមកច្រានយើង...ដាក់កងកម្លាំងជាច្រើនហើយថាយើងបង្កអសន្តិសុខថា យើងហ្នឹងបំពុលសង្គម»។
លោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការដាក់ពង្រាយកម្លាំងចំនួនច្រើននោះជាផ្នែកមួយនៃការការពារសណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ។
«មិនមិនមែនជាការប្រើប្រាស់កម្លាំងដើម្បីនេះអីទេ គ្រាន់តែថាជាធ្វើម៉េចគ្រាន់តែថា ជាវិធានការដើម្បីទប់ស្កាត់ ដើម្បីកុំឲ្យវាមានបញ្ហាអ្វីផ្សេងៗកើតឡើងបាទ»។
ទោះជាបែបនេះក្តី លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) យល់ស្របនឹងការអំពាវនាវរបស់លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ី ដែលស្នើឲ្យបញ្ឈប់ការបង្ក្រាប និងបញ្ឈប់ការទប់ស្កាត់ការធ្វើបាតុកម្ម ឬការតវ៉ាដោយសន្តិវិធី។
លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចគួរអនុញ្ញាតឲ្យការតវ៉ាបានបព្រឹត្តដោយគ្មានការរារាំង ប្រសិនបើការតវ៉ានោះមិនបង្កហិង្សា។
អ្នកតវ៉ាដែលជាយុវជននិងអ្នកគាំទ្រលោក រ៉ុង ឈុន មួយចំនួនបានទទួលរងរបួសក្នុងការបង្ក្រាបរបស់កងសន្តិសុខក្នុងទីក្រុងភ្នំពេញ កាលពីពេលកន្លងមក។ ព្រះសង្ឃចំនួនប្រាំបីអង្គដែលនិមន្តមកពីខេត្តបាត់ដំបង ក៏ត្រូវបានឃាត់ព្រះកាយដោយមន្ត្រីសង្ឃ និងអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការសាកសួរដំណើររឿងដែលព្រះសង្ឃទាំងប្រាំបីអង្គ ចូលរួមតវ៉ាប្រឆាំងការចាប់ឃុំខ្លួនលោក រ៉ុង ឈុន នោះដែរ៕