របាយការណ៍បង្ហាញជាសាធារណៈមួយពីការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ប្រាប់ឱ្យដឹងថា ការគាំទ្រពីចិនមាន«សារៈសំខាន់»ចំពោះសមត្ថភាពរបស់រុស្ស៊ីនៅក្នុងការបន្តសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
របាយការណ៍ដែលត្រូវបានស្នើឡើងដោយរដ្ឋសភា វាយតម្លៃពីបែបផែនដែលភាគីពាក់ព័ន្ធមួយចំនួន រួមមានរដ្ឋាភិបាលចិន គណបក្សកុម្មុយនីស្តចិន ក្រុមហ៊ុនរដ្ឋចិន និងក្រុមហ៊ុនចិនដទៃទៀតកំពុងគាំទ្រសេដ្ឋកិច្ចនិងយោធារុស្ស៊ីក្នុងរយៈពេលប្រមាណ ១៨ខែ បន្ទាប់ពីការវាយប្រហារដោយគ្មានការបង្កហេតុពីសំណាក់រដ្ឋាភិបាលវិមានក្រឹមឡាំងមកលើអ៊ុយក្រែន។
របាយការណ៍នោះបានរកឃើញថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រកាន់ខ្ជាប់នូវយន្តការផ្តល់ជំនួយសេដ្ឋកិច្ចមួយចំនួនដល់រុស្ស៊ី ដែលជួយសម្រួលទាំងផលប៉ះពាល់ពីទណ្ឌកម្មពីបស្ចឹមលោកនិងត្រួតពិនិត្យការនាំចេញ»។
របាយការណ៍បានបន្តទៀតថា៖ «សាធារណរដ្ឋប្រជាមានិតចិនបានបង្កើនការនាំចូលថាមពលពីរុស្ស៊ី រួមមានការផ្គត់ផ្គង់ប្រេងនិងឧស្ម័នដែលត្រូវបានបង្វែទិសដៅចេញពីអឺរ៉ុប។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបង្កើនការប្រើប្រាស់រូបិបណ្ណយាន់របស់ខ្លួនយ៉ាងខ្លាំងដែរ ដោយការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនរុស្ស៊ីអាចធ្វើការជួញដូរហិរញ្ញវត្ថុ ដោយមិនព្រួយបារម្ភពីការបង្អាក់ពីសំណាក់បស្ចឹមលោក»។
របាយការណ៍ខាងលើក៏បានរកឃើញផងដែរថា ចិនបានគាំទ្រដោយផ្ទាល់ចំពោះការធ្វើសង្រ្គាមរបស់រុស្ស៊ីតាមរយៈការលក់បច្ចេកវិទ្យា និងគ្រឿងសម្ភារ «អាចប្រើប្រាស់បានពីររបៀប» មានន័យថា អាចប្រើប្រាស់បានជាលក្ខណៈស៊ីវិល និងយោធាទៅឱ្យរដ្ឋាភិបាលក្រុងមូស្គូ។
ការជំរុញឱ្យមាន«ការឈ្លានពានដ៏ឃោរឃៅ»
របាយការណ៍ ត្រូវបានបញ្ចេញដោយគណៈកម្មាធិការជ្រើសតាំងអចិន្រៃ្តយ៍សភាទទួលបន្ទុកលើការស៊ើបការណ៍សម្ងាត់។
លោកតំណាងរាស្ត្រ Jim Himes ដែលជាមន្រ្តីជាន់ខ្ពស់ពីគណបក្សប្រជាធិបតេយ្យនៅក្នុងជួរគណៈកម្មាធិការនេះ បាននិយាយថា៖ «ការវាយតម្លៃដែលត្រូវបានលាតត្រដាងឡើងក្រោមច្បាប់អនុញ្ញាតលើការស៊ើបការណ៍សម្ងាត់កាលពីឆ្នាំមុន បញ្ជាក់លម្អិតពីទំហំនៃការគាំទ្ររបស់ចិនចំពោះការឈ្លានពានកំពុងធ្វើឡើងរបស់[ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin]»។
លោកបានថ្លែងថា៖ «សង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនត្រូវបានជំរុញពីក្រោយយ៉ាងធំធេងដោយឆន្ទៈរបស់ចិនក្នុងការគាំទ្រពួកគេ នៅក្នុងបែបផែនដោយផ្ទាល់និងប្រយោល។ ខ្ញុំសង្ឃឹមថា របាយការណ៍នេះនឹងបញ្ជាក់យ៉ាងច្បាស់ទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា សហរដ្ឋអាមេរិក និងពិភពលោកនឹងដឹង ប្រសិនបើពួកគេធ្វើចំណាត់ការបន្ថែមទៀតដើម្បីជំរុញពីក្រោយការឈ្លានពានដ៏ឃោរឃៅរបស់លោក Putin»។
លោកតំណាងរាស្ត្រ Mike Turner ប្រធានគណៈកម្មាធិការខាងលើមកពីគណបក្សសាធារណរដ្ឋមិនបានចេញសេចក្តីថ្លែងការណ៍ស្តីពីរបាយការណ៍នេះនោះទេគិតត្រឹមថ្ងៃសុក្រ ទី២៨ ខែកក្កដា។
ការឆ្លើយតបរបស់ចិន
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានធ្វើការអធិប្បាយស្តីពីរបាយការណ៍ខាងលើនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា ដោយនិយាយថាមិនមានអ្វីខុសពីធម្មតានោះទេពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ី ស្របពេលរិះគន់ការដាក់ទណ្ឌកម្មពីសំណាក់បស្ចឹមលោកមកលើរដ្ឋាភិបាលក្រុងមូស្គូ។
អ្នកស្រី Mao បានថ្លែងថា៖ «ចិនប្រឡូកក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយរុស្ស៊ីនិងបណ្តាប្រទេសដទៃទៀត ដោយឈរលើមូលដ្ឋានសមភាពនិងប្រយោជន៍រួម។ យើងប្រឆាំងនឹងការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគីនិងការប្រើប្រាស់យុត្តាធិការលើរដ្ឋបរទេស ដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬអាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ។ កិច្ចសហប្រតិបត្តិការចិននិងរុស្ស៊ីមិនបានចាត់គោលដៅលើភាគីទីបីណាមួយ ហើយមិនគួររងការបង្អាក់ ឬការបង្ខិតបង្ខំដោយភាគីទីបីណាមួយនោះទេ»។
ចិននិងរុស្ស៊ីបានពង្រឹងទំនាក់ទំនងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅពេលប៉ុន្មានថ្ងៃមុនការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីចិនលោក Xi Jinping និងលោក Putin បានប្រកាសពីភាពជាដៃគូរវាងចិននិងរុស្ស៊ីថា «គ្មានព្រំដែនកំណត់»។
ប្រេងនិងឧស្ម័ន
បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមក រណៈសិរ្សសាមគ្គីមួយដឹកនាំដោយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់លំហូរទំនិញនិងសេវាកម្មរវាងរុស្ស៊ីនិងទីផ្សារបស្ចឹមប្រទេសមួយភាគធំ។
របាយការណ៍បានរកឃើញថា ចាប់តាំងពីការឈ្លានពានមក ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយចិនបានជំនួសពាណិជ្ជកម្មដែលបានបាត់បង់។ កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនិងចិនបានឈានដល់កំណត់ត្រាដ៏ខ្ពស់មួយ ដោយការនាំចូលរបស់រុស្ស៊ីពីចិនកើន១៤ភាគរយ ហើយការនាំចេញទៅចិនកើន៤៣ភាគរយ។
ភាគច្រើននៃការនាំចេញរបស់រុស្ស៊ីទៅកាន់ចិនមានក្នុងប្រភេទជាប្រេងនិងឧស្ម័ន ដែលរដ្ឋាភិបាលក្រុងមូស្គូលក់ទៅឱ្យបស្ចឹមលោកពីមុនមក។ ការទិញរបស់ចិនលើផលិតផលប្រេងបានក្លាយជាប្រភពចំណូលដ៏មានតម្លៃមួយចំពោះរដ្ឋាភិបាលវិមានក្រឹមឡាំង ហើយការបញ្ចុះថ្លៃប្រេងឥន្ធនៈពីរុស្ស៊ីបានផ្តល់ជាផលប្រយោជន៍សម្រាប់ចិន។
ចិនកំពុងផ្តល់នាវាដឹកប្រេងធុនធំដើម្បីដឹកប្រេងរុស្ស៊ីទៅកាន់ទីផ្សារ ក៏ដូចជាការផ្តល់ធានារ៉ាប់រងដែលក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនត្រូវការ បន្ទាប់ពីការដាក់ទណ្ឌកម្មដែលបានកាត់ផ្តាច់រុស្ស៊ីចេញពីទីផ្សារធានារ៉ាប់រងដឹកជញ្ជូនសាកលលោក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា