សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​អតីត​យុទ្ធជន​របស់​ខ្លួន

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា នៅ​ពេល​លោក​ចូលរួម​ក្នុង​ទិវា​អតីត​យុទ្ធជន កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​បាន​ប្រារព្ធ​ទិវា​អតីត​យុទ្ធជន​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​រំឭក​ដល់​អតីត​យុទ្ធជន​រាប់​លាន​នាក់​ទាំង​ស្ត្រី​និង​បុរស ដែល​បាន​បម្រើ​ក្នុង​ជួរ​កងទ័ព ហើយ​ត្រូវ​លះបង់​ជីវិត​របស់​ខ្លួន​ទៀត​ផង។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter ពី​ទីក្រុង ប៉ារីស ប្រទេស បារាំង មក​ថា «ក្នុង​ទិវា​អតីត​យុទ្ធជន​នេះ និង​ជា​ខួប​ទី​១០០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ យើង​សូម​រំឭក​ដល់​វីរបុរស​ដ៏​ក្លាហាន​ដែល​បាន​ប្រយុទ្ធ​ដើម្បី​សហរដ្ឋអាមេរិក​នៅ​ក្នុង​សង្គ្រាម​នេះ និង​អតីត​យុទ្ធជន​គ្រប់​រូប ដែល​បាន​ស្លៀក​សម្លៀកបំពាក់​ទាហាន​និង​រក្សា​ប្រទេស​យើង​ឲ្យ​បាន​គង់វង្ស ខ្លាំងក្លា និង​មាន​ឯករាជ្យ‍»។

នៅ​ក្នុង​សារ​ក្នុង​ទិវា​អតីត​យុទ្ធជន​នេះ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម Tweeter ថា «ចំពោះ​អតីត​យុទ្ធជន​និង​ក្រុមគ្រួសារ​ទាំងអស់ យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក។ មិន​មាន​អ្វី​ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ស្នាដៃ​ការងារ​និង​ការ​លះបង់​របស់​អ្នក​បាន​ទេ‍»។

នៅ​ក្នុង​សហរដ្ឋអាមេរិក ទិវា​អតីត​យុទ្ធជន​ កាល​ពី​ដើម​ឡើយ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ «ទិវា​សន្តិភាព‍» ដើម្បី​រំឭក​ដល់​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ ប៉ុន្តែ​សភា​អាមេរិក​បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​កាល​ពី​ឆ្នាំ​១៩២៦ ​ឲ្យ​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់​ឆ្នាំ។ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ជារៀងរាល់​ឆ្នាំ បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​របស់​អាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៣៨​មក៕