ស.រ.អា.​ដោះលែង​អ្នកទោស​អាហ្វហ្គានីស្ថាន​បួន​នាក់​​​ពី​គុក​ Guantanamo

រូបថត​ឯកសារ៖ លួស​បន្លា​នៅ​គុក​យោធា​ស.រ.អា.នៅ​ឆក​សមុទ្រ​ Guantanamo ប្រទេសគុយបា។

ព័ត៌មាន​ចុងក្រោយ៖ ស.រ.អា.បាន​បញ្ជូនអ្នកទោស​ជនជាតិ​អាហ្វហ្គានីស្ថានបួន​នាក់ដែលជាប់ឃុំឃាំងក្នុង​គុក​យោធា​ស.រ.អា.នៅ​ឆក​សមុទ្រ​ Guantanamo ប្រទេសគុយបា (Cuba) ​ទៅ​កាន់​ប្រទេសអាហ្វហា្គនីស្ថាន​ (Afghanistan) វិញ។

ក្រុមមន្ត្រី​ស.រ.អា.​បាន​និយាយ​ថា​បុរស​ទាំង​នោះ​បាន​ត្រូវ​ត្រួតពិនិត្យ​យូរមក​ហើយ​ថា​គ្មាន​គ្រោះ​ថ្នាក់​ទេ​មុន​ពេល​ត្រូវ​បាន​ដោះលែង​ ហើយ​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេសកំណើត​វិញ​ ដែលនេះជា​សញ្ញាមួយ​នៃ​ការ​ទុកចិត្ត​លើ​រដ្ឋាភិបាល​របស់​លោក​ Ashraf Ghani ប្រធានាធិបតី​ថ្មីនៃ​ប្រទេសអាហ្វហ្គានីស្ថាន។​

ស្ថានទូត​ស.រ.អា.នៅ​ក្នុង​ក្រុង​កាប៊ុល​ (Kabul) បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា​ខ្លួន​មាន «ការ​ទុកចិត្តពេញ​លេញ​លើ​សមត្ថភាពរបស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ក្នុងការ​កាត់​បន្ថយ​ការ​គំរាម​កំហែង​ទាំង​ទ្បាយ​ដែល​ ​ជន​ទាំង​នេះ​អាច​បង្កឡើង​ ហើយ​ក្នុង​ការ​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ជន​ទាំង​នោះ​ទទួលការ​ប្រព្រឹត្ត​ទៅ​លើ​ប្រកប​ដោយ​មនុស្សធម៌»។

ព័ត៌មាន​នៅ​មុន​នេះ៖ ទាហាន​ស.រ.អ.ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ឲ្យ​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​មិន​ហួស​ពី​ដំណាច់ឆ្នាំ​នេះ​។​

ស.រ.អ.បាន​ដោះលែង​អ្នកទោស​ទាំងអស់​២៣​នាក់​ចេញ​ពី​ពន្ធនាគារ​ Guantanamo នៅ​ឆ្នាំ​នេះដោយ​មាន​រួម​បញ្ចូល​បុរស៦​នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ុយរូហ្គាយ (Uruguay) នៅ​ខែ​នេះ​ដើម្បី​ទៅ​តាំង​លំនៅដ្ឋាន​ជា​ថ្មី​នៅ​ទី​នោះ​ជា​អ្នក​ភៀសខ្លួន។​

បុរស​ទាំង​៦​នាក់​នេះ​បាន​ជាប់​ឃុំ​ជា​ជន​ជាប់​សង្ស័យ​ថា ជា​ក្រុម​សកម្ម​ប្រយុទ្ធ​មាន​ការ​ទាក់ទងជា​មួយ​នឹង​ក្រុម​អាល់កៃដា ​(al-Qaida) ក៏​ប៉ុន្តែ​ពួក​គេមិន​បាន​ទទួល​ការចោទ​ប្រកាន់ទេ។

ចំនួន​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ Guantanamoដែល​មាន​២៤២នាក់​នៅ​ពេល​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ២០០៩ បាន​ចុះ​ថយ​ជា​លំដាប់​មក​នៅ​ត្រឹមតែ​១៣២​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​

ក្រុម​មន្ត្រីបាន​និយាយ​ថា​ពួក​គេ​រំពឹង​ថា​នឹង​មាន​ការផ្ទេរ​អ្នកទោស​ច្រើន​ជាង​មុន​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ៕