សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា មានការឆ្លងថ្មីនៃជំងឺកូវីដ១៩ ជាង ១ លានករណីនៅក្នុងរយៈពេល១០ ថ្ងៃដំបូងនៃខែវិច្ឆិកានេះ។
សហរដ្ឋអាមេរិកមានចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុប ជាង ១០ លានករណី ដែលជាចំនួនខ្ពស់ជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
បណ្តារដ្ឋភាគកណ្តាលសហរដ្ឋអាមេរិក បានរងការឆ្លងដ៏ខ្លាំងបំផុត ដោយមានអត្រាមនុស្សចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅក្នុងតំបន់ឡើងទៅដល់ចំនួនខ្ពស់បំផុតមួយមិនធ្លាប់មាន។ គម្រោងតាមដានជំងឺកូវីដ១៩ (COVID-19 Tracking Project) បានបញ្ជាក់ថា មនុស្សជាង ៥៩.០០០ នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ។
នៅក្នុងថ្ងៃជាមួយគ្នាដែលសហរដ្ឋអាមេរិកបានកត់ត្រាអំពីការឆ្លងដ៏ខ្លាំងបំផុតនេះ ក្រុមហ៊ុនឱសថ ២ របស់សហរដ្ឋអាមេរិក បានប្រកាសអំពីដំណើរវិវឌ្ឍនៃការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ក្រុមហ៊ុន Pfizer បានប្រកាសថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនមានប្រសិទ្ធភាព ៩០% នៅក្នុងការបង្ការជំងឺនេះ ក្នុងចំណោមអ្នកចូលរួមសាកល្បងចាក់វ៉ាក់សាំងនេះ ដែលមិនធ្លាប់ឆ្លងជំងឺកូវីដ១៩។
រីឯក្រុមហ៊ុនផលិតឱសថ Eli Lilly របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនជីវៈបច្ចេកវិទ្យា AbCellera របស់ប្រទេសកាណាដា បានប្រកាសអំពីឱសថអង់ទីគ័រថ្មី ដែលហៅថា Bamlanivimab។
ទីភ្នាក់ងារម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យប្រើឱសថអង់ទីគ័រថ្មីនេះលើអ្នកជំងឺអាយុចាប់ពី ១២ ឆ្នាំឡើងរូបណា ដែលមានហានិភ័យនៃការឈានដល់អាការៈធ្ងន់ធ្ងរនៃជំងឺកូវីដ១៩៕