សហរដ្ឋអាមេរិក​ទទួល​ស្គាល់​មេដឹកនាំ​ប្រឆាំង​វេណេហ្ស៊ុយអេឡា​ជា​ប្រធានាធិបតីបណ្តោះអាសន្ន

រូបឯកសារ៖ លោក Juan Guaido ជា​មេដឹកនាំបក្សប្រឆាំងនៅប្រទេស​វេណេហ្ស៊ុយអេឡា

បាតុកម្ម​កាល​ពី​ថ្ងៃពុធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចំ​ថ្ងៃ​តែមួយ​នៃ​ខួបទី៦១ឆ្នាំ​នៃ​រដ្ឋប្រហារ​ផ្តួលរំលំ​មេដឹកនាំ​ផ្តាច់ការ​យោធា Marcos Perez Jimenez កាល​ឆ្នាំ១៩៥៨។

សហរដ្ឋអាមេរិក​បាន​ប្រកាស​ទទួល​ស្គាល់​ជាផ្លូវការ​ លោក Juan Guaido ជា​មេដឹកនាំ​បណ្តោះអាសន្ន​របស់​ប្រទេសវេណេហ្ស៊ុយអេឡា​ បន្ទាប់​ពី​អ្នកនយោបាយ​ក្រុមប្រឆាំងរូប​នេះ​បាន​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​នៅ​អំឡុងពេល​មហាបាតុកម្ម​មួយថ្ងៃ​នៅក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា។

លោកប្រធានាធិបតី Donald Trump​ បាន​ថ្លែង​តាម​រយៈ​សេចក្តីថ្លែងការ​មួយ​ថា​ ថ្ងៃនេះ​ខ្ញុំ​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​លោក Juan Guaido​ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេណេហ្ស៊ុយអេឡា។

ប្រទេសវេណេហ្ស៊ុយអេឡា​កំពុង​ទប់ទល់​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃពុធ​ បន្ទាប់​ពី​បាតុកម្ម​កាល​ពី​យប់​ថ្ងៃអង្គារ​នៅ​តាម​សង្កាត់​ជាច្រើន​បាន​ក្លាយ​ជា​អំពើ​ហិង្សា។

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ ហាង​លក់​ទំនិញ​ជាច្រើន​នៅក្នុង​ទីក្រុងការ៉ាកាស​បាន​បិទទ្វារ ខណៈ​ប៉ូលិស​សម្រាប់​បង្ក្រាប​កុបកម្ម​បាន​យាមល្បាត​នៅអាគារ Plaza Venezuela ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង។

ក្រុមប្រឆាំង​កំពុង​តវ៉ា​ឲ្យ​លោកប្រធានាធិបតី Nicolas Maduro ចុះ​ចេញ​ពី​តំណែង។ លោកប្រធានាធិបតី Nicolas Maduro កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​ជុំវិញ​ពិភពលោក​បន្ទាប់​ពី​លោក​បាន​ជាប់ឆ្នោត​ម្តងទៀត​កាល​ពី​ឆ្នាំមុន​ ដែល​ជា​ការ​បោះឆ្នោត​មួយ​ត្រូវ​បាន​គេចាត់​ទុក​ថា​ជា​ការបោះឆ្នោត​ខុសច្បាប់។

បាតុកម្ម​កាល​ពី​ថ្ងៃពុធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចំ​ថ្ងៃ​តែមួយ​នៃ​ខួបទី៦១ឆ្នាំ​នៃ​រដ្ឋប្រហារ​ផ្តួលរំលំ​មេដឹកនាំ​ផ្តាច់ការ​យោធា Marcos Perez Jimenez កាល​ឆ្នាំ១៩៥៨។

ក្រុម​អ្នក​គាំទ្រលោក Maduro ជាមួយ​នឹង​គណបក្សសង្គមនិយម​ដែល​ជា​គណបក្ស​កាន់​អំណាច​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​នៅ​កណ្តាល​ទីក្រុង​ការ៉ាកាស​ផងដែរ។

បាតុកម្មប្រឆាំង​នឹង​រដ្ឋាភិបាល​នឹង​ក្លាយ​ជា​ការសាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​លោក Juan Guaido ដែល​ទើប​កាន់​តំណែង​ជា​មេដឹកនាំ​រដ្ឋសភា។ លោក Guaidoនិង​អ្នកគាំទ្រ​របស់​លោក​សង្ឃឹម​ថា​ នឹង​អាច​ទាក់ទាញ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​និង​ពួកទាហាន​ប្តូរ​មក​គាំទ្រ​ចលនា​ប្រឆាំង​របស់​ពួកគេ​វិញ។

ទោះជាយ៉ាងណា​ក៏ដោយ​ការផ្លាស់ប្តូរ​ណាមួយ​នៅក្នុង​រដ្ឋាភិបាល​គឺ​អាស្រ័យ​ទៅលើភក្តីភាព​របស់​កងកម្លាំង​ប្រដាប់អាវុធ​ដែល​បាន​គាំទ្រ​លោក Maduroតាមរយៈ​ការផ្ទុះ​ឡើង​បាតុកម្ម​តាមផ្លូវ​ពីរដង ​និង​ការបន្ត​រំលាយ​ស្ថាប័ន​ប្រជាធិបតេយ្យ​ជាដើម៕