ការសម្រេចរបស់តុលាការកម្ពុជាដែលបានផ្តន្ទាទោសដោយការឱ្យលោក កឹម សុខាស្ថិតតែនៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយជាស្ថាពររបស់មេដឹកនាំនយោបាយជំទាស់រូបនោះ រងការរិះគន់យ៉ាងចាស់ដៃពីប្រមុខការទូតសហរដ្ឋអាមេរិកនៅកម្ពុជា។
អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញរកឃើញថាមានទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលស្មើនឹងអំពើក្បត់ជាតិ។ ក្រោយការផ្តន្ទាទោសនោះ អ្នកនយោបាយជំទាស់ចាស់វស្សារូបនោះ ត្រូវបានកម្លាំងមានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅឯគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ដែលបានចូលរួមឃ្លាំមើលការប្រកាសសាលក្រមសំណុំលើរឿងលោក កឹម សុខា នៅថ្ងៃសុក្រនេះ បានប្រាប់អ្នកកាសែតថា ការផ្តន្ទាទោសនោះ ជាចេតនាបិទសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា។ លោកថ្លែងបន្ថែមថា មានភាពខ្វះចន្លោះទាក់ទិនភស្តុតាងនៅក្នុងដំណើរការកាត់ក្តីរបស់លោក កឹម សុខា ដែលប្រើពេលអស់ជាច្រើនឆ្នាំកន្លងមកនេះ។
លោកប្រាប់អ្នកកាសែតថា៖ «ដំណើរការក្តីដែលមានរយៈពេលច្រើនឆ្នាំ ដើម្បីបំបិទសំឡេងលោក កឹម សុខា ដោយផ្អែកលើការឃុបឃិតបែបប្រឌិត គឺជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌»។
លោកបន្ថែមថា៖ «ការមិនផ្តល់ឱ្យលោក កឹម សុខា និងឥស្សរជននយោបាយដទៃទៀតនូវសេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមនោះ ជាការបំផ្លាញរដ្ឋធម្មនុញ្ញ ការប្តេជ្ញាចិត្តជាអន្តរជាតិ និងដំណើរជឿនលឿនកន្លងមករបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងសង្គមមួយដែលមានពហុបក្ស និងការចូលរួមទាំងអស់គ្នា»។
ឯកអគ្គរដ្ឋទូតរូបនេះបានស្នើឱ្យអាជ្ញាធរអនុញ្ញាតឱ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសិទ្ធិមនុស្សជាសាកល ក្នុងការប្រមូលផ្តុំគ្នាដោយសន្តិភាព និងសេរីភាពនៃការបញ្ចេញមតិ ហើយអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ។
លោក កឹម សុខា ធ្លាប់ជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy នៅគេហដ្ឋានរបស់លោក មុនពេលលោកត្រូវបានកាត់ទោស។ ប៉ុន្តែសាលក្រមរបស់តុលាការ ក៏បានហាមឃាត់មិនឱ្យមានជំនួបរវាងលោក កឹម សុខា និងជនបរទេសផងដែរ លើកលែងតែមានការអនុញ្ញាតពីតុលាការ។
សំណុំរឿងលោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក តែក្រោយមកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា បទចោទប្រកាន់លើលោក កឹម សុខា នោះ គឺសំដៅតែលើលោក កឹម សុខា ប៉ុណ្ណោះ។
សហរដ្ឋអាមេរិកក៏ធ្លាប់បញ្ជាក់ថា ខ្លួនមិនមានការជាប់ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ទេ ហើយលោក កឹម សុខា ក៏បានប្រាប់តុលាការក្នុងសវនាការមុនៗថា លោកមិនបានពឹងបរទេសឱ្យមកឈ្លានពានប្រទេស ដើម្បីឡើងកាន់អំណាច ហើយក៏មិនមានផែនការធ្វើបដិវត្តន៍នោះដែរ។ មេដឹកនាំនយោបាយជំទាស់រូបនោះបានលើកឡើងក្នុងសវនាការនាពេលកន្លងមកថា ជម្រើសឈ្នះចាញ់ក្នុងនយោបាយកម្ពុជា គឺតាមការបោះឆ្នោត។
ព័ត៌មានទាក់ទង៖ តុលាការកាត់ទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ មិនឱ្យជួបជនបរទេស និងឱ្យស្នាក់នៅក្នុងផ្ទះរហូតលោក អាង ឧត្តម មេធាវីការពារក្តីរបស់លោក កឹម សុខា ប្រាប់ក្រុមអ្នកកាសែតថា ការសម្រេចរបស់តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ គឺមិនយុត្តិធម៌សម្រាប់កូនក្តី ដោយលើកហេតុផលកង្វះភស្តុតាងដាក់បន្ទុក។ លោកក៏បានបញ្ជាក់ថា នៅពេលប្រកាសសាលក្រមដែលមានកម្រាស់ជាង ១០០ ទំព័រនោះ ឈ្មោះប្រទេសដែលតុលាការថាពាក់ព័ន្ធនឹងក្តីក្តាំរបស់លោក កឹម សុខា នោះ ក៏មិនត្រូវបានបញ្ចេញ។
លោកថ្លែងថា៖ «អត់ត្រឹមត្រូវ អត់យុត្តិធម៌ អត់យោងទៅតាមនីតិវិធី អត់យោងទៅតាមច្បាប់ គោលការណ៍អីត្រឹមត្រូវគឺអានសង្ខេបៗ។ សាលក្រមមានជាង ១០០ ទំព័រ តែអានសង្ខេបៗទេ។ ហើយការសំខាន់បំផុត គឺមិនឱ្យឈ្មោះបរទេស រដ្ឋបរទេស ជនបរទេសដាច់ខាត។ អាហ្នឹងហើយអាថ៌កំបាំងលាក់ការសំខាន់។ អ្នកណាធ្វើបំពានអត់បាន»។
លោកថ្លែងបន្ថែមថា រឿងក្តីលោកកឹម សុខា តាំងពីដើមទីមក មានជាប់ហេតុផលនយោបាយ ដែលមានតែអ្នកនយោបាយទេអាចរកបានដំណោះស្រាយត្រឹមត្រូវសម្រាប់លោក កឹម សុខា។ ទោះយ៉ាងណាក្តី លោក អាង ឧត្តម ថានឹងពិភាក្សាជាមួយកូនក្តី ទាក់ទងនឹងការប្តឹងឧទ្ធរណ៍ ដែលអាចធ្វើបានក្នុងរយៈពេលមួយខែ បន្ទាប់ពីការប្រកាសសាលក្រម។
បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ៣ ខែមីនានេះ លោក កឹម សុខា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ក្នុងនោះ៖
- លោកមិនត្រូវចេញពីបរិវេណនៃលំនៅដ្ឋានលោកក្នុងសង្កាត់បឹកកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
- មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
សេចក្តីប្រកាសសង្កត់ធ្ងន់ថា៖ «ក្នុងករណីដែលមានការបំពាន...តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវស្នើសុំជាបន្ទាន់ទៅតុលាការមានសមត្ថកិច្ចឱ្យចេញនូវវិធានការឃុំខ្លួនជាបណ្តោះអាសន្នលើជនជាប់ចោទ»។
ទាក់ទិនការជំរុញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្តល់ការពន្យល់ថា សកម្មភាពនេះត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ប៉ុន្តែតុលាការបានរកឃើញថា ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងដោយមានការជួយជ្រោមជ្រែង ឃុបឃិតត្រូវរ៉ូវគ្នាក្នុងផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់កម្លាំងមហាជន ឬធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំ...គឺជាអំពើខុសច្បាប់។
ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ថ្លែងក្នុងសេចក្តីប្រកាសតាមបណ្តាញ Twitter ថា ការដោះស្រាយនិងលទ្ធផលនៃសំណុំរឿងលោក កឹម សុខា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនឹងអាចធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជា។
សេចក្តីប្រកាសបានសរសេរតាមន័យដើមថា៖ «ចក្រភពអង់គ្លេសនឹងបន្តគាំទ្រ និងការពារតម្លៃប្រជាធិបតេយ្យ និងបន្តការលើកកម្ពស់ឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ នៅពេលយើងពិចារណាពីផលប៉ះពាល់ គោលជំហររបស់យើងគឺស្ថិតនៅជាមួយគ្រួសារលោកកឹម សុខាក្នុងគ្រាដ៏លំបាកនេះ»។
ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា បានថ្លែងក្នុងសេចក្តីប្រកាសមួយ ក្រោយការប្រកាសសាលក្រមលើសំណុំរឿងលោកកឹម សុខាថា៖ «យើងមានការខកចិត្តជាខ្លាំងចំពោះការប្រកាសសាលក្រម កាត់ទោស លោក កឹម សុខា នៅថ្ងៃនេះ ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថាមានទោសពីបទក្បត់ជាតិ»។
សេចក្តីប្រកាសដដែលបន្ថែមថា៖ «អូស្ត្រាលីនឹងបន្តកិច្ចពិភាក្សារបស់យើងជាមួយកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យមានលំហនយោបាយសម្រាប់ការបោះឆ្នោតដែលមានការប្រកួតប្រជែងពិតប្រាកដ ព្រមទាំងគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
ដោយឡែកក្រុមអ្នកការពារសិទ្ធិមនុស្សដែលបានឃ្លាំមើលសវនាការលោក កឹម សុខា យល់ថា សំណុំរឿងលោក កឹម សុខា មានលក្ខណៈនយោបាយ ហើយការផ្តន្ទាទោសលើមេដឹកនាំនយោបាយជំទាស់រូបនេះ បង្កផលប៉ះពាល់ដល់ដំណើរការប្រព័ន្ធនយោបាយសេរីពហុបក្សនៅកម្ពុជា។
លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីថ្លែងក្នុងសេចក្តីប្រកាសមួយ ដែលវីអូអេទទួលបាននៅថ្ងៃសុក្រនេះថា៖ «ច្បាស់ណាស់តាំងពីដើមទីមក ការចោទប្រកាន់លើលោក កឹម សុខា គឺគ្មានអ្វីទេ ក្រៅតែឧបាយកលដែលជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យមេដឹកនាំនយោបាយជំទាស់សំខាន់រូបនេះនៅក្រៅឆាកនយោបាយ និងលុបបំបាត់ប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា»។
លោកបានលើកឡើងបន្ថែមថា៖ «ការបញ្ជូនលោក កឹម សុខា ទៅ ពន្ធនាគារ គឺមិនមែនគ្រាន់តែជាការបំផ្លាញគណបក្សនយោបាយគាត់ទេ ប៉ុន្តែក៏ជាការបំផ្លាញក្តីសង្ឃឹមដែលអាចមានការបោះឆ្នោតពិតប្រាកដមួយនៅខែកក្កដា»។
អំឡុងពេលនៃការប្រកាសសាលក្រមលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃសុក្រនេះ គេសង្កេតឃើញមានការដាក់កម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់នៅមុខតុលាការក្រុងភ្នំពេញ និងតាមច្រកផ្លូវក្បែរតំបន់ចូលមកកាន់អគារតុលាការរាជធានី។
ហើយនៅក្រៅរបងតុលាការ អ្នកគាំទ្រខ្លះរបស់លោក កឹម សុខា មិនមានសុទិដ្ឋិនិយមទេថាតុលាការនឹងផ្តល់យុត្តិធម៌ឱ្យលោក កឹម សុខា ដែលពួកគេជឿថា ជាអ្នកនយោបាយស្អាតសំ្អ និងជាអ្នកគិតពីប្រយោជន៍ប្រទេសជាតិ ជាជាងប្រយោជន៍បុគ្គល។ អ្នកគាំទ្រខ្លះទៀតថា តុលាការដែលពួកគេថា ស្ថិតក្រោមឥទ្ធិពលនយោបាយមិនអាចកាត់ក្តីលោក កឹម សុខា ឱ្យបានត្រឹមត្រូវនោះទេ។
អ្នកស្រី អេង សុខា អតីតសកម្មជនដីធ្លីនៅតំបន់បឹងកក់ ប្រាប់វីអូអេថា៖ «រឿងតុលាការផ្តល់យុត្តិធម៌ ខ្ញុំដូចមិនសូវជឿជាក់ លើតុលាការទេ ព្រោះថា តុលាការនៅប្រទេសកម្ពុជា យើងជាតុលាការតេឡេ ដែលមានការបញ្ជាពីថ្នាក់លើ មិនឯករាជ្យទេ ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាយើងនេះ»។
លោក ចាន់ សារ៉ង អាយុ ៧៣ ឆ្នាំ ថ្លែងថា លោក កឹម សុខា ជាអ្នកនយោបាយមានចិត្តស្មោះត្រង់ចំពោះជាតិ ដែលសមនឹងបានវិលត្រឡប់មកធ្វើនយោបាយឡើងវិញ។
លោកប្រាប់វីអូអេថា៖ «ព្រោះ មនុស្សគាត់ស្មោះត្រង់នឹងប្រជារាស្ត្រខ្លាំងណាស់ គួរទទួលស្គាល់ អាចទទួលយកបាន ស្មោះត្រង់ចឹងថា គាត់ធ្វើដើម្បីរាស្ត្រទាំងអស់ មិនមែនធ្វើដើម្បីបុគ្គលខ្លួនគាត់ទេ។គាត់ធ្វើជូនជាតិទាំងអស់»។
គួររំឭកថាលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០១៧ តាមការចោទពីបទក្បត់ជាតិ។ ក្រោយការចាប់ខ្លួនលោកត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេលជាងមួយឆ្នាំ។ បន្ទាប់មកលោកត្រូវបានដោះលែងតែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយមានដាក់កំហិតការធ្វើដំណើរមិនឱ្យទៅក្រៅប្រទេស និងមិនឱ្យធ្វើនយោបាយរហូតដល់ពេលប្រកាសសាលក្រមនៅថ្ងៃសុក្រនេះ។
ភ្លាមៗបន្ទាប់ពីការប្រកាសសាលក្រមលើសំណុំរឿងលោក កឹម សុខា មានការចេញញត្តិគាំទ្រឥតដាច់ពីសំណាក់បុគ្គលិកស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា អភិបាលខេត្ត រដ្ឋមន្ត្រី និងសមាជិកសភាមកពីគណបក្សកាន់អំណាច។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
បើតាមអង្គភាពព័ត៌មាន Fresh News អនុប្រធានតុលាការកំពូល លោក ជីវ កេង បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ «ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»៕
រាយការណ៍បន្ថែមដោយលោក លាស់ លីបលីប នៃវីអូអេ