មុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៅសេតវិមានចូលមកដល់នៅសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញនូវការចាត់ទុកការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាបញ្ហាអាទិភាពមួយនៃគោលនយោបាយការបរទេសរបស់ខ្លួន នៅពេលដែលខ្លួនសង្ឃឹមថានឹងដឹកមុខបដិវត្តន៍ថាមពលដែលមិនប៉ះពាល់បរិស្ថាន។
ប្រធានាធិបតីចិនលោក Xi Jinping ស្ថិតក្នុងចំណោមមេដឹកនាំនានានៅលើពិភពលោកចំនួន ៤០ រូប ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនេះ។ ការរៀបចំកំពុងធ្វើឡើងដើម្បីអញ្ជើញលោក Xi ឲ្យថ្លែងសុន្ទរកថាចម្បងនៅឯកិច្ចប្រជុំកំពូលនេះ។ នេះបើយោងតាមប្រភពការទូត។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតនៅពីក្រោយប្រទេសចិននៅក្នុងការអភិវឌ្ឍថាមពលដែលមិនប៉ះពាល់បរិស្ថាន។
លោក Blinken បាននិយាយនៅក្នុងសុន្ទរកថាមួយនៅឯអង្គការ Chesapeake Bay Foundationនៅក្នុងទីក្រុង Annapolis រដ្ឋ Maryland ថា៖ «នៅពេលនេះ យើងកំពុងស្ថិតនៅពីក្រោយប្រទេសចិន។ ចិនគឺជាប្រទេសផលិតនិងនាំចេញបន្ទះថាមពលព្រះអាទិត្យ កង្ហារថាមពលខ្យល់ អាគុយ និងរថយន្តអគ្គីសនីធំជាងគេបង្អស់នៅលើពិភពលោក។ ចិនកាន់កាប់ប្រកាសនីយប័ត្រតក្កកម្មថាមពលដែលមិនប៉ះពាល់បរិស្ថានចំនួនជិតមួយភាគបីនៅលើពិភពលោក»។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះបានបញ្ជាក់ថា៖ «វាជាការពិបាកនៅក្នុងការប្រមើលមើលថាសហរដ្ឋអាមេរិកឈ្នះការប្រជែងជាមួយចិនផ្នែកយុទ្ធសាស្ត្ររយៈពេលវែង ប្រសិនបើសហរដ្ឋអាមេរិកមិនអាចដឹកមុខបដិវត្តន៍ថាមពលដែលមិនប៉ះពាល់បរិស្ថាននោះ»៕