អ្នកវិភាគ៖ អាមេរិក​ខិតខំ​ជំរុញ​របៀបវារៈ​មិនឲ្យ​លម្អៀង​ទៅ​ចិន​ពេល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

បញ្ហាចាស់​និង​ការប្រឈម​ថ្មី​លើ​ផ្នែក​នយោបាយ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​ត្រូវ​ធ្លាក់​បន្ត​មកឲ្យ​កម្ពុជា​ដោះស្រាយ​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​នេះ​ត្រូវ​ដឹកនាំ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ជា​លើក​ទី៣​នៅ​ឆ្នាំ​២០២២​ខាង​មុខ។

ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ​មាន​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កាន់តែ​រីក​ធំឡើង​ជម្លោះ​នៅ​សមុទ្រ​ចិនខាងត្បូង​ការ​គោរព​សិទ្ធិមនុស្ស​និង​សន្តិសុខ​អ៊ីនធឺណិត។​ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​ការប្រទាញ​ប្រទង់​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ក៏​កំពុង​តែ​ក្លាយជា​ចំណោទ​ដ៏​ធំមួយ​សម្រាប់​តំបន់​នេះ​ផងដែរ។ នេះ​បើតាម​ការលើកឡើង​របស់​អ្នកជំនាញ។​

សហរដ្ឋ​អាមេរិក​មិន​បាន​លាក់បាំង​ចេតនា​ក្នុង​ការចង់​បាន​របៀប​វារៈ​មួយ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ដែល​មិន​ងាក​ទៅ​បម្រើ​ផលប្រយោជន៍​ចិន​ជ្រុល​ហួស​ហេតុ។ ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ​Wendy R. Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​កាលពី​ដើម​ខែមិថុនា។

លោក​ James Gomez ​ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​ (Asia Center) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​យល់​ថាដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​អ្នកស្រី ​Sherman ​គឺ​ដើម្បី​កំណត់​សញ្ញា​ឲ្យ​ច្បាស់​រវាង​កម្ពុជា​និង​ចិន។

លោក​ James Gomez​ បាន​ថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​កាលពី​ចុង​ខែ​មិថុនា​ថា៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​អាស៊ាន​គឺ​កម្ពុជា​កំពុងតែ​ក្លាយ​ជារដ្ឋ​ចំណុះ​របស់​ចិន​កាន់តែ​ខ្លាំង​ឡើង​ដូច្នេះ​ហើយ​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ប្លុក​អាស៊ាន​អាច​ត្រូវ​ធ្វើ​ឲ្យ​ខូចខាត​តាមរយៈ​កម្ពុជា​ហើយ​ខ្ញុំ​គិត​ថា​សារ​ច្បាស់​ណាស់នៅ​ពេល​ដែល​អ្នកស្រី​អនុរដ្ឋមន្ត្រី​Sherman​ទៅ​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា»។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជាអ្នកស្រី​Wendy R. Sherman ​បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពីចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការធ្វើការងារ​ជាមួយ​នឹង​កម្ពុជាក្នុង​នាម​ជា​ប្រធាន​អាស៊ាន​និង​ជួយ​ធានា​ថា​អាមេរិក​អាច​ដើរ​«តួនាទី​ស្ថាបនា»​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​និង​នយោបាយ​សំខាន់ៗ​ក្នុង​តំបន់។ បញ្ហា​ទាំងនោះ​លាតសន្ធឹង​តាំង​ពី​បញ្ហាកូរ៉េខាង​ជើង​សមុទ្រ​ចិន​ខាងត្បូង​រហូត​ដល់​តំបន់​មេគង្គ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

រូប​ឯកសារ៖​សកម្មភាព​ប្រទេស​ចិន​បូម​ខ្សាច់​នៅ​តំបន់កោះ​ផ្កាថ្ម​ Mischief Reef នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥។ (Reuters)

កម្ពុជា​អះអាង​ថាសំណួរ​ដែល​គ្រប់​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​តែងតែ​ចោទ​សួរ​ខ្លួន​ឯង​នៅ​រាល់​ពេល​ដឹកនាំ​បណ្តា​ប្រទេស​ក្នុង​ក្រុម​គឺ​ថា​តើ​អាស៊ាន​ត្រូវ​ឈរ​លើ​ភូមិសាស្ត្រ​នយោបាយ​ឬ​ត្រូវ​ឈរ​លើ​ជំហរ​របស់​ខ្លួន។

លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​ចុង​ខែមិថុនាថា​កម្ពុជា​នឹង​ខិតខំ​ជៀសវាង​ពី​កត្តា​ភូមិសាស្ត្រ​នយោបាយ៖ «យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​គោលការណ៍​របស់​អាស៊ាន​គឺ​ឈរ​នៅ​លើ​កុងសង់ស៊ីស​និង​ទីពីរ​មិន​ឲ្យ​ខាងក្រៅ​ណាមួយ​លូកដៃ​មកជួយ​ហើយ​យើង​ថែរក្សា​សន្តិភាព​ស្ថិរភាព​និង​ការអភិវឌ្ឍ។ ដូច្នេះ​ក្នុង​ន័យ​នេះ​គឺ​ការអភិវឌ្ឍ​ហើយ​ដែល​ជា​គោលដៅ​ខ្ពស់​របស់​អាស៊ាន​ពីព្រោះ​បើទោះជា​តំបន់​យើង​មិន​ទាន់​ឈាន​មុខ​ប្រកួត​ជាងគេ​អស្ចារ្យ​យ៉ាងណា​ក៏ដោយ​ក៏​ជា​តំបន់​ដែល​គេ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ចំណុច​នៃ​ការអភិវឌ្ឍ​នេះ​ឯង»។

អ្នកជំនាញ​ខ្លះ​មើលឃើញ​ថា​ក្នុង​ខណៈ​ពេល​ដែល​ប្រធាន​អាស៊ាន​មាន​សិទ្ធិ​កំណត់​របៀបវារៈ​និង​បញ្ហា​អាទិភាព​ដែល​ក្រុមប្រទេស​ក្នុង​តំបន់​ត្រូវ​ផ្តោត​ប៉ុន្តែ​ពួកគេ​ខិតខំ​ជៀសវាង​បញ្ហា​សន្តិសុខនយោបាយនិង​សិទ្ធិមនុស្ស​ដោយ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ចវប្បធម៌​និង​ការអភិវឌ្ឍ​ជា​ចម្បង។

លោក​ឈាង វណ្ណារិទ្ធប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​លើកឡើង​ថា៖ «និយាយ​ឲ្យ​ចំ​កម្ពុជា​មិន​ចង់​ទៅ​ប៉ះបញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ទេ​ពីព្រោះ​បញ្ហា​សន្តិសុខ​ជា​បញ្ហា​រសើប​ហើយ​ពិបាក​សាង​កុងសង់ស៊ីស។ ប៉ុន្តែ​ចង់​ឬ​មិន​ចង់​ប្រទេស​ជា​សមាជិក​អាស៊ាន​នឹង​លើក​ហើយ​ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង»។

សិទ្ធិ​មនុស្ស​នៅ​តែ​បញ្ហា​ចោទ​នៅ​ក្នុង​អាស៊ាន​បើ​ទោះ​បីជា​វា​មិនមែន​ជា​បញ្ហា​អាទិភាព​របស់​បណ្តា​សមាជិកទេ​ដោយសារតែ​ប្រវត្តិ​មិនល្អ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ដែល​ជាដៃ​គូសន្ទនា​មួយ​នឹង​នៅតែ​ជំរុញ​ជាពិសេស​ក្រោម​រដ្ឋបាល​លោក Joe Biden។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈាង វណ្ណារិទ្ធ។

បាតុករ​មីយ៉ាន់ម៉ា​ធ្វើ​ការ​តវ៉ាប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ក្នុង​ការ​ដើរ​ក្បួន​មួយ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។ (AP)

បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​ដោះស្រាយ​មិនទាន់​ចេញ​ចាប់តាំងពី​ក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​នៅ​ថ្ងៃទី១​ខែកុម្ភៈ។ សភាពការណ៍​បាន​ធ្លាក់​ដុនដាប​ដោយ​ឈាន​ទៅ​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​តំបន់​ខ្លះ។ ដូច្នេះ​នៅ​ឆ្នាំ​២០២២​មីយ៉ាន់ម៉ា​នៅតែ​បន្ត​ស្មុគស្មាញ។

អ្នកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស ​Wendy R. Sherman ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អាស៊ាន​ឲ្យ​ដាក់​គំនាប​លើ​របប​យោធា​ភូមា​ទទួល​ខុសត្រូវ​ចំពោះ​ការព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន​ដែល​ស្វែងរក​ការដោះស្រាយ​វិបត្តិ​ដោយ​អហិង្សា​ដោយ​មាន​ការចូលរួម​គ្រប់​ភាគី​ហើយ​សម្រប​សម្រួល​ដោយ​បេសកជន​របស់​ប្រធាន​អាស៊ាន​និង​ការផ្តល់​ជំនួយ​មនុស្សធម៌​ជាដើម។​

នេះ​ជាបញ្ហា​ដ៏​ធំ​មួយ​ទៀត​ដែល​កម្ពុជា​ក្នុង​នាម​ជាប្រធាន​អាស៊ាន​ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ។​ប្រទេស​ព្រុយណេ​ដែល​ជា​ប្រធាន​បច្ចុប្បន្ន​បាន​រង​ការរិះគន់​ថា​មិន​បាន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ​ទេ។ រហូត​មកដល់​ពេលនេះ​មិនមាន​ចំណុច​ណាមួយ​ដែល​ក្រុមយោធា​បាន​គោរព​តាម​ឡើយ។​

រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ពី​ការខិតខំ​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​សន្តិវិធី​គឺ​មិនគាំទ្រ​អំពើ​ហិង្សា​ទេ​ពោល​គឺ​ត្រូវ​ដោះស្រាយ​ជា​ផ្នែក​នយោបាយ​ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការលូកដៃ​ចូល​របស់​ភាគី​ទីបី​ឡើយ។ កម្ពុជា​មាន​ជំនឿ​លើ​ភាព​ចាស់​វស្សា​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទាំងលើ​ការដឹកនាំ​ប្រទេស​និង​បទពិសោធ​លើ​ការដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល។

លោកផៃ ស៊ីផាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ថ្លែង​ថា៖ «ដូច្នេះ​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​ការដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​គ្មាន​អ្នកណា​មួយ​បាត់បង់​ផល​ប្រយោជន៍​ក្នុង​នាម​ជា​ភាគី​ជម្លោះ​នៅ​ក្នុង​ភូមា»។

ប៉ុន្តែ​លោក​James Gomez យល់​ថា​កម្ពុជា​មិនមាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​មីយ៉ានម៉ា​ទេ​បើប្រៀបធៀប​នឹង​ប្រទេស​ថៃ​ដោយសារតែ​មិនមាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​និង​ជំនួញ​អ្វី​ធំដុំ។

លោក Gomez បាន​បន្ថែម​ថា៖​«ដូច្នេះ​ក្នុង​ន័យ​នេះ​ខ្ញុំគិត​ថា​កម្ពុជា​នឹង​ចំណាយពេល​ក្នុង​ឆ្នាំ​នេះ​គ្រាន់តែ​ជា​អ្នកកំដរ​អាសនៈ។ ខ្ញុំ​មិន​គិត​ថា​អ្នក​អាច​ពឹងពាក់​លើ​កម្ពុជា​ធ្វើ​កិច្ចការ​អ្វី​វិជ្ជមាន​ចំពោះ​មីយ៉ាន់ម៉ា​ទេ។ ខ្ញុំ​គិតថា​ការវិវត្ត​ណា​មួយ​ដោះស្រាយ​វិបត្តិ​នេះ​ដើម្បី​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​មក​កាន់​អំណាច​វិញ​គឺ​ត្រូវ​ស្វែងរក​ក្រៅពី​យន្តការ​អាស៊ាន»។

ចំណោទថ្មី​ស្រឡាង​មួយ​ទៀត​សម្រាប់​កម្ពុជា​គឺ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​បច្ចេកវិទ្យា​ព្រោះ​ជា​បញ្ហា​ដែល​ចិន​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ហើយ​វា​មិនបាន​ចេញ​រូបរាង​ធំដុំ​ទេ​កាលពី​១០​ឆ្នាំ​មុន។

កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ាន​ដែល​ទទួល​ប្រើ​បច្ចេកវិទ្យា​5G​របស់​ចិន​ខណៈ​ប្រទេស​សមាជិក​មួយ​ចំនួន​ទៀត​នៅ​ស្ទាក់ស្ទើរ​ដោយសារ​ការបារម្ភ​ពី​តាមដាន​មើល​និង​លួចយក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

លោក ឈាង វណ្ណារិទ្ធ ​យល់​ថា​ការប្រកួត​ប្រជែង​គ្នា​នេះនឹង​មាន​ផលប៉ះពាល់​ដល់​តំបន់៖​«អីចឹងទេ​ការប្រកួត​ប្រជែង​បច្ចេកវិទ្យា​ថ្មី​ជាពិសេស​ Cyberspace កាន់តែ​ស្មុគស្មាញ។ អីចឹង​ទេ​បញ្ហា​សន្តិសុខតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​ស្មុគស្មាញ​ដែរ​ពីពេល​នេះ​ដល់​ឆ្នាំ​បន្ត​បន្ទាប់»។

រូប​ឯកសារ៖ មន្ត្រីម្នាក់​សម្រួល​ទង់ជាតិប្រទេស​ចិន​នៅ​មុន​ការ​មក​ដល់​របស់នាយក​រដ្ឋមន្ត្រី​ចិន​លោក Wen Jiabao ដើម្បី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ (Reuters)

ស្រមោល​អតីតកាល​នៅតែ​តាម​លង​កម្ពុជា៖

បញ្ហា​ចុងក្រោយ​ដែល​នៅ​រ៉ាំរ៉ៃ​គឺ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូងដែល​មាន​ការទាមទារ​ជាន់គ្នា​រវាង​ប្រទេស​ចិន​និង​សមាជិក​ខ្លះ​របស់​អាស៊ាន​ដែលមាន​ដូចជា​វៀតណាម​ហ្វីលីពីន​ម៉ាឡេស៊ី​និង​ព្រុយណេ​ដោយសារ​ចិន​បានទាមទារ​យក​ស្ទើរតែ​ទាំងស្រុង។ វាបាន​ធ្វើឲ្យ​សមាគម​ថ្នាក់​តំបន់​នេះ​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួមជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៤៥​ឆ្នាំ​របស់​ខ្លួន​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​កាលពី​ឆ្នាំ​២០១២។ ការណ៍​នេះ​ដោយសារ​តែ​គេ​មើលឃើញ​ថា​កម្ពុជា​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​របស់​ចិន​បាន​រារាំង​មិន​ឲ្យ​បញ្ចូល​ខ្លឹមសារ​ធ្ងន់ៗ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ចូល​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

បើទោះបីជា​សហរដ្ឋ​អាមេរិក​មិនមែន​ជា​ភាគី​មួយ​ទាមទារក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​លើក​កម្ពស់​សេរីភាព​ចរាចរណ៍​នាវា​និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​ឆ្លងកាត់​តំបន់​នោះ។

លោក ​W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅ​ក្នុង​ខ្ទង់​មតិ​នៃ​គេហទំព័រ​របស់​ស្ថានទូត​កាលពី​ដើម​ខែ​ឧសភា​ថា៖​«ពេលនេះ​រឿង​នេះ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់​ដោយ​នៅ​ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លង​មក​នេះ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​បង្កើន​ការ​ចាក់ដី​ការ​សាងសង់ ​និង​ការ​ធ្វើ​យោធូបនីយកម្ម​នៅ​កន្លែង​មាន​ជម្លោះ​នៅក្នុង​តំបន់​នោះ»។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​នោះ​មិនមែន​ជា​បរាជ័យ​របស់​កម្ពុជា​ទេ​ដោយសារតែ​កម្ពុជាឈរ​លើគោលនយោបាយ​បង្កើន​ការទុកចិត្ត​គ្នា​និង​កិច្ច​សហប្រតិបត្តិការដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​មធ្យោបាយ​ការទូត។

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា​សូម្បី​មេដឹកនាំ​អាស៊ាន​បន្ត​ដែល​មាន​ដូចជា​ឡាវ​ក៏​នៅតែ​ប្រកាន់​ជំហរ​ដូច​កម្ពុជា​ដែរ​ហើយ​កម្ពុជា​នឹង​មិនផ្លាស់ប្តូរ​អ្វីទេ​នៅ​ពេល​នេះ៖ «ក្នុង​គំនិត​ហ្នុង​កម្ពុជា​នៅ​តែ​មាន​គំនិត​ដដែល​គឺ​រៀបចំ​ឲ្យ​មាន​វេទិកា​ក្នុង​ការជជែក​គ្នា​ហើយ​យើង​តែងតែ​អំពាវនាវ​ដល់​រាល់​ភាគី​ពាក់ព័ន្ធ​សូម​មេត្តា​កុំ​បង្កើត​ការប្រឈម​ដែល​មាន​ភាព​ហិង្សា​ពីព្រោះ​កាលណា​មាន​ភាព​ហិង្សា​នៅ​ឈូង​សមុទ្រ​ចិន​ខាងត្បូង​គឺ​វា​ប៉ះពាល់​មិន​ត្រឹម​តែ​ប្រទេស​ដែល​ពាក់ព័ន្ធ​នោះ​ទេ​គឺ​វា​ប៉ះពាល់​ដល់​តំបន់​ឬ​អន្តរជាតិ​ឬ​ពិភពលោក​ផងដែរ»។

ការ​ខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​អាស៊ាន​ដែល​កម្ពុជា​បាន​បង្ក​ឡើង​កាល​ពី​ជិត​មួយ​ទសវត្សរ៍​មុន​នៅតែ​មិន​ទាន់​ស្តារ​បាន​នៅឡើយទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ James Gomez​ នៃ​មជ្ឈមណ្ឌល​អាស៊ី។

លោក ​Gomez បាន​បន្ថែម​ថា៖ «ប្រសិន​បើ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ខូច​ការណ៍​ជាថ្មី​នៅ​ពេល​នេះ​ខ្ញុំ​គិតថា​ការខូចខាត​នឹង​កាន់តែ​ធំ​ឡើង»។

រយៈពេល​១០​ឆ្នាំ​នេះ​កម្ពុជា​បាន​ងាក​មកជិតស្និទ្ធ​នឹង​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ដោយ​បាន​ដំឡើង​ចំណង​ទាក់ទង​រហូតដល់​កម្រិត​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​និង​បាន​ទទួល​ជំនួយ​ចិន​ជាច្រើន។ កាល​ពី​ដើមខែ​កក្កដា​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​សរសើរ​ជំនួយចិន​មក​កម្ពុជា​ថា​មិន​ត្រឹម​តែ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​អាច​ធានា​បាន​នូវ​«ឯករាជ្យភាព​ខាង​នយោបាយ»​របស់​កម្ពុជា​ទៀត​ផង​ដោយសារ​វា​មិន​មាន​ចំណងភ្ជាប់​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។

លោក​ ឈាង វណ្ណារិទ្ធ​ ស្នើ​ឲ្យ​កម្ពុជា​ផ្តោត​សំខាន់​លើ​ការបន្ត​ឯកភាព​របស់​អាស៊ាន​ដើម្បី​ជៀសវាង​ជាន់ដាន​ប្រវត្តិសាស្ត្រ​ដែល​មាន​សមាជិក​អាស៊ាន​ត្រូវ​បែក​ទៅតាម​ការទាក់ទាញ​របស់​មហាអំណាច​ធំៗ។

លោកវណ្ណារិទ្ធ​បាន​បន្ថែម​ថា៖ «វា​ពិបាក​ណាស់​ប្រទេស​តូច​ដូច​ខ្មែរ​មិន​អាច​មាន​ឥទ្ធិពល​ណាមួយ​ដល់ប្រទេស​ធំ​ទេ។ វា​យ៉ាប់។ អីចឹង​ទេ​ត្រូវ​មាន​ការទូត​ឆ្លាត​មួយ​ដើម្បី​ឲ្យ​ទូក​អាស៊ាន​អាច​ឆ្លង​កាត់​ព្យុះ​សមុទ្រ​អាមេរិក​ចិន​បាន»។

រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​លោក Pham Binh Minh ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​«ដៃគូ​រវាង​តំបន់​ទន្លេ​មេគង្គ​និង​សហរដ្ឋ​អាមេរិក» (Mekong-US Partnership) លើក​ទី​១​តាម​អនឡាញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០។

ដៃគូល្អ​ប្រសើរ​និង​ឱកាស​ថ្មី៖​

យ៉ាងណា​ក៏ដោយ​មាន​កិច្ចការ​ខ្លះ​ដែល​អ្នកវិភាគ​មើលឃើញ​ថា​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ​ក្នុង​នោះ​មាន​«កិច្ចផ្តួចផ្តើម​មេគង្គ​ក្រោម» ​(Lower Mekong Iniative) ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដំឡើង​ជា​«ដៃគូ​រវាង​តំបន់​ទន្លេ​មេគង្គ​និង​សហរដ្ឋ​អាមេរិក» (Mekong-US Partnership)។ ប្រទេស​ក្នុង​តំបន់​មេគង្គ​ក្រោម​មាន​កម្ពុជា មីយ៉ានម៉ា ថៃ ឡាវ ​និង​វៀតណាម។ អ្នកស្រី​អនុរដ្ឋ​មន្ត្រី​ Sherman​ ក៏​បាន​កោតសរសើរ​ដល់​ការងារ​របស់​កម្ពុជា​ក្នុង​នាម​ជា​សហប្រធានដៃគូ​តំបន់​ទន្លេ​មេគង្គ​និង​សហរដ្ឋ​អាមេរិក​ផងដែរ។

កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការប្រែក្លាយ​មក​ជាដៃគូ​យុទ្ធសាស្ត្រ​នេះដែល​បាន​ធ្វើ​ឲ្យរដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ហាក់​ដូចជា​ទន់​ភ្លន់​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ផងដែរ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ចុងក្រោយ​នេះ។ នេះបើតាម​ការវាយតម្លៃ​របស់​លោក​ ឈាង វណ្ណារិទ្ធ។

លោកវណ្ណារិទ្ធ​បាន​បន្ថែម​ថា៖ «អីចឹង​បញ្ហា​មេគង្គ​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ណាស់​ដើម្បី​ជំរុញ​ទំនាក់​ទំនង ​US [អាមេរិក] មេគង្គ។​ ឆ្នាំ​ទៅ​ឥឡូវ​សម្រេច​ហើយ​និង​ជំរុញ​បន្ថែម​ទៀត។ នៅពេល​ធ្វើ​ខួប​លើក​ទី១០​នៃ​គំនិត​ផ្តួចផ្តើម​មេគង្គក្រោម​ឃើញ​តែ​កម្ពុជា​ទេ​ដែល​ធ្វើ​អឹកអធិក​ជាងគេ​ជាមួយ​នឹង​អាមេរិក​ដោយ​មាន​លោក​នាយករដ្ឋ​មន្ត្រី​ទៅ​ថ្លែង​សុន្ទរកថា។ នេះ​ជា​បាល់​មួយ​ដែល​កម្ពុជា​បាន​បោះ​ទៅ​ជួយ​អាមេរិក​បាន​មួយ​ហើយ»។

រីឯ​លោក ​James Gomez វិញ​មើល​ឃើញ​ថា​បើ​ទោះបី​ជា​ទំនាក់ទំនង​អាមេរិក​និង​កម្ពុជា​ហាក់​សោះអង្គើយ​ក្នុង​រយៈពេល​ជាង​៤ឆ្នាំ​មកនេះ​ជាពិសេស​នៅ​ពេល​ដែល​កម្ពុជា​ផ្អាក​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នៅ​ដើម​ឆ្នាំ​២០១៧​ប៉ុន្តែ​ឆ្នាំ​២០២២​គឺ​ជាឆ្នាំ​ដែល​សហរដ្ឋ​អាមេរិក​អាច​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា​ដើម្បី​នៅ​រក្សា​ឥទ្ធិពល​បាន។ ក្នុងចំណោម​នេះ​មាន​ការផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ជំនួយ​ដល់​ការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២​និង​ការបោះឆ្នោត​ជាតិ​នៅឆ្នាំ​២០២៣​និង​ការជួយ​ដល់​សង្គម​ស៊ីវិល​និង​អ្នកសារព័ត៌មាន​ជាដើម។

លោក James Gomez បាន​បន្ថែម​ថា៖ «នេះ​ជា​ឆ្នាំ​សំខាន់​បំផុត​មួយ​ពីព្រោះ​ប្រសិន​បើ​អាមេរិក​មិន​មាន​ឥទ្ធិពល​ខ្លះ​លើ​កម្ពុជា​ក្នុង​ពេល​នេះ​ទេ​នោះ​កម្ពុជា​នឹង​ក្លាយ​ជា​រថភ្លើង​របស់​ចិន​ដែល​ចាកចេញ​ពី​ស្ថានីយ៍​ហើយ​អាច​ធ្វើ​ឲ្យ​ខូចខាត​ជាច្រើន​ដល់​ក្រុម​ប្រទេស​ក្នុង​តំបន់​ហើយ​ប្រហែល​ជា​អាច​ប៉ះពាល់​ដល់​ឯករាជ្យភាព​និង​អព្យាក្រឹតភាព​របស់​ប្រទេស​ក្នុង​តំបន់​ផងដែរ​ពាក់ព័ន្ធ​ចិន​និង​អាមេរិក»៕