សហរដ្ឋ​អាមេរិក​ប្រុងប្រៀប​ទប់​ការរាលដាល​ដ៏​ធំ​មួយ​បង្ក​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា

លោក John Kirby អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​នៅ ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

ស្រប​ពេល​ដែល​ពិភពលោក​រង់ចាំ​មើល​ថា​តើ​ ហើយនឹង​នៅពេល​ណា​ដែល​អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នោះ ​មន្ត្រី​សហរដ្ឋ​អាមេរិកព្រមាន​ថា ​អ្នក​គាំទ្រ​ដ៏​សំខាន់​មួយ​របស់​ក្រុម​ហាម៉ាស់​កំពុង​ស្វះស្វែង​រក​បើក​រណៈសិរ្ស​ថ្មី​មួយ​នៅ​ក្នុង​សង្គ្រាម​នេះ ​ហើយ​កំពុង​ជំរុញ​ឱ្យ​ពួក​រណប​របស់​ខ្លួន​ចាប់ផ្តើម​បាញ់​គ្រាប់​រ៉ុក្កែត ​និងដ្រូន​ដាក់​កងទ័ព​សហរដ្ឋ​អាមេរិកក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

លោក John Kirby​ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា៖ «យើង​ដឹង​ថា​ អ៊ីរ៉ង់ក្នុង​ករណី​ខ្លះកំពុង​សម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​និង​យ៉ាង​សកម្មទៅ​នឹង​ការវាយ​ប្រហារ​ទាំង​នោះ​ ហើយ​នឹង​កំពុង​ជំរុញ​លើក​ទឹកចិត្ត​ភាគី​ផ្សេង​ទៀត​ដែល​អាច​ចង់​កេង​អត្ថប្រយោជន៍ពីជម្លោះ​នេះ»។

អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Kirby និយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យ​ការគំរាម​កំហែង​ទាំង​នេះ​គ្មាន​ការប្រឆាំង​នោះ​ទេ។ ក៏ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ពួក​កងជីវពល​ផ្សេងៗនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ទំនង​ប្រុងប្រៀប​ពង្រីក«សង្គ្រាម​នោះ​ឱ្យ​ធំ»ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​រួចហើយ​នូវ​យន្តហោះ​ចម្បាំង​បន្ថែម​ទៀត ហើយ​នឹង​ក្រុម​នាវា​ពិឃាត​ទៅកាន់​តំបន់​នោះ ដោយ​កង​នាវា​ចម្បាំង​ទី២កំពុង​ធ្វើ​ដំណើរ​រួម​ជាមួយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​បន្ថែម​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ឧត្តម​សេនីយ៍​ត្រី Patrick Ryder បាន​បន្ថែម​ថា​ អ៊ីរ៉ង់​មិន​គួរ​សង្ស័យ​ពី​ការដោះស្រាយ​របស់​សហរដ្ឋ​អាមេរិក​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «គ្មាន​ប្រទេស​ណា​មួយ​ចង់ឃើញ​ជម្លោះ​ក្នុង​តំបន់​រីក​កាន់តែ​ធំ​ឡើង​នោះ​ទេ ក៏ប៉ុន្តែ យើង​នឹង​មិន​ស្ទាក់ស្ទើរ​ដើម្បី​ការពារ​កងទ័ព​របស់​យើង​ទេ»៕

ប្រែសម្រួល​ដោយលោក ជឹង ប៉ូជីន