សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន កំពុងរៀបចំដាក់ចេញនូវផែនការក្នុង«គ្រាអាសន្នមួយចំនួន» ដោយបារម្ភពីរដ្ឋាភិបាលក្រុងមូស្គូ អាចនឹងធ្វើការគំរាមកំហែងណាមួយដោយកម្លាំងយោធាជៀសជាងការពិភាក្សាគ្នាដ៏ស្វិតស្វាញនោះ។
មន្ត្រីសហរដ្ឋអាមេរិកជាច្រើននាក់បានបញ្ជាក់ពីក្តីបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃអង្គារអំពីអ្វីដែលពួកគេបានពណ៌នាថា ជា«សកម្មភាពយោធាមិនប្រក្រតី»របស់រុស្សីនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ុយក្រែនក៏ដូចជាវោហាសាស្ត្រខ្លាំងៗរបស់រដ្ឋាភិបាលក្រុងមូស្គូ ដោយសហរដ្ឋអាមេរិកនៅតែបញ្ជាក់ថា មិនថានឹងមានអ្វីកើតឡើងនោះទេ ការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះរដ្ឋាភិបាលអ៊ុយក្រែននៅតែ«រឹងមាំ» ជានិច្ច។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកម្នាក់ បានប្រាប់វីអូអេក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «យើងបានបង្ហាញថា សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការប្រើប្រាស់នូវវិធានការមួយចំនួនដើម្បីដោះស្រាយជាមួយនឹងសកម្មភាពប្រកបដោយគ្រោះថ្នាក់ណាមួយដែលធ្វើឡើងដោយរុស្សី ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់នូវវិធានការនោះនិងវិធានការដទៃទៀតក្នុងពេលខាងមុខនោះទេ»។
មន្ត្រីអាមេរិកដដែលនោះបានបន្តទៀតថា៖ យើងអំពាវនាវដល់រដ្ឋាភិបាលក្រុងមូស្គូឲ្យបន្ធូបន្ថយនូវភាពតានតឹងនេះ។ ជំហានដំបូងដ៏សំខាន់គឺស្តារឡើងវិញនូវបទឈប់បាញ់គ្នាទៅដល់ចំណុចមួយដែលមានអំពើហិង្សាទាបបំផុតដូចដែលបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកNed Priceបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រសួងការបរទេសអាមេរិកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងពិគ្រោះយោបល់អំពីបញ្ហានេះជាមួយដៃគូអឺរ៉ុបរបស់ខ្លួននិងប្រទេសអ៊ុយក្រែន។
លោកបន្តទៀតថា «យើងកំពុងចែករំលែកព័ត៌មាននិងការស៊ើបការណ៍សម្ងាត់ឲ្យគ្នាទៅវិញទៅមក» ហើយការពិភាក្សាគ្នាមានលក្ខណៈស៊ីជម្រៅ។ យើងកំពុងត្រៀមរៀបចំនូវផែនការក្នុងគ្រាមានអាសន្នមួយចំនួន»។
ការថ្លែងបញ្ជាក់របស់មន្ត្រីសេតវិមាននិងក្រសួងការបរទេសអាមេរិក កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយឧត្តមសេនីយយោធាជាន់ខ្ពស់អាមេរិកនិងជាប្រធានសេនាធិការយោធាលោក Mark Milley បានជួបពិភាក្សាជាមួយសមភាគីរុស្សីរបស់លោកតាមទូរស័ព្ទរួចមក។
ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ឧត្តមសេនីយយោធាជាន់ខ្ពស់ទាំងពីររូប បានពិភាក្សាគ្នាលើបញ្ហាមួយចំនួនទាង់ទងនឹងវិស័យសន្តិសុខ»។ សេចក្តីថ្លែង ការណ៍នោះបន្ថែមទៀតថា ការហៅទូរស័ព្ទនោះ «គឺជាការបន្តនូវទំនាក់ទំនងគ្នារវាងមេដឹកនាំកងទ័ពទាំងពីរ ដើម្បីធានាកាត់បន្ថយនូវហានិភ័យនិងការមិនបង្កជម្លោះ»។
ព័ត៌មានស៊ើបការណ៍របស់អ៊ុយក្រែន បានប៉ាន់ប្រមាណថា រុស្សីបានដាក់កងទ័ពរបស់ខ្លួនប្រមាណ៩ម៉ឺននាក់នូវតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ុយក្រែន៕