អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិកលោក Louis Dejoy បានអះអាងនៅមុខសមាជិករដ្ឋសភាកាលពីច័ន្ទម្សិលមិញថា កិច្ចប្រឹងប្រែងរបស់លោកក្នុងការធ្វើកំណែទម្រង់លើប្រៃសណីយ៍ជាតិរបស់សហរដ្ឋអាមេរិកនឹងមិនប៉ះពាល់ដល់ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ដែលត្រូវគេរំពឹងថានឹងកើនឡើងខ្លាំងសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះទេ។
លោក DeJoy បានប្រាប់គណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការត្រួតពិនិត្យ និងកំណែទម្រង់ថា៖ «កាតព្វកិច្ចនេះជាអាទិភាពចម្បងបំផុតរបស់ខ្ញុំ។ ដើម្បីឲ្យច្បាស់ ចាប់ពីឥឡូវដល់ពេលបោះឆ្នោត យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីចាត់ចែង និងបញ្ជូនសន្លឹកឆ្នោតក្នុងលក្ខខណ្ឌស្របទៅនឹងដំណើរការ និងនីតិវិធីដែលយើងបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក»។
ជាច្រើនឆ្នាំមកហើយ ប្រៃសណីយ៍ជាតិរបស់សហរដ្ឋអាមេរិក ប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូល និងការធ្លាក់ចុះនៃចំនួនសំបុត្រផ្ញើ ដោយសារការកើនឡើងនៃទំនាក់ទំនងតាមអ៊ីនធើណិត។
លោក DeJoy បានច្រានចោលការរិះគន់កាលពីពេលថ្មីៗនេះចំពោះវិធានការមួយចំនួនដើម្បីបន្ថយការចំណាយរបស់ប្រៃសណីយ៍ជាតិ។ វិធានការទាំងនោះមានដូចជាការដកចេញទីតាំងដំណើរការសំបុត្រ និងដកចេញនូវប្រអប់សំបុត្រតាមទីសាធារណៈមួយចំនួនជាដើម៕