ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋអាមេរិក​អនុម័ត​ថវិកា​គ្រា​បន្ទាន់​ចំនួន ២៥ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រៃសណីយ៍​ជាតិ


ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​អ្នកស្រី Nancy Pelosi ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មុន​ការ​បោះឆ្នោត​មួយ​ដើម្បី​ការពារ​ប្រព័ន្ធ​ប្រៃសណីយ៍​សហរដ្ឋអាមេរិក​នៅ​វិមាន​រដ្ឋសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី ២២ ខែសីហា ឆ្នាំ​២០២០។

រដ្ឋសភា​សហរដ្ឋអាមេរិក​បាន​អនុម័ត​លើ​សំណើ​ច្បាប់​គ្រា​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ផ្ដល់​ថវិកា​ចំនួន ២៥ ពាន់​លាន​ដុល្លារ​ដល់​ប្រៃសណីយ៍​ជាតិ​សហរដ្ឋអាមេរិក ខណៈ​ដែល​សហរដ្ឋអាមេរិក​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ការ​បោះឆ្នោត​នៅ​រដ្ឋសភា​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២៥៧ និង​សំឡេង​ប្រឆាំង​ចំនួន ១៥០ នេះ​នឹង​អនុញ្ញាត​ឲ្យ​ផ្អាក​ការ​កែប្រែ​ប្រតិបត្តិការ​នានា​នៅ​ប្រៃសណីយ៍​ជាតិ​សហរដ្ឋអាមេរិក ដែល​កន្លង​មក បាន​ធ្វើ​ឲ្យ​ដំណើរការ​ចែកចាយ​កញ្ចប់​សំបុត្រ​នៅ​ទូទាំង​ប្រទេស​មាន​ភាព​យឺតយ៉ាវ។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជាង ២០ នាក់​បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​នេះ។ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា លោក​នឹង​ប្រើ​សិទ្ធិ​វេតូ​ជំទាស់​ទៅ​នឹង​ច្បាប់​នេះ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋទៀត​នោះ។

អគ្គនាយក​ប្រៃសណីយ៍​ជាតិ​លោក Louis DeJoy បាន​ធ្វើ​ការ​កែប្រែ​មួយ​ចំនួន​នៅ​ប្រៃសណីយ៍​ជាតិ ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​នេះ​កាល​ពី​ខែ​មិថុនា​មក។ លោក DeJoy គឺ​ជា​អ្នក​រៃ​អង្គាស​ប្រាក់​សម្រាប់​គណបក្ស​សាធារណរដ្ឋ និង​បាន​បរិច្ចាគ​ប្រាក់​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី Trump។

លោក DeJoy ថ្លែង​ថា វិធានការ​មួយ​ចំនួន ដែល​រួម​មាន​ទាំង​ការ​ដក​ចេញ​នូវ​ម៉ាស៊ីន​ដំណើរការ​រហ័ស​សម្រាប់​ការ​បែងចែក​កញ្ចប់​សំបុត្រ​ទៅ​តាម​ប្រភេទ ការ​ដកចេញ​នូវ​ប្រអប់​ប្រៃសណីយ៍​នៅ​តាម​ទី​សាធារណៈ និង​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ថែម​ម៉ោង​សម្រាប់​បុគ្គលិក ត្រូវ​បាន​អនុវត្ត ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នៅ​ទីភ្នាក់ងារ​នេះ ដែល​បាន​ប្រឈម​នឹង​ការ​ខាត​បង់​ប្រាក់​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លោក DeJoy បាន​ថ្លែង​ប្រាប់​សមាជិក​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​សវនាការ​មួយ​ថា លោក​ផ្ដល់​អាទិភាព​ដល់​ការ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​ដើម្បី​ដឹក​ជញ្ជូន​ឲ្យ​ដល់​គោលដៅ។ លោក​ថា វា​គឺ​ជា «កាតព្វកិច្ច​អាទិភាព» របស់​លោក​ក្នុង​ការ​ធានា​ដូច្នេះ។

ក៏​ប៉ុន្តែ លោក​ថ្លែង​ថា ប្រអប់​ប្រៃសណីយ៍​ពណ៌​ខៀវ​ដែល​ដាក់​នៅ​តាម​ទី​សាធារណៈ និង​ម៉ាស៊ីន​សម្រាប់​បែងចែក​កញ្ចប់​សំបុត្រ​ទៅ​តាម​ប្រភេទ​ដែល​ត្រូវ​បាន​ដកចេញ​រួច​ហើយ​នោះ គឺ «មិន​ត្រូវការ» នោះ​ទេ [សម្រាប់​ការ​សម្រេច​ឲ្យ​បាន​គោលដៅ​នេះ]។

នៅ​មុន​ពេល​បោះឆ្នោត​នៅ​រដ្ឋសភា ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ថា ការ​ប្ដេជ្ញា​របស់​លោក DeJoy នៅ​ក្នុង​ការ​លុបចោល​វិញ​នូវ​វិធានការ​មួយ​ចំនួន​របស់​លោក នៅ​តែ​ជា​មន្ទិលសង្ស័យ​នៅ​ឡើយ។

គេ​មិន​រំពឹង​ថា ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​អនុម័ត​លើ​សំណើ​ច្បាប់​នេះ​ទេ។ អ្នកស្រី Pelosi លើក​ឡើង​ថា សំណើ​ច្បាប់​នេះ​នឹង​មិន​ផ្ដល់​អត្ថប្រយោជន៍​ផ្នែក​នយោបាយ​ដល់​គណបក្ស​សាធារណរដ្ឋ​នោះ​ឡើយ។

លោក Trump បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​គ្មាន​ភស្តុតាង​ថា ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នឹង​ត្រូវ​បាន​គេ​លួច​បន្លំ ដោយសារ​តែ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍។ លោក​បាន​អះអាង​ថា ប្រទេស​រុស្ស៊ី និង​ចិន​អាច​ក្លែង​បន្លំ​សន្លឹកឆ្នោត​របស់​សហរដ្ឋអាមេរិក​បាន។

លោក​ប្រធានាធិបតី​ក៏​បាន​លើកឡើង​ថា លោក​មិន​ចង់​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​រយៈពេល​«រាប់​សប្ដាហ៍ រាប់​ខែ ឬ​រហូត​ដល់​រាប់​ឆ្នាំ» ដោយសារ​តែ​បញ្ហា​នានា ដែល​លោក​ទស្សន៍ទាយ​ថា​នឹង​កើតឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​នោះ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG