កម្មករនិងប្រតិបត្តិករនៅកំពង់ផែសហរដ្ឋអាមេរិកបានសម្រេចកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយលើកិច្ចសន្យាការងារថ្មី ដែលដោះស្រាយជម្លោះមួយដែលបានរំខានដល់ការដឹកជញ្ជូនទំនិញនៅតាមកំពង់ផែចំនួន២៩នៅតំបន់ឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យយឺតយ៉ាវដល់ការធ្វើពាណិជ្ជកម្មជាមួយនឹងទ្វីបអាស៊ី។
កិច្ចព្រមព្រៀងនោះសម្រេចបានកាលពី យប់ថ្ងៃសុក្រហើយបានអំពាវនាវឲ្យដំណើរការនៅកំពង់ផែទាំងអស់ឡើងវិញដោយចាប់ផ្តើមពីយប់ថ្ងៃសៅរ៍នេះ។ ភាគីទាំងពីរនៅត្រូវចរចាដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍រួម លោកជេម ម៉ាក់ខេនណា ប្រធានសមាគមឆ្នេរសមុទ្រប៉ាស៊ីហ្វិកនិងលោកបប ម៉ាក់អេលរ៉ាត់ ប្រធានសហជីពឃ្លាំងស្តុកទំនិញនិងការងារតាមបណ្តោយឆ្នេរអន្តរជាតិបានបញ្ជាក់ថា ពួកគេមានការសប្បាយចិត្តដែលសម្រេចបានកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដែលល្អសម្រាប់កម្មករកំពង់ផែនិងឧស្សាហកម្មដឹកជញ្ជូន។
លោកថូម៉ាស់ ប៉េរ៉េស រដ្ឋមន្ត្រីក្រសួងការងារជាអ្នកដឹកនាំការចរចារយៈពេលបួនថ្ងៃនៅក្នុងសប្តាហ៍នេះ រវាងភាគីទាំងពីរដែលរៀបចំឡើងនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីសស្កូ នៃរដ្ឋកាលីហ្វញ៉ា។
ជម្លោះការងារនេះបានចាប់ផ្តើមកាលពីខែកក្កដា នៅពេលដែលកិច្ចសន្យាមុនបានផុតពេលកំណត់ ហើយបានធ្វើឲ្យគាំងដំណើរការរបស់កំពង់ផែនៅតាមឆ្នេរភាគខាងលិចអស់ជាច្រើនខែ និងបង្កការរាំងស្ទះដល់ពាណិជ្ជកម្មជាច្រើនរវាងសហរដ្ឋអាមេរិកនិងទ្វីបអាស៊ី។
កំពង់ផែទាំងនោះទទួលរ៉ាប់រងពាណិជ្ជកម្មជាងមួយភាគបួននៃពាណិជ្ជកម្មទាំងអស់តាមសមុទ្រជាមួយនឹងសហរដ្ឋអាមេរិក និងជាង៧០ភាគរយនៃការនាំចូលនានាពីទ្វីបអាស៊ីមកសហរដ្ឋអាមេរិក៕