សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ីបានឈានចូលដល់ឆ្នាំទី ២ ហើយ ដោយសហរដ្ឋអាមេរិកកំពុងតែបង្កើនសម្ពាធទ្វេដងទៅលើរដ្ឋាភិបាលវិមានក្រឹមឡាំង ដោយមានផែនការដាក់ទណ្ឌកម្មខ្លាំងបន្ថែមទៀតដល់រុស្ស៊ី ដោយសំដៅទៅលើធនាគារនិងឧស្សហកម្មអាវុធរបស់ប្រទេសនេះ។ នេះបើតាមការពណ៌នារបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប។
មួយថ្ងៃមុនសហរដ្ឋអាមេរិកមានគម្រោងប្រកាសការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតដល់រុស្ស៊ី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថា មានការចង់បានជាខ្លាំងក្នុងចំណោមក្រុមប្រទេសសមាជិក G-២០ ដើម្បីឱ្យរុស្ស៊ីបញ្ចប់អំពើឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
ការដាក់ទណ្ឌកម្មរបស់អាមេរិកមួយចំនួន ក៏នឹងសំដៅលើបុគ្គល ដែលទទួលខុសត្រូវក្នុងការស្លាប់នៃមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexey Navalny ផងដែរ។
រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Victoria Nuland នៅក្នុងកម្មវិធីមួយកាលពីថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌលសិក្សាអន្តរជាតិនិងសន្តិសុខ (CSIS) បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មខ្លាំងជាថ្មី ដល់បុគ្គលជាច្រើនរយនាក់ក្នុងប្រទេសរុស្ស៊ីក្នុងពេលពីរបីថ្ងៃខាងមុខនេះ។
ទន្ទឹមនឹងនេះដែរ មន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃសុក្រនេះថា ដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារលើតំបន់ពាណិជ្ជកម្មនៃកំពង់ផែ Odesa ក្នុងសមុទ្រខ្មៅកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យមានអគ្គិភ័យនិងមានមនុស្សយ៉ាងតិចណាស់ក៏ ៣ នាក់ដែរបានស្លាប់។
យោធាអ៊ុយក្រែននិយាយថា រុស្ស៊ីបានប្រើដ្រូនចំនួន ៣១ គ្រឿងកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន២៣គ្រឿង។ កងកម្លាំងអ៊ុយក្រែននៅភាគខាងត្បូងប្រទេសនិយាយថា គេបានស្ទាក់បាញ់ដ្រូនរុស្ស៊ីចំនួន៩គ្រឿង តែដ្រូនមួយគ្រឿង បានធ្លាក់ចំតំបន់មួយនៅជិតកំពង់ផែ ដែលបង្កឱ្យមានអគ្គិភ័យមួយកើតឡើង។
អភិបាលតំបន់ Dnipropetrovsk លោក Sergiy Lysak និយាយលើបណ្តាញតេឡេក្រាមថា ដ្រូនរុស្ស៊ីមួយគ្រឿងបានធ្លាក់ត្រូវអគារលំនៅដ្ឋានមួយកន្លែង ដោយធ្វើឱ្យរបួសមនុស្ស ៨ នាក់។ លោកបន្តទៀតថា ក្រុមអ្នកជួយសង្គ្រោះកំពុងរុករកក្នុងគំនរថ្មបាក់បែកក្រែងមានអ្នកកប់នៅខាងក្រោមនោះ។
រុស្ស៊ីបានចូលឈ្លានពានក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ហើយខណៈដែលខួបពីរឆ្នាំនៃការចូលឈ្លានពាននេះចូលមកដល់ ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង ៧ ឬ G-7 នឹងជួបប្រជុំគ្នាមួយតាមអនឡាញនៅថ្ងៃសៅរ៍ស្អែកនេះ ដើម្បីពិភាក្សាលើការគាំទ្រដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត៕