គណៈកម្មការមួយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត៍ បានផ្តល់ការគាំទ្រឲ្យប្រើគ្រាអាសន្ននូវវ៉ាក់សាំងកូវីដ១៩ ទី២។
គណៈកម្មការទីប្រឹក្សាជំនាញឯករាជ្យរបស់ទីភ្នាក់ងារត្រួតពិនិត្យម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិក បានបោះឆ្នោត បន្ទាប់ពីការពិភាក្សាអស់រយៈពេល៧ម៉ោងដើម្បីផ្តល់អនុសាសន៍ពីការប្រើវ៉ាក់សាំងដែលត្រូវបានធ្វើដោយក្រុមហ៊ុនផលិតឱសថ Moderna របស់សហរដ្ឋអាមេរិក មួយសប្តាហ៍បន្ទាប់ពីនិយ័តករសហព័ន្ធបានអនុញ្ញាតិឲ្យប្រើវ៉ាក់សាំងទី១សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។
លោកវេជ្ជបណ្ឌិត Hayley Gans នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Stanford បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ភស្តុតាងដែលត្រូវបានសិក្សាយ៉ាងលម្អិតអំពីវ៉ាក់សាំងនេះ មានច្រើនជាងបញ្ហាដែលយើងបានឃើញ»។
លោក Steven Hahn ស្នងការនៃទីភ្នាក់ងារត្រួតពិនិត្យម្ហូបអាហារនិងឱសថ បាននិយាយកាលពីយប់ថ្ងៃព្រហស្សតិ៍ថា ទីភ្នាក់ងារនេះ នឹងអនុញ្ញាតិឲ្យប្រើវ៉ាក់សាំងនេះយ៉ាងឆាប់រហ័សប្រហែលអាចនៅថ្ងៃសុក្រនេះ។
ព័ត៌មាននេះ កើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិក បានកត់ត្រាចំនួនមនុស្សស្លាប់ជិត៣សែន ១ម៉ឺននាក់ដោយសារវីរុសនេះ។ នេះបើតាមទិន្ន័យរបស់សាកលវិទ្យាល័យ Johns Hopkins ។ មានការឆ្លងជាង១៧លានករណីនៃជំងឺកូវី ដ១៩ នៅក្នុងសហរដ្ឋអាមេរិក។
បន្ទាប់ពីទទួលការយល់ព្រមឲ្យប្រើប្រាស់ ក្រុមហ៊ុន Moderna នឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងជិត៦លានដូស ដោយមានគម្រោងចាក់ឲ្យបុគ្គលិកសុខាភិបាលនិងអ្នកធ្វើការនៅកន្លែងថែទាំមនុស្សចាស់មុនគេ៕